ភ្នំពេញ៖ ការបង្ហោះតាមបណ្ដាញសង្គមហ្វេសប៊ុក បំភ្លៃខុសពីការពិត ដែលធ្វើឲ្យប្រជាពលរដ្ឋ និងមជ្ឈដ្ឋានទូទៅមានការយល់ច្រឡំជាពិសេសធ្វើឲ្យប៉ះពាល់ធ្ងន់ធ្ងរដល់កិត្តិយសរបស់សមត្ថកិច្ច ដែលបានខិតខំបំពេញភារកិច្ច ក្នុងការអនុវត្តរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោកនោះ មិនអាចគេចផុតពីសំណាញ់ច្បាប់បានឡើយ ។
ជាក់ស្តែងកាលពីថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២០នេះ សមត្ថកិច្ចការិយាល័យប្រឆាំង បទល្មើសបច្ចេកវិទ្យា ផែនសន្តិសុខ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បាននាំខ្លួនបុរសម្នាក់ឈ្មោះ រស់ ដារ៉ា ដែលប្រើប្រាស់គណនី Facebook ឈ្មោះ Alex Piano បន្ទាប់ពីបានយកព័ត៌មានចាស់តាំងពីឆ្នាំ២០១៨ ដែលគាត់បានបើកបរល្មើសស្លាកសញ្ញាចរាចរណ៍ យកមកបង្ហោះឡើងវិញ បំភ្លៃខុសពីការពិត ដែលធ្វើឲ្យប្រជាពលរដ្ឋ និងមជ្ឈដ្ឋានទូទៅមានការយល់ច្រឡំ ក្នុងការអនុវត្តរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក។
ក្រោយសមត្ថកិច្ចនគរបាលរាជធានីភ្នំពេញ ឃាត់ខ្លួនបុរសម្នាក់នេះ យកមកធ្វើការសួរនាំ ហើយគាត់ក៏បានធ្វើការទទួលកំហុស និងថតវីដេអូសុំទោសជាសាធារណៈដល់ប្រជាពលរដ្ឋ ជាពិសេសសុំទោស ដល់សមត្ថកិច្ចនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ។
បច្ចុប្បន្នសមត្ថកិច្ចក៏បានធ្វើការណែនាំ អប់រំ និងធ្វើកិច្ចសន្យាដោយផ្តិតមេដៃ មិនឲ្យប្រព្រឹត្តិបែបនេះទៀតឡើយ រួចបានអនុញ្ញាតឲ្យត្រឡប់ទៅផ្ទះវិញ៕ដោយ៖ស តារា