អ្នកឧកញ៉ា ព្រឹទ្ធមហាឧបាសិកាធម្មញ្ញាណវិវឌ្ឍនា ប៊ុន ស៊ាងលី ទទួលមរណភាព ដោយជរាពាធ ក្នុងជន្មាយុ៩៦ឆ្នាំ

ចែករំលែក៖

ភ្នំពេញ៖ អ្នកឧកញ៉ា ព្រឹទ្ធមហាឧបាសិកាធម្មញ្ញាណវិវឌ្ឍនា ប៊ុន ស៊ាងលី ដែលត្រូវជាមាតាបង្កើតរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និងជាម្តាយក្មេករបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានទទួលមរណភាព នាវេលាម៉ោង ២និង១២នាទីរំលងអធ្រាត្រឈានចូលថ្ងៃចន្ទ ១៣កើត ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស.​២៥៦៣ ត្រូវនឹងថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២០ ដោយជរាពាធ ក្នុងជន្មាយុ៩៦ឆ្នាំ។
សពរបស់អ្នកឧកញ៉ា ព្រឹទ្ធមហាឧបាសិកាធម្មញ្ញាណវិវឌ្ឍនា ប៊ុន ស៊ាងលី តម្កល់ធ្វើបុណ្យតាមប្រពៃណី និងព្រះពុទ្ធសាសនានៅភូមិគ្រឹះសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត លេខ៤១ ផ្លូវសម្តេចសុរាម្រិត សង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

គេនៅចាំបានថា កាលពីថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៩កន្លងមកនេះ ព្រះករុណា សម្តេច ព្រះបាទ សម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា បានចេញព្រះរាជក្រឹត្យ ប្រោសព្រះរាជទានគោរមងារ ជូនមហាឧបាសិកា ប៊ុន ស៊ាងលី ជា «អ្នកឧកញ៉ា ព្រឹទ្ធមហាឧបាសិកាធម្មញ្ញាណវិវឌ្ឍនា ប៊ុន ស៊ាងលី»។

សូមបញ្ជាក់ថាអ្នកឧកញ៉ា ព្រឹទ្ធមហាឧបាសិកាធម្មញ្ញាណវិវឌ្ឍនា ប៊ុន ស៊ាងលី កើតនៅថ្ងៃចន្ទ ១២កើត ខែពិសាខ ឆ្នាំឆ្លូវ ព.ស. ២៤៦៨ ត្រូវនឹងថ្ងៃទី៤ ខែឧសភា ឆ្នាំ១៩២៥ នៅក្នុងគ្រួសារកសិករ នៅភូមិកោះបីពៃ ឃុំកោះពីរ ស្រុកក្រូចឆ្មារ ខេត្តកំពង់ចាម។
ក្នុងមួយជន្មាយុរបស់អ្នកឧកញ៉ា ព្រឹទ្ធមហាឧបាសិកាធម្មញ្ញាណវិវឌ្ឍនា ប៊ុន ស៊ាងលី មាតាបង្កើតសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានបូជា នូវកម្លាំងកាយពល និងបញ្ញាញាណ ក្នុងការចិញ្ចឹមបីបាច់បុត្រធីតារបស់មហាឧបាសិកា ចាប់តាំងពីប្រសូត្រពីផ្ទៃរហូតធំដឹងក្តី មាន កេរ្តិ៍ឈ្មោះបោះសំឡេងក្នុងសង្គម និងក្លាយជាគ្រួសារដែលប្រជាពលរដ្ឋកម្ពុជាទូទៅគោរពស្រឡាញ់ និងជាគ្រួសារមួយដែលតែងតែមានព្រហ្មវិហាធម៌ សណ្តោសប្រោសប្រណី ដល់មនុស្សផងទាំងពួង តាមរយៈកាយវិកាយ និងកិច្ចការមនុស្សធម៌ធ្វើបុណ្យចែកទាន និងកសាងនូវសមិទ្ធផលសង្គមជាច្រើន រាប់មិនអស់ ចាប់តាំងពីទីក្រុងរហូតដល់ទី ជនបទឆ្ងាយដាច់ស្រយាល ដោយមិនប្រកាន់នូវវណ្ណះ ពណ៌សម្បុរ និងនិន្នាការអ្វីទាំងអស់៕
ដោយ÷ប្រាថ្នា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print