ប្រវត្តិ អ្នកតាក្រហម.ក

ចែករំលែក៖

អ្នកតាក្រហម​.កឋិតនៅភូមិមហារាជ សព្វថ្ងៃគេហៅថា ភូមិឈើទាល សង្កាត់បឹងត្រាញ់ ស្រុកសំរោង ខែត្តតាកែវ អ្នកតានេះ មានខ្ទមធ្វើដោយឈើប្រក់ស្លឹកជញ្ជាំងក្ដារ អ្នកស្រុកទើបនឹងសង់អាស្រមថ្មីមួយទៀតដោយស៊ីម៉ងត៍ នៅទន្ទឹមគ្នានឹងខ្ទមចាស់ពីមុន នៅពីខាងក្រោយអាស្រមមានដំបូក ហើយមានដើមឈើដុះស៊ុមទ្រុម តាំងនៅលើដីទួលមួយខ្ពស់ ដែលអ្នកស្រុកនេះនិយមហៅថាលោកតាភូមិលោកតាម្នាក់និយាយថា អ្នកតានេះមិនដឹងជាមានពីកាលណាទេកាលណាទេ គាត់កើតឡើងដឹងក្ដីកាលណា ក៏ឃើញអ្នកតានេះតែម្ដងប្រហែលជាកើតមានពីត្រឹមសម័យដែលមនុស្ស មកតាំងនៅលើភូមិមហារាជនេះ អ្នកតានេះ មានឥទ្ធិពលលើអ្នកស្រុកភូមិនេះណាស់ ចេះជួយថែរក្សាសេចក្ដីសុខ និងជួយរកយុត្តិធម៌ឲ្យអ្នកស្រុក-​ភូមិទៀតផង សម័យដើម កាលបើមានរឿងរ៉ាវផ្សេង កើតឡើងរវាងអ្នកភូមិ មានការឈ្លោះទាស់ទែងគ្នាជាដើម គេតែងទៅប្ដឹង-​ស្បថចំពោះមុខអ្នកតានោះ រាប់រៀបតាមដំណើររឿងរៀងខ្លួន ហើយមានសូត្រពាក្យស្បថប្រាំធានទៀតផង គូវិវាទទាំងពីរក៏សុខចិត្តរៀងខ្លួនជាការស្រេចមិនបាច់ប្ដឹងផ្ដល់ដល់រដ្ឋការមុខក្រសួងទៀតទេ ពាក្យសម្បថនេះឃើញថាស័ក្ដិសិទ្ធិមែន បើអ្នកណាប្រព្រឹត្តពុំសុចរិតទៀងត្រង់ទេ អ្នកនោះមុខជាអន្តរាយរហូតដល់ស្លាប់យ៉ាងទាន់ហន់ក៏សឹងមាន

ម៉្យាងទៀត អ្នកតានេះស្អប់ណាស់ មនុស្សណាពាក់មួក ជិះដំរី និងស្ត្រីមានផ្ទៃពោះ ដើរកាត់មុខមិនបានទេ នឹងបណ្ដាលឲ្យរលូតកូន បើអ្នកមានបុណ្យស័ក្ដិនឹងធ្លាក់បុណ្យស័ក្ដិ អ្នកស្រុកខ្លាចហើយមិនហ៊ានប្រព្រឹត្តបំពានចំពោះរឿងនេះទេ

