ប្រទេសឥណ្ឌា៖ សារព័ត៌មានរ៉យទ័រនៅថ្ងៃទី៤ខែឧសភា បានផ្សាយថា៖ ពលរដ្ឋប្រមាណ៥០០នាក់បានតម្រង់ជួរគ្នា រងចាំទិញស្រានៅហាងលក់ស្រាមួយកន្លែងនៅភាគខាងកើតទីក្រុងញ៉ូវដេលីប្រទេសឥណ្ឌា ពេលរដ្ឋធានីនេះបានលុបច្បាប់បម្រាមគោចរ ។
នៅរដ្ឋធានីញូវដេលី បានចាប់ផ្តើម លុបច្បាប់រិតត្បិត នៅតំបន់មួយចំនួនដែលមិនមានអ្នកឆ្លងកូវីដ១៩ ក្រោយរយៈពេល ៤០ថ្ងៃបិទទ្វារហាមពលរដ្ឋធ្វើដំណើរដើម្បី ទប់ស្កាត់ការឆ្លងរាលដាលកូវីដ១៩។
នៅវេលាម៉ោង៩និង៣០នាទី ថ្ងៃទី ៤ខែឧសភា មានបុរសៗប្រមាណ៥០០នាក់ នាំគ្នាទៅទិញស្រា នៅហាង Kalyan Puri ភាគខាងកើតញូវដេលី។
ដោយសារតែមានមនុស្សច្រើន ទៅទិញស្រា រដ្ឋាភិបាលទីក្រុងញូវដេលីបានបញ្ជូនកម្លាំងសន្តិសុខ ទៅទប់ស្កាត់ នឹងបំបែកក្រុមមនុស្សដែលទៅទិញស្រាយ៉ាងច្រើនកុះករនោះ។
សារព័ត៌មានរ៉យទ័របានដកស្រង់សំដីមន្ត្រីទីក្រុងញូវដេលី បានបញ្ជាក់ថា៖ រដ្ឋាភិបាលមានបំណងចង់ឲ្យហាងលក់ទំនិញផ្សេងៗ បើកទ្វារ រកស៊ី។ ប៉ុន្តែចំពោះស្ថានភាពប្រមូលផ្តុំគ្នា ក៏បង្ខំឲ្យប៉ូលិសត្រូវតែចូលរួម ទប់ស្កាត់ បញ្ចៀសការឆ្លងកូវីដ១៩។
លោក Arvind Kejriwal អភិបាលក្រុងញូវដេលីបានប្រកាសឲ្យដឹងថា៖ នៅទីក្រុងដែលមានពលរដ្ឋ២០លាននាក់នេះ បានរក្សាច្បាប់បម្រាមគោចរនៅ៩៧តំបន់ប៉ុណ្ណោះដែលមានអ្នកឆ្លង ក្រៅពីនេះ ក៏បានផ្តល់សិទ្ធិសេរីភាពវិញ៕
ដោយ៖ ធី រីណា