ខេត្តពោធិ៍សាត់៖ កម្លាំងជំនាញព្រហ្មទណ្ឌនៃស្នងការដ្ឋាននគរបាលខេត្តសហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាល បានចុះអនុវត្តដីកាសាលាដំបូងខេត្ត ដោយឃាត់ខ្លួនជនសង្ស័យ ១នាក់ ពាក់ព័ន្ធករណីលួច ។
ករណីនគរបាលចុះអនុវត្តដីកាខាងលើ ធ្វើឡើងនៅវេលាម៉ោង៣ និង១៥នាទី រសៀលថ្ងៃព្រហស្បតិ៍ ៨រោច ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២០ ស្ថិតក្នុងភូមិពាលញែក សង្កាត់ផ្ទះព្រៃ ក្រុង-ខេត្តពោធិ៍សាត់ ។
លោក ឧត្ដមសេនីយ៍ត្រី ម៉ូ លីដា ស្នងការរងផែនការងារនគរបាលព្រហ្មទណ្ឌ ដែលបានដឹកនាំករណីនេះផ្ទាល់បានប្រាប់ថា ជនសង្ស័យឈ្មោះ យាង វិឡា ភេទប្រុស អាយុ ៣១ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្ន រស់នៅភូមិពាលញែក សង្កាត់ផ្ទះព្រៃ ក្រុង-ខេត្តពោធិ៍សាត់។ការឃាត់ខ្លួនជនសង្ស័យនេះគឺជាការអនុវត្តតាមដីកាបញ្ជាឲ្យចូលខ្លួន លេខ៥៣៥ អ. យ. ២០ ចុះថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២០ ដែលចេញដោយលោក កូយ កាន់យ៉ា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តពោធិ៍សាត់ ដោយឃាត់ខ្លួនជនសង្ស័យខាងលើ និងដកហូតនូវវត្ថុតាងមួយចំនួនផងដែរ ។
លោកស្នងការរងបន្តទៀតថា ខ្លឹមសារដីកាខាងលើ ជនសង្ស័យ(យាង វិឡា)ជាប់ចោទពីបទៈ លួច ប្រព្រិឹត្តនៅចំណុចផ្ទះសំណាក់យីហោ(លឹម សេងស្រ៊ុន) ស្ថិតក្នុងភូមិរ៉ា សង្កាត់ផ្ទះព្រៃ ក្រុង-ខេត្តពោធិ៍សាត់ កាលពីថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២០៕
ដោយ៖ បុឹម ពិន