អ្នកស្រុកដំណាលតៗមកថា ប្រមាណជា ៤០ ៥០ ឆ្នាំកន្លងទៅហើយ មានតាចាស់ម្នាក់ឈ្មោះង៉ែត ប្រពន្ធឈ្មោះលឿង ផ្ទះគាត់នៅចម្ងាយប្រមាណ ៤០០ម ពីទិសអាគ្នេយ៍នៃអាស្រមអ្នកតានោះ តា ង៉ែត ជាអ្នករកស៊ីធ្វើទឹកត្នោត គាត់បានធ្វើទឹកត្នោតមួយដើមក្បែរខ្ទមអ្នកតានេះឯង ពេលដែលឡើងគាបត្នោតនោះម្ដង តាង៉ែតចេះតែជ្រលួសមាត់ នៅពេលគាបទៅវាបាក់ ក្រឡាច់ផ្កាត្នោតពីឃ្នាប អ្នកតានេះខឹងក៏ច្រានតា ង៉ែត ទម្លាក់ពីចុងត្នោតមកដី ហើយទៅចូលរូបអ្នកស្រុកម្នាក់ ឲ្យនិយាយថាលោកតាមិនឲ្យតា ង៉ែតធ្វើត្នោតទៀតទេ ឲ្យរកស៊ីអ្វីដទៃទៀតទៅ កុំដើរគាបផ្កាគេទៀត គេឈឺណាស់ គ្រោះនេះ តា ង៉ែត មិនស្លាប់ក្នុងពេលនោះដែរ តែលុះគាត់បានស្រាកស្រាន្តជាចាកជំងឺ មានកម្លាំងស្រួលបួលឡើងវិញ គាត់ក៏ចាប់ធ្វើរបរត្នោតទៀត គាត់ធ្វើដើមដដែលហ្នឹង ពេលនោះអ្នកតាក្រហម (អ្នកតាភូមិ) លែងច្រានតា ង៉ែត ទម្លាក់ដូចមុនទៀតហើយ អ្នកតាខឹងខ្លាំងណាស់ ដោយប្រដៅតា ង៉ែត មិនស្ដាប់ ក៏ចាប់តា ង៉ែត យកទៅដាក់ច្រវាក់ភ្ជាប់នឹងសសរខ្ទមអ្នកតា អស់មួយយប់មួយថ្ងៃ ប្រពន្ធកូនបាត់តា ង៉ែត ដើររកមិនឃើញសោះ រកចុះរកឡើងក៏បានឃើញតា ង៉ែត នៅខ្ទមអ្នកតា ពេលនោះតា ង៉ែត ឃើញប្រពន្ធដើរចូលទៅ ស្រែកប្រាប់មកថាអញទៅមិនរួចទេ អញជាប់ច្រវាក់ជើងហើយ!” ដូច្នោះ ប្រពន្ធកូនក៏ខំទាញគាត់ចេញពីខ្ទមអ្នកតា តែគ្មានកម្រើកសោះ ទាញយ៉ាងណាក៏មិនរួច គេឃើញជើងគាត់ទាំងពីរព័ទ្ធជាប់នឹងសសរខ្ទម ហើយសូរច្រវាក់ច្រាវនៅក្បែរគាត់នោះដែរ ប្រពន្ធកូនខំទាញទាល់ចំណេះ នៅតែមិនរួច ក៏តាំងបែរបន់ចុះញ៉ម សុំឲ្យអ្នកតាលែងតា ង៉ែត នោះមកវិញ អ្នកតាក៏លែងតា ង៉ែត ឲ្យមកជួបជុំប្រពន្ធកូនវិញដូចធម្មតា តាំងពីពេលនោះមក អ្នកស្រុកភូមិក៏នាំគ្នាជឿស៊ប់ ចំពោះអ្នកតានោះឥតងាករេ គេតែងបន់គ្រប់គ្នា ក្នុងពេលណាដែលមានទុក្ខព្រួយ បាត់របស់ទ្រព្យផ្សេង ក៏ចង់បានជ័យជម្នះ ក្នុងការលេងល្បែងស៊ីសងជាដើម គោលបំណងនៃការបន់នេះច្រើនតែបានសម្រេចដូចបំណងរៀងរហូតមក របៀបតង្វាយគេច្រើនថ្វាយស្លាធម៌ដៃ2 គូ ស្លាធម៌ដូង គូមាន់ស្ងោរ មាន់រស់ មាន់ធ្នាក់ នំ ចេក ប្រាក់ ទង់ ទៅតាមការដែលគេបានបន់

+របៀបឡើងអ្នកតា

ពិធីឡើងអ្នកតាក្រហម អ្នកតាភូមិនេះ គេកំណត់ធ្វើនៅថ្ងៃ ១៣ កើត ខែពិសាខរៀងរាល់ឆ្នាំ អ្នកស្រុកមហារាជ (ភូមិឈើទាល) រៀបចំធ្វើពិធីនេះរៀងរាល់ឆ្នាំ ឆ្នាំខ្លះគេធ្វើបង្ហារួច និមន្តព្រះសង្ឃចំរើនព្រះបរិត្ត រួចទេសនា ព្រឹកឡើងនិមន្តព្រះសង្ឃដារ ឆាន់ ដល់ពេលល្ងាចទើបគេចាប់ធ្វើពិធីបញ្ជាន់រូប ប៉ុន្តែមានឆ្នាំខ្លះ គេធ្វើបញ្ជាន់រូបតែម្ដង មិនមាននិមន្តព្រះសង្ឃឆាន់ទេ អ្នកតានោះ មានរូបសម្នឹងជាភេទប្រុសសម្រាប់ចូលមកនិយាយកិច្ចការប្រាប់កូនចៅ តារូបសម្នឹងនោះមានអាយុប្រមាណ ៥០ឆ្នាំ គឺអ្នកតាក្រហមចូលជាន់តែម្ដង ឥតមានអ្នកណារើសទេ ប៉ុន្តែមកខាងក្រោយ រូបនោះក៏កាន់តែចាស់ ចូលជាន់លែងកើត អ្នកស្រុកក៏រើសរករូបថ្មីទៀត ដោយគេបួងសួងថាបើលោកតាស្រឡាញ់អ្នកណា សូមឲ្យចូលរូបអ្នកនោះចុះ ព្រោះរូបមុនចាស់ណាស់ហើយ គេបួងសួងរួចហើយ ក៏ចាប់លេងភ្លេងខ្មែរ ឲ្យអ្នកតារើសរូបចូលទៅ សព្វថ្ងៃនេះ ចូលរូបតាម្នាក់ឈ្មោះ តា អន ដែលជារូបថ្មី អាយុ ៥០ ប្លាយដែរទើបនឹងចូលធ្វើសម្នឹងក្នុងឆ្នាំ១៩៦៦ មុននេះគាត់នៅភូមិខ្នាអុង សង្កាត់បឹងត្រាញ់ ស្រុកសំរោង តាកែវ

