ភ្នំពេញ៖ ទីតាំងបនល្បែងភ្នាល់ស៉ីសងតាមអនឡាញ ប្រភេទJoker នៅខណ្ឌឫស្សីកែវ ស្ថិតក្បែរសណ្ឋាគារបុប្ផារាជធានី ដែលពលរដ្ឋសំណូមពរដល់អាជ្ញាធរ និងសមត្ថកិច្ចចុះបង្ក្រាបនោះ ពេលនេះកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌឫស្សីកែវ ដឹកនាំកម្លាំងចុះបង្រ្កាបជាក់ស្តែងឃាត់ខ្លួនមនុស្ស៨នាក់ និងដកហូតវត្ថុតាងផងដែរ ។
លោក ជា ពិសី អភិបាលខណ្ឌឫស្សីកែវ បានឲ្យដឹងថា ប្រតិបត្តិការបង្ក្រាបទីតាំងខាងលើនេះ បានធ្វើឡើងកាលពីព្រឹកថ្ងៃទី១៥ ខែឧសភាឆ្នាំ២០២០ ដោយជាក់ស្តែងទីតាំងបនល្បែងភ្នាល់ស៉ីសងស្ទើរគ្រប់ប្រភេទតាមប្រព័ន្ធអនឡាញ ដែលជាប្រភេទ(Joker) ហើយគ្មានច្បាប់អនុញ្ញាតិនោះទេ ។ លោកបន្តថា ក្រោយបង្ក្រាបរួច និងបិទទ្វារចោលជាស្ថាពរ ទៅតាមសំណូមពររបស់ប្រជាពលរដ្ឋ មិនឲ្យមានការបើកឡើងវិញនោះឡើយ ។
ដោយឡែកលោកវរសេនីយ៍ទោ ហ៊ាង ថារ៉េត អធិការនគរបាលខណ្ឌ ក៏បានឲ្យដឹងដែរថា ក្នុងការបង្ក្រាបទីតាំងខាងលើនេះ ក្រោមការណែនាំរបស់លោក ជា ពិសី អភិបាល នៃគណៈអភិបាលខណ្ឌឫស្សីកែវ បញ្ជាឲ្យលោក ប្រាជ្ញ សីហា អភិបាលរងខណ្ឌ ដឹកនាំកម្លាំងចម្រុះចុះបង្ក្រាប បន្ទាប់ពីទទួលព័ត៍មានពីប្រជាពលរដ្ឋ រស់នៅតាមបណ្ដោយផ្លូវលេខ១០៥ ក្រុមទី២ ភូមិបាក់ទូក សង្កាត់ទួលសង្កែទី១រាយការណ៍ប្រាប់សមត្ថកិច្ច ទើបឈានដល់ការបង្ក្រាបតែម្តង ។ ជាលិទ្ធផល កម្លាំងចម្រុះរបស់គណៈបញ្ជាការឯកភាពខណ្ឌ បានឃាត់ខ្លួនអ្នកលេងចំនួន៨នាក់ និងដកហូតវត្ថុតាងជាច្រើនផងដែរ ។
លោកអធិការខណ្ឌបន្តថា ក្រោយប្រតិបត្តិការរួច មនុស្សទាំង៨នាក់ ដែលជាអ្នកលេងនោះ ត្រូវបានធ្វើការអប់រំ និងហៅអាណាព្យាបាលមកធ្វើកិច្ចសន្យា ដើម្បីធានាយកត្រលប់ទៅផ្ទះវិញ ។ ចំណែកទីតាំងបនល្បែងនេះ ត្រូវបានគណៈបញ្ជាកាេឯកភាពខណ្ឌបិទទ្វារចោលរហូត មិនឲ្យមានការបើកឡើងវិញនោះទេ ៕ដោយ៖អរុណរះ