ក្របខ័ណ្ឌលីកកំពូលអាល្លឺម៉ង់ Bundesliga នឹងបន្តបើកទ្វារប្រកួតឡើងវិញនៅថ្ងៃទី១៦ ខែឧសភាដែលនឹងក្លាយជាលីកអឺរ៉ុបដំបូងបង្អស់ដែលចាប់ផ្តើមដំណើរការឡើងវិញបន្ទាប់ពីមានការឆ្លងវីរុសកូរ៉ូណាពេញពិភពលោក ។
ការប្រកួតមួយនៅថ្ងៃបើកការនេះគឺការប្រកួតរវាងក្រុម Schalke និង Borussia Dortmund ។ ចំណែកម្ចាស់ជើងឯក Bayern Munich ដែលកំពុងឈរនៅកំពូលតារាងនឹងធ្វើដំណើរទៅកាន់ក្រុមម្ចាស់ផ្ទះ Union Berlin នៅថ្ងៃអាទិត្យ។ ក្រុមភាគច្រើនមានការប្រកួតចំនួន ៩ ប្រកួតនៅចុងក្រោយនៃរដូវកាលបានរៀបចំឡើងវិញនៅថ្ងៃទី២៧-២៨ ខែមិថុនា។
សមាគមកីឡាបាល់ទាត់អាឡឺម៉ង់ (DFB) បាននិយាយថា រដូវកាលនឹងចាប់ផ្តើមឡើងវិញក្រោមការត្រួតពិនិត្យសុខភាពយ៉ាងតឹងរ៉ឹងដែលហាមមិនឲ្យអ្នកគាំទ្រនៅក្នុងពហុកីឡដ្ឋានពេលប្រកួតឡើយ ហើយតម្រូវឱ្យកីឡាករត្រូវធ្វើតេស្តរក Covid-19 ផងដែរ។ មនុស្សប្រមាណ ៣០០ នាក់រួមទាំងកីឡាករ បុគ្គលិក និងមន្រ្តីផ្សេងៗនឹងស្ថិតនៅខាងក្នុង ឬជុំវិញស្តាតក្នុងថ្ងៃប្រកួត។
លោក Christian Seifert នាយកប្រតិបត្តិនៃសហព័ន្ធបាល់ទាត់អាឡឺម៉ង់បាននិយាយថា “វាចាំបាច់ណាស់ក្នុងការចាប់ផ្តើមការប្រកួតឡើងវិញ ទោះបីជាប្រកួតបិទទ្វារ និងការដាក់កម្រិតផ្សេងទៀតក៏ដោយ”។
សូមបញ្ជាក់ថា លីកកំពូលអាល្លឺម៉ង់ត្រូវបានផ្អាកតាំងពីថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២០ ដោយសារតែការផ្ទុះឡើងនូវវីរុសកូរ៉ូណា។ ក្លិបទាំងអស់នៅអាល្លឺម៉ង់បានត្រលប់មកហ្វឹកហាត់វិញនៅពាក់កណ្តាលខែមេសាកន្លងទៅ ដោយមានការត្រួតពិនិត្យសុខភាព និងធ្វើតេស្តទៅលើកីឡាករទាំងនោះដើម្បីការពារការឆ្លងក្នុងអំឡុងពេលប្រកួត ៕
ដោយ៖ ភិរក្ស