+អំពីគ្រឿងសំណែនសម្រាប់ឡើងអ្នកតា

នៅថ្ងៃមុន ១៣ កើតខែពិសាខអ្នកស្រុកពីរនាក់ដើររៃអង្គាសប្រាក់ពីអ្នកភូមិទាំងអស់គ្នា ដើម្បីយកទៅទិញប្រដាប់ប្រដា សម្រាប់រៀបចំពិធី កាលទិញឥវ៉ាន់សព្វគ្រប់ហើយ គេក៏ចាប់ធ្វើស្លាធម៌ដៃ គូ ដាក់ក្នុងខ្ទមអ្នកតា ព្រមទាំងមានចេក នំ បង្អែម ចម្អាប ដាក់ថ្វាយក្នុងរោងនោះផង ក្រៅពីនេះមានធ្វើសង្ឃឹកមួយ ទទឹង .៦០ ម៉ែត្របណ្ដោយ .២០ ម៉ែត្រ។ នៅក្នុងសង្ឃឹកនោះ គេដាក់ស្រូវ អង្ករ ពោត សណ្ដែក ល្ង អំបិលប្រហុក ប្រាក់កាស ដែលអ្នកស្រុកភូមិគេយកមកដាក់ ស្រូវអង្ករ គេដេរស្បោងតូចច្រកគ្រប់គ្នាយកមកដាក់ ក្នុងម្នាក់មានស្រូវ បាវអង្ករ បាវ ប្រាក់ រៀល បាយសម្លសម្រាប់ដាក់លើសង្ឃឹក និងបាយសម្លសម្រាប់ឲ្យពួកអ្នកភ្លេងបរិភោគ គេធ្វើជ្រូក ដាក់លើស្ពក និងមាន់ស្ងោរ គូ បង្អែម គូ ចម្អាប គូគ្រប់មុខសុទ្ធតែមួយគូទាំងអស់ ពែមួយប្រវែង ហត្ថរាងចតុកោណកែងស្មើ ក្នុងពែគេដាក់បាយសម្លចេក នំ គ្រប់មុខឥវ៉ាន់ដែលមាន មានពែមួយទៀតរាងកោណ មាន ថ្នាក់3 មានទ្រង់ទ្រាយពែប្រហែលនឹងអាក់ព័ទ្ធសូត្រ ក្នុងពែនេះ គេគេដាក់បង្អែម-​ចម្អាប ដូចពែរាងចតុកោណកែងស្មើនោះដែរ

នៅខាងមុខរោងអ្នកតា គេក្រាលកន្ទេល ហើយរៀបដាក់ប្រដាប់ប្រដាទាំងអស់ ឲ្យរូបអង្គុយលើកន្ទេលក្រហម ក្បែររបស់ទាំងអស់នេះ បែរមុខទៅទិសខាងកើត នៅពីមុខរូបមានរងមួយ ហើយរងមានដន្លាប់ក្រមួន ស្លាបៀក ម៉ាត់ បារី ទៀន ទៀនអុជហើយ គូ ម្លូ សន្លឹកស្លាមួយ ប្រាក់ ២០រៀល ដែលគេដាក់ឲ្យរូបបាំង4 រូបអង្គុយបត់ជើងទទូរក្រមា ដៃទាំងពីរចាប់រង របៀបទ្រោមបន្តិច ពីមុខរូបនោះ គេរៀបឆ្វេង-​ស្ដាំជាជួរ គឺ មាន់ គូ បង្អែម ចម្អាប គូ ជ្រូកដាក់កណ្ដាលខាងមុខបង្អែម និងចម្អាបទៅទៀត ទៅទៀត គេដាក់ពែសង្ឃឹកសង្ឃឹកគេដាក់មុខឲ្យឈមមករកមុខអ្នកតា និងក្រុមភ្លេង វង់ មានទ្រ ប៉ីពក អ្នកច្រៀងម្នាក់ ស្គរ ពេលបញ្ជាន់រូបលេងភ្លេងប្រគំ

