ខេត្តឧត្ដរមានជ័យ៖ ផ្ទះមួយខ្នងរួមជាមួយប្រាក់និងសម្ភារផ្សេងៗទៀតបានរងនូវការឆាបឆេះអស់គ្មានសល់កាលពីថ្ងៃព្រហស្បតិ៍៨រោច ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ត្រូវនឹងថ្ងៃទី ១៤ ខែឧសភា ឆ្នាំ២០២០ វេលាម៉ោង ១០ព្រឹក ស្ថិតនៅភូមិដើមជ្រៃ សង្កាត់អូរស្មាច់ ក្រុងសំរោង ខេត្តឧត្ដរមានជ័យ។
សមត្ថកិច្ចបានឱ្យដឹងថា មានករណីភ្លើងឆេះផ្ទះប្រជាពលរដ្ឋ នៅភូមិដើមជ្រៃ សង្កាត់អូរស្មាច់ ក្រុងសំរោង ដែលម្ចាស់ផ្ទះឈ្មោះ ជៀវ វុទ្ធី ភេទប្រុស អាយុ ៣២ឆ្នាំ មុខរបរ កសិករ និងប្រពន្ធឈ្មោះ ថានឹង អុីមលី អាយុ ៣០ឆ្នាំ ។ ដោយពេលកើតហេតុ កម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាល ក្រុមប្រឹក្សាសង្កាត់ និងប្រជាពលរដ្ឋ បានចុះជួយធ្វើអន្តរាគមន៍ពន្លត់មិនឲ្យមានការរាលឆ្លងដល់ផ្ទះអ្នកជិតខាងទៀត ដោយប្រេីប្រាស់រថយន្តពន្លត់អគ្គិភ័យរបស់ក្រុមហ៊ុនអូរស្មាច់រីសត ១ គ្រឿង ប្រើប្រាស់ទឹកអស់ ១ ស៊ីទែន និងទឹកពាងរបស់ប្រជាពលរដ្ឋជិតខាងមួយចំនួន ។
ចំពោះការខូចខាតរួមមាន ៖ ផ្ទះតៀម១ ខ្នង ទំហំ ៨ម × ១២ម ធ្វើពីឈើ បាំងជញ្ជាំងស័ង្កសី ប្រក់ហ្វុីប្រូសុីម៉ងត៍ ចាក់សាបក្រោម (ឆេះប្រហែល ៤០%), ថប្រាក់ចំនួន ១,៥០០,០០០ រៀល និង របស់របរប្រើប្រាស់ក្នុងផ្ទះមួយចំនួន ។
ករណីខាងលើនេះ មូលហេតុ ៖ ដុតធូបសែនក្នុងផ្ទះ ហើយទុកចោលបណ្ដាលឱ្យរាលឆេះតែម្តង ។ ប៉ុន្តែមិនបណ្ដាលឲ្យមានគ្រោះថ្នាក់ដល់មនុស្សទេ ៕ដោយ៖ ប៉ែន នួន