អន្តរក្រសួងនឹងពិន័យអន្តរការណ៍ជាប្រាក់រហូតដល់៤លានរៀលនិងឈានដល់ការបិទស្ថានីយឬដេប៉ូប្រេងណាដែលមិនបិទស្លាកតម្លៃឱ្យបានត្រឹមត្រូវ

ចែករំលែក៖

ខេត្តសៀមរាប៖ មន្ត្រីសាខាការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ (ក.ប.ប) ខេត្តសៀមរាប នៅព្រឹកថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២០នេះបានចុះធ្វើការត្រួតពិនិត្យនិងផ្ទៀងផ្ទាត់ជាប្រចាំ នូវការបិទស្លាកតម្លៃប្រេងតាមស្ថានីយនិងដេប៉ូប្រេងឥន្ធនៈ ទូទាំងខេត្តសៀមរាប ចំនួន០៨កន្លែង។

លោក ខៀវ បញ្ញាវឌ្ឍន៍ ប្រធានសាខា (ក.ប.ប) ខេត្តសៀមរាប បានថ្លែងប្រាប់អ្នកសារព័ត៌មានឱ្យដឹងថា យោងតាមប្រកាសលេខ១៤៩ របស់ក្រសួងពាណិជ្ជកម្ម ចុះថ្ងៃទី១ខែមេសា ឆ្នាំ២០១៦ ក្រុមហ៊ុនប្រេងឥន្ធនៈ និងហ្គាសទាំងអស់ ត្រូវលើកប៉ាណូពីតម្លៃលក់រាយនៅមុខស្ថានីយនិងដេប៉ូរបស់ខ្លួនជាប្រាក់រៀល ដែលអាចឱ្យអ្នកប្រើប្រាស់មើលឃើញពីចម្ងាយយ៉ាងតិចជាង២០០ម៉ែត្រ។

លោកថ្លែងថា បើផ្អែកទៅលើប្រកាសលេខ១៧២ ចុះថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០១៧ ស្តីពីការបិទស្លាកតម្លៃលើមុខទំនិញនិងសេវាគ្រប់ប្រភេទ ពាណិជ្ជករ អាជីវករ សេវាករ ទាំងអស់ត្រូវតែបិទស្លាកតម្លៃលើមុខទំនិញនិងសេវារបស់ខ្លួន ហើយបើផ្អែកលើប្រកាសអន្តរក្រសួងលេខ១៧២ ចុះថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៨ ស្តីពីការកំណត់រូបមន្តស្តីពីការកែសម្រួលតម្លៃប្រេងឥន្ធនៈនៅកម្ពុជាទៀតសោត ការមិនបានប្រកាសលក់ប្រេងឥន្ធនៈតាមរូបមន្តរបស់ប្រកាសអន្តរក្រសួង ក៏ដូចជាការប្រកាសតម្លៃប្រេងឥន្ធនៈរបស់ក្រសួងពាណិជ្ជកម្ម ម្ចាស់ស្ថានីយនិងដេប៉ូត្រូវទទួលពិន័យអន្តរការណ៍ជាប្រាក់រហូតដល់ ៤លានរៀល និងអាចឈានដល់ការបិទស្ថានីយជាបណ្តោះអាសន្ន ក្នុងករណីដែលមិនរាងចាល។

បើតាមលោក ខៀវ បញ្ញាវឌ្ឍន៍ បានសង្កត់ធ្ងន់ថា ថ្នាក់ដឹកនាំអគ្គនាយកដ្ឋាន ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ (ក.ប.ប) នៃក្រសួងពាណិជ្ជកម្មយល់ឃើញថា វាល្មមដល់ពេលវេលាដែលពាណិជ្ជករ អាជីវករ និងសេវាករ ទាំងអស់មានការយល់ដឹងនិងទទួលខុសត្រូវខ្ពស់ចំពោះច្បាប់ ការពារអតិថិជន និងចូលរួមការប្រកួតប្រជែងប្រកបដោយយុត្តិធម៌និងតម្លាភាពហើយ៕ ប៊ុនរិទ្ធី

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print