ម៉ូស្គូ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នាយប់ថ្ងៃអង្គារ ទី០៥ ខែឧសភា ឆ្នាំ២០២០ បានចេញផ្សាយថា ខណៈដែលCOVID-19 កំពុងញុំាញីប្រទេសរុស្ស៊ីយ៉ាងគំហុកនោះ ក៏បានស្លាប់អ្នកជំនាញជាន់ខ្ពស់ខាងអភិវឌ្ឍគ្រាប់រ៉ុក្កែត និងយានអវកាសនៃក្រុមហ៊ុន អ៊ែណឺជា រ៉ុក្កែត អ៊ែនស្ពេស (Energia Rocket and Space) របស់ប្រទេសរុស្ស៊ីម្នាក់ គឺលោក យ៉េវហ្គេនី មីករីន (Yevgeny Mikrin) ក្នុងវ័យ៦៥ឆ្នាំ ។
សេចក្តីប្រកាសអំពីមរណភាពរបស់លោក Yevgeny Mikrin ត្រូវបានធ្វើឡើងដោយអង្គការអវកាសរុស្ស៊ី រ៉ូសខូស្មូស (Roscosmos) នៅក្នុងថ្ងៃអង្គារនេះតែម្តង។ លោក Yevgeny Mikrin ត្រូវបានសារព័ត៌មានក្នុងស្រុករុស្ស៊ីចេញផ្សាយ កាលពីអំឡុងខែមេសា កន្លងទៅនេះថា បានឆ្លងវីរុសកូរ៉ូណាថ្មី ។
នៅក្នុងសេចក្តីថ្លែងការណ៍របស់អង្គការ រ៉ូសខូស្មូស (Roscosmos) បានគូសបញ្ជាក់យ៉ាងដូច្នេះថា «ការលាចាករបស់លោក Mikrin ដែលជាអ្នកវិទ្យាសាស្ត្រផ្នែកមេកានិក និងដំណើរការគ្រប់គ្រងនានា គឺជាការបាត់បង់ដែលមិនអាចជំនួសវិញបានឡើយ សម្រាប់ឧស្សាហកម្មអវកាស និងគ្រាប់រ៉ុក្កែតរបស់រុស្ស៊ី»។
លោក Yevgeny Mikrin ត្រូវបានគេដឹងថា បានទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យមួយកន្លែង ស្ថិតនៅជាយរដ្ឋធានីម៉ូស្គូ បន្ទាប់ពីលោកត្រូវធ្វើតេស្តពីរលើក និងចេញលទ្ធផលវិជ្ជមាន ចំពោះ COVID-19 កាលពីថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២០។ សម្រាប់សកម្មភាពចុងក្រោយគឺលោក Mikrin បានទៅបំពេញទស្សនកិច្ចនៅមូលដ្ឋានបាញ់គ្រាប់រ៉ុក្កែត បៃកូនួ ខូស្មូដ្រូម (Baikonur Cosmodrome) ស្ថិតនៅប្រទេសកាហ្សាក់ស្ថាន ដើម្បីពិនិត្យមើលការបាញ់បង្ហោះយាន សូយ៉ូស MS-16 (Soyuz MS-16) ឡើងទៅកាន់ស្ថានីយអវកាសអន្តរជាតិ៕ដោយ៖ស តារា