រថយន្តពាក់ស្លាកលេខភ្នំពេញ 3E 9949បោលខុសផ្លូវបុកចូលផ្ទះប្រជាពលរដ្ឋខ្ទេចទាំងស្រុង

ចែករំលែក៖

ខេត្តពោធិ៍សាត់៖ បុរសម្នាក់បើករថយន្តជែងគោយន្តកន្រ្តៃ មួយគ្រឿងពីមុខក៏ជ្រុលបុកចូលផ្ទះប្រជាពលរដ្ឋបណ្ដាលឲ្យដួលរាបដល់ដី រួមទាំងខូចខាតសម្ភារមួយចំនួនទៀត ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៍កម្រនេះ បានកើតឡើងនាព្រឹកថ្ងៃពុធ ១៣រោច ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២០នៅ ត្រង់ចំណុចផ្ទះរបស់ឈ្មោះ សុះ សា ភេទប្រុស អាយុ ៥៨ឆ្នាំ ជនជាតិខ្មែរអ៊ិស្លាម ស្ថិតក្នុងភូមិខ្លាក្រពើ ឃុំអន្លង់ត្នោត ស្រុកក្រគរ ខេត្តពោធិ៍សាត់ ។

របាយការណ៍នគរបាលស្រុកក្រគរ បានឲ្យដឹងថាក្រោយកើតហេតុអ្នកបើកបររថយន្ដ(គេចខ្លួន)ដែលរថយន្តនេះម៉ាក ដេវូ ពណ៌ក្រហម ពាក់ស្លាកលេខ ភ្នំពេញ 3E 9949 ធ្វើដំណើរពីជើងឆ្ពោះទៅទិសខាងត្បូង។ លុះមកដល់កន្លែងកើតហេតុបានជែងគោយន្តកន្រ្តៃមួយគ្រឿងនៅពីមុខ រួចរេចង្កូតធ្លាក់ផ្លូវបុកចូលផ្ទះ ១ខ្នងដួលរាបដល់ដី ប៉ុន្តែពុំបង្កការរងរបួសដល់មនុស្សនោះឡើយ ។

របាយការណ៍នគរបាលដដែលបន្តទៀតថា ផ្ទះ ១ខ្នងដែលរងការខូចខាតសង់អំពីឈើ(ផ្ទះទៀមជាប់ដី)ទំហំ ៦ម៉ែត្រ គុណនឹង ១៣ម៉ែត្រ ដំបូលប្រក់ស័ង្កសី ជញ្ជាំងបាំងក្ដារហើយករណីគ្រោះថ្នាក់ចរាចរណ៍រថយន្តបុកផ្ទះខាងលើនេះភាគីរថយន្តនិងម្ចាស់ផ្ទះ កំពុងសម្របសម្រួលគ្នា ៕ ដោយ៖ បុឹម ពិន

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print