លោក គឹម សន្ដិភាព មន្ត្រីអនុវត្តន៍​ច្បាប់នឹងទទួល​ខុសត្រូវ​ចំពោះមុខច្បាប់ បើធ្វើសកម្មភាពបំពានច្បាប់

ចែករំលែក៖

ភ្នំពេញ៖ បន្ទាប់ពីមហាជនមួយចំនួន បានរិះគន់មន្ដ្រីនគរបាលចរាចរណ៍ នៅពេលអនុវត្តន៍ច្បាប់ តែងតែបំពានសិទ្ធិប្រជាពលរដ្ឋ ហើយពេលខ្លះក៏ ធ្វើលើសពីអ្វីដែលច្បាប់អនុញ្ញាតផងនោះ លោក គឹម សន្ដិភាព រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងយុត្ដិធម៌ បានបញ្ជាក់ថាមន្ត្រីអនុវត្តន៍ច្បាប់នឹងទទួលខុសត្រូវចំពោះមុខច្បាប់នូវសកម្មភាពបំពានច្បាប់ក្នុងពេលបំពេញមុខងាររបស់ខ្លួន

យោងតាមប្រភពព័ត៍មានលើបណ្ដាញសង្គមហ្វេសប៊ុកផ្ទាល់ខ្លួន របស់លោក គឹម សន្ដិភាព បានសរសេរកាលពីថ្ងៃទី០៤ ខែឧសភាឆ្នាំ២០២០ថាមន្ត្រីអនុវត្តន៍ច្បាប់នឹងទទួលខុសត្រូវចំពោះមុខច្បាប់ផងដែរនូវសកម្មភាពបំពានច្បាប់ក្នុងពេលបំពេញមុខងាររបស់ខ្លួន យោងតាមមាត្រា៧៤ នៃច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក

អ្នកនាំពាក្យរូបនេះ បានបញ្ជាក់ថា យោងតាមមាត្រា៧៤ បានលើកឡើងថា មន្ដ្រីនគរបាលចរាចរណ៍ផ្លូវគោកណា ដែលនៅក្នុងក្រប ខ័ណ្ឌមុខងារ ឬក្នុងឱកាសបំពេញមុខងាររបស់ខ្លួន ដែលបានដកហូតយកប័ណ្ណបើកបរ ផ្លាកលេខ ប័ណ្ណសម្គាល់យានជំនិះ ឬឃាត់ទុកយានជំនិះដោយបំពានច្បាប់ ត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារពី០៦ថ្ងៃទៅ១ខែ និងពិន័យជាប្រាក់ពី១០០,០០០រៀល ទៅ៨០០,០០០រៀល។ ក្នុងករណីដែលមន្ដ្រីនគរបាលចរាចរណ៍ផ្លូវគោក ធ្វើឱ្យមានការខូចខាត ឬបាត់បង់ផ្នែកណាមួយនៃយានជំនិះដែលបានឃាត់ទុក អង្គភាពសាមីត្រូវទទួលខុសត្រូវក្នុង ការសងការខូចខាត ឬបាត់បង់នោះ។

គួររម្លឹកថា ការរឹតបន្ដឹងច្បាប់ចរាចរណ៍ផ្លូវគោក ដោយបង្កើនប្រាក់ពិន័យតាមអនុក្រឹត្យ លេខ៣៩ ដែលសមត្ថកិច្ចទូទាំងប្រទេស ចាប់ផ្ដើមអនុវត្តន៍ ចាប់ពីថ្ងៃទី០១ ខែឧសភា ឆ្នាំ ២០២០នេះតទៅ ក្នុងគោលបំណងកាត់បន្ថយគ្រោះចរាចរណ៍ ជាពិសេស ឱ្យប្រជាពលរដ្ឋចូលរួមគោរពច្បាប់ចរាចរណ៍ផងដែរ។

ជាមួយគ្នានេះ កាលពីពេលកន្លងមកសម្ដេចក្រឡាហោម ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានថ្លែងថាសមត្ថកិច្ចនឹងមិនឃាត់ដំណើរបងប្អូនជនរួមជាតិ ដែលធ្វើដំណើរប្រកប ដោយការគោរពច្បាប់ ដើម្បីសួរនាំរកឯកសារនោះទេ។ បងប្អូនអ្នកត្រឹមត្រូវ គឺអាចធ្វើដំណើរ បានដោយរលូន លើកលែងតែបានធ្វើដំណើរដោយបំពានច្បាប់ ត្រង់ចំណុចណាមួយ ដូចជា មិនពាក់មួកសុវត្ថិភាព ឬបំពានភ្លើងសញ្ញា ជាដើម ទើបសមត្ថកិច្ចឃាត់មិនឱ្យធ្វើដំណើរ ហើយចាប់ផ្ដើមសួរនាំរកឯកសារ

សម្ដេចក្រឡាហោមបានគូសបញ្ជាក់ថា វិធានការរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោកនេះ គឺដាក់ចេញ ដើម្បីឆ្លើយតប នឹងភាពអាសន្ន នៃគ្រោះថ្នាក់ចរាចរណ៍ដែលមានកំណើនយ៉ាងគំហុក កាលពីឆ្នាំកន្លងទៅ បានបណ្ដាលឱ្យមាន អ្នកស្លាប់ របួស ពិការ បង្កឱ្យមានកុមារកំព្រា និងការវិនាសព្រាត់ប្រាស់ ក្នុងគ្រួសារ ទាំងនៅក្នុងស្ថានភាពដែលប្រទេសជាតិ បានចាកផុតពីភ្លើងសង្គ្រាម ហើយមានសន្តិភាព និងការអភិវឌ្ឍទៅហើយនោះ៕ ដោយ៖ស តារា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print