ខេត្តស្វាយរៀង៖ សមត្ថកិច្ចនគរបាលក្រុងបាវិតបានឃាត់បុរសសង្ស័យដែលជាអ្នកទិញអេតចាយម្នាក់ ក្រោយពេលដែលទទួល បានពាក្យបណ្តឹងពីជនរងគ្រោះ អំពីករណីចោរលួចខ្សែភ្លើង នៅរោងចក្រផលិតកង់(អេ វើហ្គ្រេន) ដែលទីតាំងស្ថិតក្នុងភូមិថ្នាញ សង្កាត់បាទី ក្រុងបាវិត ខេត្តស្វាយរៀង។
ករណីឃាត់ខ្លួននេះបានធ្វើឡើងនៅ
វេលាម៉ោង ១៤និង៣០នាទីរសៀល នៅថ្ងៃទី១១ខែឧសភាឆ្នាំ២០២០ ស្ថិតក្នុងក្រុងបាវិត។
សមត្ថកិច្ចនគរបាលក្រុងបាវិតបានអោយដឹងថាបុរសសង្ស័យដែលជាអ្នកទិញអេតចាយមានឈ្មោះសុខ វិបុល អាយុ ៣៧ឆ្នាំ មានទីលំនៅភូមិព្រៃខ្ជាយ ឃុំកំពង់ត្រាច ស្រុករមាសហែក ខេត្តស្វាយរៀង។
សមត្ថកិច្ចក៏បានដកហូតវត្ថុតាង រួមទាំងវត្ថុតាង(ខ្សែភ្លើងទម្ងន់១៩៣គីឡូក្រាម) ផងដែរ។
ប្រភពបន្តថាក្រោយពីកម្លាំងជំនាញអធិការដ្ឋាននគរបាលក្រុងបាវិត បានទទួលបណ្ដឹងផ្ទាល់មាត់ពីឈ្មោះ ចាំង ផឹង ភេទប្រុស អាយុ ៣០ឆ្នាំ ជនជាតិចិន មុខរបរប្រធានផ្នែកជាងភ្លើង ទីលំនៅខេត្តស៊ីឈួន ប្រទេសចិន អំពីករណីចោរលួចខ្សែភ្លើង នៅរោងចក្រផលិតកង់ (អេ វើហ្គ្រេន) ដែលទីតាំងស្ថិតក្នុងភូមិថ្នាញ សង្កាត់បាទី ក្រុងបាវិត ខេត្តស្វាយរៀងក៏បានចាប់ផ្ដើមស្រាវជ្រាវ រករហូតដល់ថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២០ ក៏បានរកឃើញខ្សែភ្លើងនៅផ្ទះអ្នកទិញអេតចាយម្នាក់ មិនស្គាល់ឈ្មោះ ក្រោយពីទទួលបានបណ្ដឹងរួច សមត្ថកិច្ចយើងបានចុះដល់កន្លែងកើតហេតុ រួចក៏បាននាំខ្លួនជនសង្ស័យយកមកអធិការដ្ឋាននគរបាលក្រុងបាវិតដើម្បីសាកសួរ ។
ប្រភពដដែលបានបន្តថា នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យ បានឆ្លើយសារភាពថា ខ្លួនបានទិញខ្សែភ្លើងនេះ ជាច្រើនលើករួចមកហើយ មានពេលខ្លះយប់ ខ្លះពេលថ្ងៃ ពីអ្នកលក់ ជិះ ដឹកតាមម៉ូតូយកមកលក់ឲ្យខ្លួន តែមិនបានស្គាល់ឈ្មោះអត្តសញ្ញាណអ្នកលក់នោះទេ។
បច្ចុប្បន្នជនសង្ស័យ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ជាបណ្តោះអាសន្ននៅ អធិការដ្ឋាននគរបាលក្រុងបាវិត ដើម្បីកសាងសំណុំរឿងបញ្ជូនទៅការរិយាល័យជំនាញខេត្ត ចាត់ការបន្តតាមច្បាប់៕
ដោយ៖ យឹម សុថាន