អ្វីទៅហៅថា “ គ្រោងការទុច្ចរិតក្លែងបន្លំតាមប្រព័ន្ធទូរស័ព្ទ ឬ Telephone Scam ”?

ចែករំលែក៖

ភ្នំពេញ៖ លោក អ៉ឹម វុត្ថា ជាអ្នកនាំពាក្យនិយ័តករទូរគមនាគមន៍កម្ពុជាបានបញ្ជាក់ក្នុងគណនីហ្វេសប៊ុកថា៖ គ្រោងការទុច្ចរិតក្លែងបន្លំតាមប្រព័ន្ឋទូរស័ព្ទ ឬហៅ Telephone Scam ” គឺជាអំពើឬសកម្មភាពក្នុងការស្វែងរកព័ត៌មានពីអ្នកប្រើប្រាស់សេវាទូរគមនាគមន៍តាមរយៈទូរស័ព្ទ ឬ បញ្ជូនសា ឬ ស្រាវជ្រាវតាមដានតាមបណ្តាញសង្គមនិងបណ្តាញ OTT នានា ដើម្បីធ្វើការបោកប្រាស់កេងបន្លំផលប្រយោជន៍ពីអ្នកប្រើប្រាស់សេវាទូរគមនាគមន៍ ។

លោក អ៉ឹម វុត្ថាបញ្ជាក់ទៀតថា៖គ្រោងការទុច្ចរិតក្លែងបន្លំតាមប្រព័ន្ឋទូរស័ព្ទ ឬហៅ Telephone Scam “ ខុសគ្នាបន្តិចនឹង “ បទល្មើសបច្ចេកវិទ្យា ឬ Cyber Crime ” ត្រង់ថា “ បទល្មើសបច្ចេកវិទ្យា ឬ Cyber Crime ” ជាសកម្មភាពឬប្រតិបត្តិវាយលុកលួចទាញយកព័ត៌មាន វាយលុកចូលកំទេចព័ត៌មាន ឬ វាយលុកចូលបិទឬលួចកាន់កាប់គេហទំព័រ ឬគណនីបណ្តាញសង្គមឬសេវា OTT ណាមួយ តាមរយៈកម្មវិធីព័ត៌មានវិទ្យាពិសេស ក្នុងបំណងអនុវត្តសកម្មភាពឧក្រឹដ្ឋកម្ម និងបំផ្លាញសណ្តាប់ធ្នាប់សង្គមឬសន្តិសុខសាធារណៈ និងសន្តិសុខជាតិ ។ល។

នៅកម្ពុជាយើង “គ្រោងការទុច្ចរិតក្លែងបន្លំតាមប្រព័ន្ឋទូរស័ព្ទ ឬហៅ Telephone Scam ” ដែលកំពុងតែកើតមានឡើងទាំងនោះ រួមមាន៖
– មានការក្លែងបន្លំទូរស័ព្ទមកជនណាម្នាក់ថាមានបងប្អូនឬមានសាច់ញាតិគ្រោះថ្នាក់ចរាចរណ៍បើកឡានឬទោចចក្រយានយន្តប៉ះពារគេ ត្រូវដោះស្រាយសងសំណង ហើយគេធានាជួយអន្តរាគមន៍ឱ្យៗតែជនទទួលទូរស័ព្ទវេលុយតាមប្រព័ន្ធផ្ទេរលុយណាមួយទៅឱ្យគេចឹងទៅ។
– ករណីមានជនម្នាក់មានលុយដាក់ផ្ញើនៅក្នុងគណនីធនាគារណាមួយចឹង ហើយជនខិលខូចនោះ ស្រាវជ្រាវរកលេខជននោះ ហើយប្រាប់ថាគេជាបុគ្គលិកធនាគារដែលយើងដាក់ប្រាក់មានបំណងចង់រៀបចំគណនីឬធ្វើអ្វីមួយតាមជំនាញធនាគារ ដោយត្រូវការព័ត៌មានសំខាន់ៗពីជននោះ ហើយនៅពេលយើងប្រាប់អស់ទៅ ជនខិលខូចហ្នឹងគេនឹងទាញយកលុយយើងចេញពីធនាគារអស់ទៅ។
– ឬតាំងខ្លួនស្គាល់ថ្នាក់ដឹកនាំរបស់យើង មកថានេះថានោះ ជាផលមិនល្អសម្រាប់យើង ឬ ចង់ឱ្យឡើងដំណែង ដែលតម្រូវឱ្យលុយទៅគេ ។ល។
– មានករណីមួយទៀត បណ្តាប្រតិបត្តិករទូរស័ព្ទនៅបណ្តាប្រទេសនៅលើកោះ តូចៗ ដែលមិនសូវមានអ្នកណាទូរស័ព្ទទៅ ហើយទូរស័ព្ទទៅមានតម្លៃថ្លៃជាងប្រទេសដទៃ។ ពេលនោះប្រតិបត្តិករហ្នឹងធ្វើការស៊ីញ៉ូមួយខ្វាច់ រួមយើងអ្នកទទួល នៅកម្ពុជានេះ ស្មានថាបងប្អូនឬសាច់ញាតិឬដៃគូជំនួញទូរស័ព្ទមក ក៏ទូរស័ព្ទទៅវិញពេលនោះ មិនមានអ្នកណានិយាយរកយើងទេ ឬនិយាយដែលមានលក្ខណៈទាក់ទាញយើងឱ្យនិយាយក្នុងរយៈពេលមួយ ៥នាទី ទៅ ១០នាទី អីចឹង ពេលនោះយើងអ្នកហៅទៅគេ គឺត្រូវគិតលុយឱ្យទៅប្រតិបត្តិករក្នុងស្រុកដែលយើងប្រើ ហើយប្រតិបត្តិករក្នុងស្រុកយើងបង់ថ្លៃឱ្យទៅប្រតិបត្តិករប្រទេសនោះជាលក្ខណៈសេវារ៉ូម៉ីងអន្តរជាតិ។
– ករណីមួយទៀត មានគេតាំងខ្លួនជាតំណាងក្រុមហ៊ុនឆ្នោត ឬ តំណាងក្រុមហ៊ុនផលិតផលណាមួយ ទូរស័ព្ទមកយើងថាយើងមានត្រូវរង្វាន់អីចឹង ហើយបើចង់បានរង្វាន់នោះត្រូវតែវេលុយមកឱ្យគេខ្លះទៅ ដើម្បីគេជួយពន្លឿននិងយកទៅជូនតែម្តងដល់ផ្ទះអីចឹងទៅ។
– ករណីខ្លះទៀត មានផ្ញើសារថាយើងត្រូវរង្វាន់បរទេសឬគេចង់ចងយើងជាមិត្ត គេចង់ផ្ញើអីមកឱ្យ តែមកដល់ហើយ ត្រូវការថ្លៃបង់សេវា។ល។ ឱ្យយើងវេលុយឱ្យទៅគេអីចឹងទៅ។
– មានករណីមួយទៀត គេភ្ជាប់បណ្តាញ SIMBOX តាមស៊ីមទូរស័ព្ទ ឬតាមអាយភី ដើម្បីធ្វើជាបណ្តាញទំនាក់ទំនងក្រៅប្រព័ន្ធគ្រប់គ្រងរបស់យើង ទៅប្រើប្រាស់ចាប់ជម្រឹតទារប្រាក់ជាដើម។ល។
– បញ្ជូនសារមកយើងក្នុងគោលដៅបោកបញ្ឆោត ថានឹងបញ្ជូនរបស់មកឱ្យ ថានឹងរៀបចំយើងឱ្យទៅនៅបរទេស ហើយតម្រូវឱ្យយើងបំពេញឯកសារអនឡាញ ដែលគេអាចទាញយកព័ត៌មានពីយើង ក្នុងបំណង់បោកប្រាស់។ល។

