ភ្នំពេញ៖ ថ្មីៗនេះពិធីករ សាយ រតនៈ បានបញ្ចេញសារខ្លីអប់រំជ្រៅទាក់ទិនទៅនឹងជំងឺប្រចាំកាយដោយសារខ្វះការថែទាំ និងទ្វេសប្រហែសរហូតត្រូវដេកលើគ្រែចូលសង្គ្រោះបន្ទាន់ទើបកាន់តែភ្លឺភ្នែកភ្ញាក់ខ្លួន។
តារាសម្តែង និងពិធីករ សាយ រតនៈ បានធ្វើឲ្យអ្នកគាំទ្រភ្ញាក់ផ្អើល និងខ្លោចចិត្តអាណិតស្រណោះពាក្យសម្តីប៉ុន្មានឃ្លាមុនពេលត្រូវបានវេជ្ជបណ្ឌិតរុញគ្រែចូលសម្រាកសង្គ្រោះបន្ទាន់ក្នុងមន្ទីរពេទ្យឯកជនមួយ ដោយសារតែជំងឺរលាកក្រពះរាំរ៉ៃ។ តារារូបនេះលើកឡើងថា”មនុស្សទូទៅតែងយល់និងនិយាយថាសុខភាពសំខាន់ជាងអ្វីៗទាំងអស់ ប៉ុន្តែមានមនុស្សចំនួនក្នុងនោះគឺមានខ្ញុំម្នាក់ដែរដែលបានធ្វេសប្រហែសអំពីវា ទាល់តែគេងនៅលើគ្រែពេទ្យទើបភ្លឺភ្នែក” ។ លោកបន្តថាអ្វីដែលគិតមុនគេគឺពាក្យសម្តីនិងការណែនាំរបស់ឪពុកម្តាយ មនុស្សជាទីស្រលាញ់ អារម្មណ៍ភ័យខ្លាច ខ្លាចពាក្យថាជ្រុលពេល ស្តាយក្រោយមិនគួរណាបណ្តោយដល់ថ្នាក់ហ្នឹង..។ល។លោកបន្តថាពេលខ្លះឲតម្លៃលើការសប្បាយជួបជុំ មិត្តភក្តិនេះ មិត្តភក្តិនោះ អ្នកនេះ អ្នកនោះ សំខាន់ជាងឲតម្លៃលើសុខភាពខ្លួនឯង ទាំងនេះសុទ្ធតែជាការគិតខុស។
ក្នុងន័យនេះជាការដាស់តឿនក្រើនរំលឹកអំពីការស្រលាញ់ថែទាំងសុខភាពឲ្យទាន់ពេលវេលាព្រោះសុខភាពជាដុំពេជ្រ ហើយគួរកាត់បន្ថយ ឬបញ្ចប់ការជួបជុំទទួលទានអាហារ ឬគ្រឿងស្រវឹងដែលអាចនាំឲ្យជះឥទ្ធិពលដល់សុខភាពរាងកាយ ខាតបង់ទាំងការងារ ថវិការ និងធ្វើឲ្យមនុស្សជាទីស្រលាញ់មានកង្វល់ក្នុងចិត្ត និងសោកស្តាយដែលមិនអាចវិលត្រឡប់ក្រោយវិញបាន។
គួរបញ្ជាក់ដែរថា ការជួបជុំ និងទទួលគ្រឿងស្រវឹងជោគជាំបានក្លាយជាជម្រើសរបស់មនុស្សមួយចំនួននាងសង្គមបច្ចុប្បន្ន ។ ការសេបគ្រឿងស្រវឹងជ្រុលហួសហេតុនឹងបណ្តាលឲ្យខាតបង់ទាំងពេលវេលា ការងារ ភាពជិតស្និទ្ធក្នុងក្រុមគ្រួសារ បង្កើនចំនួននៃគ្រោះថ្នាក់ចរាចរណ៍ និងក្លាយជាបន្ទុកបន្ថែមថ្មីសម្រាប់សង្គម និងគ្រួសារ៕
ដោយ វឌ្ឍនា