អន្តរជាតិ៖ មន្ទីរបញ្ចកោណអាមេរិក នៅថ្ងៃទី៦ ខែឧសភាឆ្នាំ២០២០នេះ បានបញ្ជាក់ថា ក្នុងប្រតិបត្តិការយោធាសកលរបស់សហរដ្ឋអាមេរិកបានសម្លាប់ជនស៊ីវិល ចំនួន១៣២នាក់ ទូទាំងពិភពលោកកាលពីឆ្នាំ២០១៩ ។ ប៉ុន្តែតួលេខស្លាប់នេះ គឺទាបជាងឆ្ងាយ បើធៀបនឹងរបាយការណ៍ដែលចុះផ្សាយដោយអង្គការក្រៅរដ្ឋាភិបាលមួយចំនួន។
មន្ទីរបញ្ចកោណអាមេរិក បញ្ជាក់ទៀតថា ក្នុងរបាយការណ៍ប្រចាំឆ្នាំខ្លួន ក្រសួងការពារជាតិអាមេរិក វាយតម្លៃថា ជនស៊ីវិលប្រមាណ ១៣២នាក់ ត្រូវបានសម្លាប់ និង៩១នាក់ផ្សេងទៀត រងរបួស អំឡុងឆ្នាំ២០១៩ ដោយសារប្រតិបត្តិការយោធាអាមេរិកក្នុងប្រទេស អ៊ីរ៉ាក់ ស៊ីរី អាហ្វហ្កានីស្ថាន និងសូម៉ាលី ។
របាយការណ៍ដដែលនេះ បន្ថែមថា ក្រសួងការពារជាតិ ពុំបានរកឃើញជនស៊ីវិលណាម្នាក់ដែលរងគ្រោះដោយសារប្រតិបត្តិការយោធាអាមេរិកក្នុងប្រទេសយេម៉ែន និងលីប៊ី នោះឡើយ កាលពីឆ្នាំមុន។ បើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AFP មន្ទីរបញ្ចកោណអាមេរិក គូសបញ្ជាក់ថា ជនស៊ីវិលរងគ្រោះភាគច្រើន គឺស្ថិតក្នុងប្រទេសអាហ្វហ្កានីស្ថាន ដែលមានករណីស្លាប់១០៨នាក់ និងរងរបួស៧៥នាក់។
ចំណែកក្នុងប្រទេសអ៊ីរ៉ាក់ និងស៊ីរី មន្ទីរបញ្ចកោណទទួលខុសត្រូវលើករណីស្លាប់សរុបចំនួន ២២នាក់ និងរងរបួស១៣នាក់ផ្សេងទៀត។ដោយឡែក ជនស៊ីវិលត្រឹម២នាក់ប៉ុណ្ណោះ បានបាត់បង់ជីវិតក្នុងប្រទេសសូម៉ាលី ខណៈអ្នករងរបួសមាន៣នាក់។
ក្រៅពីរបាយការណ៍ផ្លូវការរបស់ក្រសួងការពារជាតិអាមេរិក អង្គការក្រៅរដ្ឋាភិបាលមួយចំនួន ក៏បានចុះផ្សាយទៀតទាត់ជុំវិញតួលេខជនស៊ីវិលស្លាប់ក្នុងប្រតិបត្តិការយោធាអាមេរិកក្នុងតំបន់សង្គ្រាមផងដែរ។
អង្គការ Airwars ដែលតាមដានជនស៊ីវិលរងគ្រោះបង្កឡើងដោយការទម្លាក់គ្រាប់បែកអាមេរិកនៅជុំវិញពិភពលោក ប៉ាន់ស្មានថា ជនស៊ីវិលចន្លោះពី៤៦៥ និង១១១៣នាក់ ត្រូវបានសម្លាប់ក្នុងប្រទេសស៊ីរី ដោយសារប្រតិបត្តិការយោធាចម្រុះដឹកនាំដោយសហរដ្ឋអាមេរិក កាលពីឆ្នាំ២០១៩។
របាយការណ៍របស់ក្រសួងការពារជាតិអាមេរិកសម្រាប់ឆ្នាំនេះ រីកចម្រើនខ្លះខាងផ្នែកតម្លាភាពក្នុងប្រតិបត្តិការយោធាអាមេរិក ក៏ប៉ុន្តែពួកគេនៅតែមានចន្លោះប្រហោងពាក់ព័ន្ធនឹងការរាប់ចំនួនអ្នកស្លាប់ ។ អ្នកស្រី Daphne Eviatar នៃអង្គការដោះលែងអ្នកទោសអន្តរជាតិលើកឡើងបែបនេះ៕ដោយ៖ស តារា