ទោះបីអង្គការ​ជាច្រើន រិះគន់​ខ្លាំងយ៉ាងណាក៏ដោយ បារាំងបានសម្រេចចិត្ត​បើក​សាលារៀន​ឡើងវិញ​

ចែករំលែក៖

ភ្នំពេញ៖ រដ្ឋាភិបាល​បារាំង បានចាប់ផ្ដើម​បន្ធូរបន្ថយបទ​បញ្ជា​បិទ​ប្រទេស​របស់ខ្លួន ក្នុងការទប់ស្កាត់​COVID-19 បើទោះ​រងការព្រមាន​ខ្លះ​ពាក់ព័ន្ធ «​រលក​ឆ្លងទី​២»ក៏ដោយ ពេលនេះសាលារៀន​រាប់ពាន់​នៅ​ទូទាំងប្រទេស​បារាំង ត្រូវបានបើកទ្វារ​ទទួល​សិស្ស​ឲ្យ​ចូល​អង្គុយ​រៀន​ក្នុង​ថ្នាក់​ជាថ្មី នៅ​ថ្ងៃទី​១២ ខែឧសភា ឆ្នាំ២០២០នេះ ។

​តាម​ការចុះផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន Reuters រដ្ឋមន្ត្រី​អប់រំ​បារាំង លោក Jean-Michel Blanquer សាទរ​ចំពោះ​ការបើក​ដំណើរ​សាលារៀន​ឡើងវិញ​នេះ ដែល​នឹង​អនុវត្ត​ជា​បណ្ដើរៗ​នៅ​ទូទាំងប្រទេស រួមទាំង សាលារៀន​ក្នុង​រដ្ឋធានី បារី​ស ផងដែរ នា​ថ្ងៃទី​១៤ខែឧសភា​ខាងមុខ​។ សាលារៀន​កម្រិត​អនុវិទ្យាល័យ​ខ្លះ នឹង​បន្តមេរៀន​ក្នុង​បន្ទប់រៀន​នា​សប្តាហ៍​មុន​។​

​ដើម្បី​បន្ថយ​កង្វល់​ឪពុកម្ដាយ​ជុំវិញ​សុវត្ថិភាព​កូនៗ​ពួកគេ រដ្ឋាភិបាល​បារាំង បានផ្ដល់​សិទ្ធិ​ក្នុងការ​សម្រេចចិត្ត​ដល់​ពួកគេ​ដើម្បី​អនុញ្ញាត​ឲ្យ​កូនៗ​ពួកគេ​ត្រលប់​ទៅកាន់​ថ្នាក់រៀន​វិញ ឬ​បន្ត​ស្នាក់​នៅផ្ទះ​។ អង្គការ​ជាច្រើន បាន​រិះគន់​ការសម្រេចចិត្ត​បើក​សាលារៀន​ឡើងវិញ​នេះ ដោយ​ចាត់ទុក​ការសម្រេចចិត្ត​នេះ​ធ្វើឡើង​មុនពេល​កំណត់​។ អ្នកជំនាញ​មួយចំនួន ក៏​លើកឡើង​សំណួរ​ទាក់ទិន​នឹង​ការសម្រេចចិត្ត​ផងដែរ​។​

យ៉ាងណាមិញ សាលារៀន​កម្រិត​បឋម​សិក្សា និង​កម្រិត​ម​ត្តេ​យ្យ​សិក្សា ដោយ​គ្រូបង្រៀន​តម្រូវ​ឲ្យ​ពាក់​ម៉ាស់ ហើយ​តុ​អង្គុយ​កូនសិស្ស​ត្រូវ​រៀបចំ​គម្លាត​ត្រឹមត្រូវ ដើម្បី​បញ្ចៀស​ការ​រាលដាល​ជំងឺ COVID-19 ។​

​សូមបញ្ជាក់ថា បារាំង បាន​ផ្ដើម​បន្ធូរបន្ថយ​បញ្ជា​បិទ​ប្រទេស​រយៈពេល​២​ខែ​ខ្លួន កាលពី​ថ្ងៃទី​១១ ខែឧសភា​។ ពលរដ្ឋ​បារាំង អាច​ចេញ​ដើរហើរ​នៅក្រៅ​បរិវេណ​ផ្ទះ​ពួកគេ​ដោយ​ពុំ​ត្រូវការ​លិខិត​សុំ​អនុញ្ញាត​ជា​លើកដំបូង ក្នុងពេល​ជិត​៨​សប្តាហ៍​ចុងក្រោយ  ហើយ​ហាង​អាជីវកម្ម​ខ្លះបើកទ្វារ​ឡើងវិញ​ ។

គួរជម្រាបថា ករណី​ស្លាប់​ដោយសារ​COVID-19​ សរុប​ក្នុងប្រទេសបារាំង មានចំនួន ​២៦ ៩៩១​ករណី ក្នុងនោះ​ករណី​រកឃើញ​ថ្មី ៣៤៨​នាក់នៅ​ថ្ងៃទី​១២ ខែឧសភា ។ ជាមួយ​តួលេខ​ថ្មី​នេះ បារាំង​ក្លាយជា​ប្រទេស​ដែលមាន​ករណី​ស្លាប់​COVID-19​សរុប​លំដាប់​ទី​៤​លើ​ពិភពលោកតាម​ពីក្រោយ​សហរដ្ឋអាមេរិក ចក្រភព​អង់គ្លេស និង​អ៊ីតាលី ។​ ចំណែកតួលេខ​អ្នកជំងឺ​ដែល​កំពុង​សម្រាក​ព្យាបាល បាន​ធ្លាក់ចុះ​ពី​២២ ២៨៤​នាក់ មក​ត្រឹម ២១៥៩៥​នាក់​។ នេះ​បើតាម​សេចក្តីថ្លែងការណ៍​របស់​ក្រសួងសុខាភិបាល​បារាំង នៅ​ថ្ងៃទី ១១ ខែឧសភា ហើយ​និ​ន្ន​ការធ្លាក់ចុះ​បែបនេះ​បន្ត​ឥត​ដាច់​ក្នុងពេល​៤​សប្ដាហ៍​ចុងក្រោយ​ ៕ដោយ៖ស តារា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print