ភ្នំពេញ៖ ក្រោយពីជោគជ័យលើការផលិតភាពយន្តខ្នាតធំជាច្រើនបន្តបន្ទាប់ ផលិតករវ័យក្មេង លោក ចាន់ណា រ៉ូណាន គ្រោងនឹងចេញផលិតភាពយន្តខ្នាតធំ២រឿងបន្តទៀត គឺរឿង”កំណត់ហេតុនាងនាថវគ្គ២” និងរឿង”កុំងាកក្រោយវគ្គ២” ក្រោយពីភាពយន្តវគ្គ១ផ្ទុះការគាំទ្រខ្លាំងពីទស្សនិកជន។
ការប្រកាសចេញថតភាពយន្តនៅពេលមុខនេះស្របពេលដែលផលិតកម្មក្រុងពិជ័យរបស់ផលិតករល្បីឈ្មោះរូបនេះបានចេញប្រកាសជ្រើសរើសតារាសម្តែងមានសមត្ថភាពទេពកោសល្យចូលរួមសម្តែងក្នុងភាពយន្តទាំងពីរខាងលើ។ លោក ចាន់ណា រ៉ូណាន លើកឡើងថា ក្រោយពីបញ្ចប់ការផលិតភាពយន្តខ្នាតធំរឿង”សំណើច៦៥២Km” រួចមកផលិតកម្មគ្រោងចេញផលិតភាពយន្តខ្នាតធំគ្រប់រសជាតិមួយចំនួនបន្តទៀត ហើយការសម្រេចចិត្តថតភាពយន្តទាំងពីរខាងលើគឺបន្ទាប់ពីមានការគាំទ្រ និងសំណូមពររបស់អ្នកគាំទ្រជាច្រើនដែលស្នើឲ្យលោកផលិតវគ្គបន្ត និងស្របទៅនឹងឆន្ទៈផលិតភាពយន្តដែលមានគុណភាពបម្រើការកម្សាន្តរបស់ទស្សនិកជនលោកនឹងផលិតភាពយន្តនេះនៅពេលខាងមុខបន្ទាប់ពីស្ថានភាពនៃជំងឺកូវីដ១៩ នៅកម្ពុជាស្ងប់ស្ងាត់ទៅវិញ។ លោកថាពេលនេះផលិតកម្មបានប្រកាសជ្រើសរើសតារាសម្តែងគ្រប់ទម្រង់ដើម្បីចូលរួមសម្តែងក្នុងភាពយន្តទាំងនេះលោកថាតារាសម្តែងទាំងនោះត្រូវឆ្លងកាត់ការធ្វើតេស្តសមត្ថភាពនិងលក្ខខណ្ឌមួយចំនួនដូចជា សុភាពបុរស ត្រូវមានអាយុចាប់ពី ១៥ឆ្នាំ ដល់ ២២ឆ្នាំ កម្ពស់ ១,៧០ម៉ែត្រ ឡើងទៅ ខណៈសុភាពនារី ត្រូវមានអាយុចាប់ពី១៥ឆ្នាំ ដល់ ២០ឆ្នាំ កម្ពស់ ១,៦៥ម៉ែត្រ ឡើងទៅ រួចបំពេញពាក្យ ផ្ញើ មក រូបថតទៅកាន់ប្រអប់សារ Page ផលិតកម្មក្រុងពិជ័យ ផ្ទាល់។
លោកថាអ្នកជាប់នឹងមានកិច្ចសន្យាសម្តែងក្នុងតំណែងតួឯកជាមួយផលិតកម្ម និងមិនកំណត់ចំនួនតារាសម្តែងដែលជ្រើសរើសនោះទេ គឺអាស្រ័យលើសមត្ថភាពទេពកោសល្យ ហើយប្រសិនបើមានច្រើនលោកនឹងបន្តរក្សាទុកពួកគាត់ដើម្បីបន្តថតភាពយន្តក្រោយៗបន្តទៀតព្រោះផលិតកម្មក៏មានគម្រោងផលិតភាពយន្តខ្លីៗផងដែរ។លោកថាភាពយន្តទាំងពីរខាងលើគ្រោងនឹងចេញផលិតនៅមុនពេលដែលចាក់បញ្ចាំងភាពយន្តខ្នាតធំថ្មីរបស់លោកគឺរឿង “សំណើច៦៥២Km” ដែលជាភាពយន្តបាននិងកំពុងធ្វើការកាត់ត និងចេញចាក់បញ្ចាំងក្រោយពីកម្ពុជាវិលមករកភាពប្រក្រតីពីជំងឺកូវីដ១៩៕
ដោយ វឌ្ឍនា