ភ្នំពេញ៖ លោកជំទាវ ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនង ជាមួយ ព្រឹទ្ធសភា រដ្ឋសភា និងអធិការកិច្ច និងតំណាងសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែន បានបញ្ជាក់ថា៖ ក្នុងនាមរាជរដ្ឋាភិបាលលោកស្រីសូមអំពាវនាវឲ្យនៅគ្រប់ស្ថាប័នពាក់ព័ន្ធត្រូវចាត់វិធានការគ្រប់បែបយ៉ាង ដើម្បីឲ្យកុមារទាំងអស់បានចូលរៀន នៅសាលារដ្ឋ និងឯកជនទំាងអស់គ្នា ជាពិសេស ត្រូវចូលរួម ផ្ដល់អាហារូបត្ថម្ភ គ្រប់បែបយ៉ាង ដើម្បីឲ្យកុមារទាំងអស់ បានចូលរៀន ឬក៏ការបណ្តុះបណ្តាលជំនាញ ក្នុងគោលបំណង ឲ្យស្របទៅតាមប្រធានបទ (គ្មានពលកម្មលើកុមារ ,គ្មានអំពើហិង្សាលើកុមារ ផ្ដល់ការអប់រំ ដែលមានគុណភាពដល់កុមារទន់ខ្សោយ)។ លោកជំទាវ ម៉ែន សំអន បានអំពាវនាវបែបនេះ ក្នុងខណៈ អញ្ជើញជាអធិបតី ក្នុងពិធីផ្សព្វផ្សាយ ផែនការសកម្មភាពជាតិស្ដីការអភិវឌ្ឍកុមារ ឆ្នំា២០១៦-២០១៨នៅក្រសួងសង្គមកិច្ចអតីតយុទ្ធជននិងយុវនីតិសម្បទាកាលពីថ្ងៃទី១៨ខែមករាឆ្នាំ២០១៦ ។
លោកជំទាវ ម៉ែន សំអន បានបញ្ជាក់ថា៖ រាជរដ្ឋាភិបាលកម្ពុជា បាននិងកំពុងខិតខំប្រឹងប្រែង លើកកម្ពស់អាហារូបត្ថម្ភ ដល់កុមារគ្រប់ៗរូប តាមរយៈការអនុវត្ត កម្មវិធីសុខភាពបន្តពូជ មាតា ទារក កុមារ និងអាហារូបត្ថម្ភដែលជាផែនបង្ហាញផ្លូវសម្រាប់ពន្លឿនការកែលម្អអាហារូបត្ថម្ភឆ្នាំ២០១៦-២០១៨ និងកៀងគរធនធានរកប្រភពចំណូលហិរញ្ញវត្ថុពីបណ្ដាអង្គការសង្គមស៊ីវិលផ្សេងៗ មកអនុវត្ដឲ្យស្របទៅតាមការប្ដេជ្ញាចិត្ដរបស់រាជរដ្ឋាភិបាលកម្ពុជា ចំពោះកុមារសំដៅអនុវត្ដតាមអនុសាសន៍របស់គណៈកម្មាធិការសិទ្ធិកុមារ នៃអង្គការសហប្រជាជាតិ។ ទោះបីជាយ៉ាងណាក៏ដោយ កុមារកង្វះអាហារូបត្ថម្ភ មានភាពផ្សេងៗពីគ្នា ទៅតាមតំបន់ និងទៅតាមសង្គមមនុស្ស។ កុមារដែលជាគ្រួសារ នៅតាមជនបទក្រីក្រ ហើយមិនមានការសិក្សារអប់រំ បញ្ហាកង្វះអាហារូបត្ថម្ភ មានកម្រិតខ្ពស់ ជាងកុមារដែលជាគ្រួសារ មានជីវភាពធូរធារ នៅទីប្រជុំជន និងមានការសិក្សាអប់រំខ្ពស់។ បញ្ហាពលកម្មកុមារ មានការធ្លាក់ចុះ គួរឲ្យកត់សម្គាល់ សមាមាត្រពលកម្មកុមារ ធៀបនឹងចំនួនកុមារសរុប បានធ្លាក់ចុះប្រហែល ២០ ភាគរយ ក្នុងឆ្នាំ២០០៩ មកត្រឹម ៩,៩ ភាគរយ នៅឆ្នាំ២០១៤។ សមាមាត្រពលកម្មកុមារ នៅតំបន់ជនបទ មានចំនួនខ្ពស់ ប្រមាណ ១១,៥ ភាគរយ បើធៀបនឹងទីប្រជុំជន មានតែប្រមាណ ៦,៥ ភាគរយប៉ុណ្ណោះ។ ភាគច្រើននៃពលកម្មកុមារ ធ្វើការងារក្នុងវិស័យកសិកម្មសិប្បកម្មខ្នាតតូច និងកុមារបម្រើការងារតាមផ្ទះ។ ប្រេវ៉ាឡង់ពលកម្មកុមារមានអត្រាខ្ពស់ប្រមាណ ២០ ភាគរយ ប្រៀបធៀបនឹងចំណុចដៅ ៨ ភាគរយ ក្នុងគោលដៅអភិវឌ្ឍន៍សហស្សវត្សរ៍កម្ពុជានឹងគ្មានពលកម្មលើកុមារនៅឆ្នាំ២០២០។
ឯកឧត្ដម វង សូត រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងជាប្រធានក្រុមប្រឹក្សាជាតិកម្ពុជា ដើម្បីកុមារ បានបញ្ជាក់ថា៖ ប្រទេសកម្ពុជា បានបោះជំហានចេញពី ប្រទេសមានចំណូលកម្រិតទាប ទៅជាប្រទេសដែលមានចំណូល មធ្យមកម្រិតទាប ព្រមទាំងសម្រេចបានជោគជ័យ លើការកាត់បន្ថយអត្រាមរណភាព ក្នុងនោះអត្រាមរណភាពកុមារ អាយុក្រោម ៥ឆ្នាំ ក៏បានធ្លាក់ចុះពី៥៤ មកត្រឹម ៣៥ នៅឆ្នាំ២០១៥ ក្នុងទារកកើតរស់ ១,០០០ នាក់។ អត្រាមរណភាពមាតា បានធ្លាក់ចុះពី២០៦ នៅឆ្នាំ២០១៤ មកនៅត្រឹម១៧០ នាក់នៅឆ្នាំ២០១៥ ក្នុងទារកកើតរស់ ១០០,០០០ នាក់។
ឯកឧត្ដមបានបន្តថា៖ រាជរដ្ឋាភិបាល បានជំរុញការលុបបំបាត់ ទម្រង់ធ្ងន់ធ្ងរនៃពលកម្មកុមារ ដោយផ្អែកលើគោលការណ៍ចម្បង៣គឺ៖ទី១)ការដកហូតកុមារ ពីទម្រង់ធ្ងន់ធ្ងរនៃពលកម្មកុមារ ដើម្បីឲ្យកុមារទទួលបាន ការអប់រំបណ្តុះបណ្តាលវិជ្ជាជីវៈ និងសមាហរណកម្ម ទៅក្នុងសង្គម។ ២)កិច្ចសហការជាមួយសង្គមស៊ីវិល និងការប្រយុទ្ធប្រឆាំង ការជួញដូរស្ត្រីនិងកុមារ និងទី៣)លើកកម្ពស់ការងារសមរម្យ និងសុវត្ថិភាពការងារកុមារ។
ក្នុងកាសនោះដែរលោកជំទាវ ម៉ែនសំអន ក៏បាននំាយកថវិកា របស់សម្ដេចអគ្គមហាសេនាបតីតេជោចំនួន៥លានរៀលផ្ដល់ក្នុងកម្មវិធីផ្សព្វផ្សាយផែនការសកម្មភាពជាតិស្ដីការអភិវឌ្ឍកុមារឆ្នំា២០១៦,២០១៨ នៅក្រសួងសង្គមកិច្ចអតីតយុទ្ធជននិងយុវនីតិសម្បទានេះផងដែរ ៕
ដោយ៖ សំរិត