ទឹកប្រាក់ជាង​៨​ពាន់​លាន​ដុល្លារ ​ដើម្បី​ប្រយុទ្ធប្រឆាំង COVID-19 ត្រូវបានសហភាពអឺរ៉ុប ​ដឹកមុខ​រៃអង្គាស​

ចែករំលែក៖

អន្តរជាតិ៖ ​ដើម្បី​ចូលរួមប្រយុទ្ធប្រឆាំង​នឹងទប់ស្កាត់​ជំងឺឆ្លង COVID-19 មេដឹកនាំ​ប្រទេស​ធំៗ តារា​ល្បីៗជួរមុខ​របស់​ពិភពលោក​, និង​សប្បុរសជន​នានា បាន​សន្យា​ផ្ដល់​លុយ​សរុប​ចំនួន​៧,៤​ពាន់​លាន​អឺរ៉ូ ដែល​ស្មើនឹង​៨,១​ពាន់​លាន​ដុល្លារ ។ ទឹកប្រាក់​ដែល​ត្រូវបាន​រៃអង្គាស​ក្នុង​សន្និសីទ​សារព័ត៌មាន​ថ្ងៃទី​៤ ខែឧសភា ដែល​ដឹកមុខ​ដោយ​សហភាព​អឺរ៉ុប នឹងត្រូវ​ប្រើ​ដើម្បី​ការស្រាវជ្រាវ​រក​វ៉ាក់សាំង ការព្យាបាល និង​ការធ្វើ​តេស្ត​។ ប៉ុន្តែ​អាមេរិក មិនមាន​វត្តមាន​ក្នុងជំនួប​អន​ឡាញ​នេះ​ទេ​។​នេះ​បើតាម​ការផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន AFP ។​

ទឹកប្រាក់​ដែល​រៃអង្គាស​បាន​ចំនួន​៧,៤​ពាន់​លាន​អឺរ៉ូ គឺ​តិចជាង​គោលដៅ​បន្តិច ដែល​គ្រោង​នឹង​ប្រមូល​ឲ្យ​បាន​ចំនួន​៧,៥​ពាន់​លាន​អឺរ៉ូ​។ ជា​សរុប​ប្រទេស​ប្រមាណ​៤០ អង្គការសហប្រជាជាតិ វិទ្យាស្ថាន​ស្រាវជ្រាវ និង​មូលនិធិ​សប្បុរសធម៌​នានា​តួយ៉ាង​មូលនិធិ Bill and Melinda Gate បានប្រកាស​ផ្ដល់​លុយ បន្ថែម​ពីលើ​បុគ្គល​ល្បីឈ្មោះ​។​

ប្រទេស​មហាអំណាច​ធំៗ បូករួម​នឹង​ជប៉ុន និង​កាណាដា​ជាដើម សុទ្ធតែជា​ប្រទេស​បាន​សន្យា​បញ្ចេញ​លុយ​ច្រើនជាងគេ​ដើម្បី​ដោះស្រាយ​វិបត្តិ​សុខាភិបាល​សកល​មួយ​នេះ​។ អ្នក​មាននៅ​អាមេរិក​ជាច្រើន រួមទាំង​តារា​ល្បីឈ្មោះ​ដូចជា​តារាង​ចម្រៀង​ម៉ា​ដូ​ណា ក៏​ប្រកាស​ផ្ដល់​លុយ​ផងដែរ​។

យ៉ាងណាមិញ ទំហំ​ទឹកប្រាក់​នេះ ក៏​នៅ​មិនទាន់​គ្រប់គ្រាន់​ឡើយ​។ អគ្គលេខាធិការ​អង្គការសហប្រជាជាតិ អាន់​តូ​នី​ញ៉ូ ហ្គូ​តេ​រ៉េ​ស អះអាងថាទឹកប្រាក់​ដែល​ត្រូវមាន​ច្រើន ដែល​អាច​ឡើងដល់​ជិត​៣៨​ពាន់​លាន​ដុល្លារ​ឯណោះ​ក្នុងការ​អនុវត្ត​ការងារ​ស្រាវជ្រាវ​រក​វ៉ាក់សាំង​ប្រឆាំងCOVID-19 ។ បើតាម​លោក ហ្គូ​តេ​រ៉េ​ស គេ​ត្រូវការ​លុយ​ច្រើនជាង​ការ​រៃអង្គាស​នេះ​៥​ដង​ឯណោះ​។​

​ប្រធាន​គណៈកម្មការ​អឺរ៉ុប អ្នកស្រី អឺ​ស៊ុ​ឡា វ៉ុ​ន ដឺ លៃ​អេ​ន ដែល​ដឹកនាំ​ជំនួប​អន​ឡាញ និយាយថា ការបង្កើត​វ៉ាក់សាំង​ប្រឆាំង COVID-19 គឺជា​ឱកាសល្អ​បំផុត​ដើម្បី​កម្ចាត់​ជំងឺ​នេះ​។ គិត​ត្រឹម​ថ្ងៃទី​៤ ខែឧសភា ចំនួន​អ្នកស្លាប់​ដោយសារ COVID-19 កើន​ដល់​២៥​ម៉ឺន​នាក់ ហើយ​ការឆ្លង​ទូទាំង​ពិភពលោក​មាន​លើស​៣,៥​លាន​នាក់​ឯណោះ​។

​ជំនួប​តាម Videoconference មិនមាន​តំណាង​រដ្ឋាភិបាល​អាមេរិក​ឡើយ​។ អវត្តមាន​រដ្ឋាភិបាល​អាមេរិក ធ្វើ​ឲ្យ​មានការ​បារម្ភ​ពី​ការខ្វះខាត​កិច្ចសហប្រតិបត្តិការ​លើ​ការស្រាវជ្រាវ អភិវឌ្ឍ និង​ផលិត​វ៉ាក់សាំង​។ ការ​នៅក្រៅ​សាច់រឿង​របស់​អាមេរិក ទំនង​ប៉ះពាល់​គំនិត​ផ្ដួចផ្ដើម​ដែល​ដឹកនាំ​ដោយ​អឺរ៉ុប ខណៈ​អាមេរិក​ឯណោះ​ប្រឹង​ស្រាវជ្រាវ​វ៉ាក់សាំង​ដោយ​ខ្លួនឯង​។ ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ បង្ហាញ​ទំនុកចិត្ត​ថា អាមេរិក​អាចមាន​វ៉ាក់សាំង​នៅ​ចុងឆ្នាំ​២០២០​នេះ​៕ដោយ៖ស តារា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print