ភ្នំពេញ៖ ដើម្បីបង្កលក្ខណៈងាយស្រួល ដល់ការធ្វើចរាចរ និងរៀបចំសណ្តាប់ធ្នាប់នៅលើដងនានា ក្នុងភូមិសាស្ត្រខណ្ឌឲ្យមានរបៀបរៀបរយ ពេញមួយព្រឹកថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២០ អាជ្ញាធរខណ្ឌច្បារអំពៅ បានចុះបោសសំអាតផ្លូវជាតិលេខ១ ចាប់ពីគល់ស្ពានព្រះមុនីវង្សទៅដល់ព្រំប្រទល់សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ ។
ដោយមានការណែនាំពីលោកចេង មុនីរ៉ា អភិបាលនៃគណៈអភិបាលខណ្ឌច្បារអំពៅ លោកស្រេង គឹមស្រ៊ន នាយករងរដ្ឋបាលសាលាខណ្ឌ បានដឹកនាំកម្លាំងសន្តិសុខសណ្តាប់ធ្នាប់ប្រចាំសាលាខណ្ឌបានចុះ រៀបចំសណ្តាប់ធ្នាប់និងសម្អាតបរិស្ថានកើបដី ខ្សាច់ចេញពីលើផ្លូវជាតិលេខ១ ដែលខ្សាច់ទាំងនេះធ្លាក់ចេញពីរថយន្តដឹកខ្សាច់ចេញពីដេប៉ូលក់ខ្សាច់និងបូមខ្សាច់នៅចំនុចភូមិបឹងស្នោ សង្កាត់និរោធ ។
ក្នុងនោះក្រុមសន្តិសុខប្រចាំនៅសាលាខណ្ឌច្បារអំពៅ បាននាំគ្នាបោសសំអាតដីខ្សាច់ដែលធ្លាកមកលើផ្លូវ ធ្វើឲ្យប៉ះពាល់ដល់បរិស្ថាន និងចុះរៀបចំសណ្តាប់ធ្នាប់តាមបណ្តោយផ្លូវជាតិលេខ១ ជាពិសេសនៅតំបន់ស្មុគ្រស្មាញ ដូចជាផ្សារព្រែកឯង និងផ្សារច្បារអំពៅ ។ ដីខ្សាច់ទាំងអស់នេះធ្លាក់ចេញពីឡានដឹកខ្សាច់ និងឡានដីកដី ព្រោះនៅក្នុងភូមិសាស្ត្រសង្កាត់និរោធ និងសង្កាត់វាលស្បូវ សំបូរទៅដោយដេប៉ូលក់ខ្សាច់និងទីតាំងក្រឡុកស៉ីម៉ង់ត៍ ។
សូមបញ្ជាក់ថាបញ្ហាសណ្តាប់ បរិស្ថាន អនាម័យ នៅក្នុងភូមិសាស្ត្រខណ្ឌច្បារអំពៅមានភាពស្មុគ្រស្មាញ គឺនៅតាមបណ្តោយផ្លូវលេខ៣៦៩ចាប់ពីគល់ស្ពានព្រះមុនីវង្សទៅដល់តំបន់ច្រាំងបាក់សំបូរទៅដោយដេប៉ូលក់ឈើ ហើយរថយន្តដឹកឈើ ចូលចតទាំងថ្ងៃទាំងយប់ មួយផ្នែកទៀតនៅតំបន់ផ្សារចាម ក្នុងសង្កាត់ព្រែកប្រាក៏កំពុងតែធ្វើឲ្យបាត់បង់សណ្តាប់ធ្នាប់ផងដែរ ។
ដោយឡែកនៅតាមបណ្តោយផ្លូវជាតិលេខ១ ដែលជាផ្លូវសេដ្ឋកិច្ចដ៏សំខាន់មានភ្ញៀវទេសចរណ៍អន្តរជាតិឆ្លងកាត់ជារៀងរាល់ថ្ងៃ ត្រូវបានអាជ្ញាធរខណ្ឌច្បារអំពៅ យកចិត្តទុកដាក់ចុះរៀបចំសណ្តាប់ធ្នាប់ជាប្រចាំ ។ ទោះជាមានការយកចិត្តទុកដាក់ក្នុងការរៀបចំសណ្តាប់ធ្នាប់និងបរិស្ថានអនាម័យយ៉ាងណាក៏ដោយ អ្នកលក់ដូរមួយចំនួននៅមិនទាន់ចូលរួមជាមួយអាជ្ញាធរឡើយ ពោលគឺនៅតែរំលោភលើដីចំណីផ្លូវដាក់តាំងលក់ទំនិញសព្វសារពើរដដែល ជាពិសេសក្នុងសង្កាត់វាលស្បូវ និងសង្កាត់ព្រែកឯង មកដល់ថ្ងៃនេះចិញ្ចើមផ្លូវជាតិលេខ១ នៅក្នុងសង្កាត់វាលស្បូវ និងសង្កាត់ព្រែកឯង មិនទាន់មានសណ្តាប់ធ្នាប់នៅឡើយទេ ៕ដោយ៖សណ្តោស