ពេលភ្លេងកំពុងតែលេង រូបធ្វើទ្រឹង ហាក់ដូចជាចាំស្ដាប់ភ្លេង និងចម្រៀង បើអ្នកចម្រៀងច្រៀងមិនត្រូវទេ រូបចាប់ច្រៀងខ្លួនម្ដង ទើបអ្នកតាក្រហមចូល ពេលចូលរូបមុនដំបូង អ្នកតានិយាយជាភាសាលាវ រួចទើបនិយាយភាសាខ្មែរជាខាងក្រោយ មានម្នាក់អ្នកសួរ និងថ្វាយតង្វាយ ដែលតាមទម្លាប់អ្នកស្រុកហៅថាជើងព្រះ ជើងព្រះនេះ ចេះនិយាយភាសាខ្មោច ដូចដូង គេថាមហាលៃចេក គេថាត្រសូល“5 ជាដើម ។ល។ អ្នកចាំសួរនោះ គេសួរពីសុខទុក្ខក្នុងស្រុកភូមិ នឹងសុំកុំឲ្យមានជំងឺអាសន្នរោគ អុត ព្រោះជំងឺពីរមុខនេះ អ្នកស្រុកខ្លាចណាស់ សុំឲ្យមានទឹកភ្លៀងបរិបូណ៌ សុំកុំឲ្យមានក្រាដង្កូវស៊ីស្រូវ កុំឲ្យស្រូវពាយ ជាដើម

បន្ទាប់មក រូបអ្នកតាចូលនោះ ចាប់ឲ្យចំណីខ្មោចព្រាយ ពេលដែលឲ្យចំណីគេបង្វែរសង្ឃឹកនោះ ឲ្យបែរមុខចេញ រូបចូលនោះចាប់យកអង្ករមកផ្លុំ រួចបាចទៅលើពែនិងសង្ឃឹក រួចចាប់លាជមកបាចលើពែនិងសង្ឃឹកទៀត ហើយគេឲ្យជូនពែនិងសង្ឃឹកនោះទៅ មុនពេលយកសង្ឃឹកនិងជូនពែនោះទៅនោះ គេត្រូវចាក់បាយចាក់សម្ល បង្អែម ចម្អាប ដាក់លើពែនិងសង្ឃឹក រួចនាំគ្នាសែងពែនិងសង្ឃឹកនោះចេញទៅ រូបនោះក្រោកឈរ ដៃកាន់ដំបង ដាវ គ្រវីលោតដើរតាមក្រោយអ្នកសែងសង្ឃឹកនោះទៅដែរ អ្នកលេងភ្លេងបទស្ដេចដើរ មនុស្សក៏ក្រោកដើរហែទៅទាំងអស់គ្នា បានចម្ងាយ ៥០ម. ១០០ម. រូបត្រឡប់មកវិញ អ្នកសែងសង្ឃឹក ភ្លេង និងអ្នកហែទាំងអស់ ចេះតែហែទៅមុខទៀត បានចម្ងាយប្រហែល ៥០០ម. ទើបដាក់សង្ឃឹកនិងពែចោល ភ្លេងក៏ឈប់លេង អ្នកហែត្រឡប់មកវិញ

ប្រដាប់ប្រដានៅលើសង្ឃឹកទាំងប៉ុន្មាន ត្រូវអ្នកសែងនោះចាត់ការគឺ មាន់ស្ងោរ ជ្រូក គេបេះតែស្លឹកត្រចៀកបន្តិច ក្បាលបន្តិច ជើង កន្ទុយដាក់លើសង្ឃឹកនោះទៅ សល់ប៉ុន្មាន គេនាំគ្នាចែកគ្នាបរិភោគ ប៉ុន្តែបើស្រុកមានកើតជំងឺអាសន្នរោគ អុត ហើយបើមានធ្វើពិធីនេះ គេមិនដែលហ៊ានយករបស់អ្វីមកវិញទេ ទុកចោលនៅនោះហើយ សូម្បីតែសត្វតិរច្ឆានក៏មិនហ៊ានស៊ីផង សម័យសព្វថ្ងៃនេះ ពេលរៀបឡើងអ្នកតាក្រហម មិនមានដាក់ជ្រូកទាំងមូលដូចមុនទេ គេទិញតែក្បាល ជើង និងកន្ទុយជ្រូកមកជាការស្រេច

ប្រែសម្រួលនិងដកស្រង់ពីសៀវភៅរឿងព្រេងខ្មែរដោយ÷ចៅតាជេត

(សូមរង់ចាំអានរឿងព្រេងនិងទំនៀមនៅថ្ងៃស្អែកទៀត)

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print