ដើម្បីទប់ស្កាត់អំពើនិងសកម្មភាពទាំងនេះ គឺគ្មានអ្វីក្រៅពី៖
ទី១៖ អ្នកប្រើប្រាស់សេវាទូរស័ព្ទឬសេវាទូរគមនាគមន៍ ត្រូវផ្តល់ការសហការអ្នក ផ្តល់សេវាដោយផ្តល់អត្តសញ្ញាណសំគាល់របស់ខ្លួននៅពេលជួលជាវសេវា។
ទី២៖ មិនត្រូវជឿជាក់ពេកទេទៅលើរឿងអភូតហេតុធ្លាក់មកពីលើមេឃ ដូចជាត្រូវរង្វាន់ និង ផ្តល់ព័ត៌មានរបស់ខ្លួនទៅឱ្យជនមិនស្គាល់អត្តសញ្ញាណ។
ទី៣៖ ប្រើប្រាស់កម្មវិធីនៅក្នុងទូរស័ព្ទដៃឬកុំព្យូទ័រ ត្រូវស្ទាត់ជំនាញនិងមានវិធីការពារសុវត្ថិភាពឱ្យបានត្រឹមត្រូវ បើខ្លួនមិនចេះគួសួរគេឯងជាអ្នកជំនាញដើម្បីជួយ
យើង។
ទី៤៖ មានបញ្ហាត្រូវប្តឹងទៅអាជ្ញាធរសមត្ថកិច្ចមូលដ្ឋានដែលនៅជិតអ្នក និង សហការជាមួយអាជ្ញាធរមានសមត្ថកិច្ចឱ្យល្អ។

ក្នុងកិច្ចការទប់ស្កាត់បញ្ហានេះ កន្លងមក ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ក៏ដូចជានិយ័តករទូរគមនាគមន៍កម្ពុជា បានរួមចំណែកជាមួយអាជ្ញាធរមានសមត្ថកិច្ច ជាពិសេសក្រសួងមហាផ្ទៃ រួមមាន៖
ទី១៖ យន្តការច្បាប់ និង បទប្បញ្ញត្តិជាធរមាន៖
– បានសហការជាមួយក្រសួងមហាផ្ទៃ ចេញសារាចរណ៍ណែនាំអន្តរក្រសួងមួយមានលេខ ០០១ សរ.មផ.បទ ចុះថ្ងៃទី២៨ខែកុម្ភៈឆ្នាំ២០១២ ស្តីពីការគ្រប់គ្រង ការធ្វើអាជីវកម្ម និងការប្រើប្រាស់សេវាកម្មទូរគមនាគមន៍ ដើម្បីឱ្យប្រតិបត្តិករផ្តល់សេវាទូរគមនាគមន៍ និង ដេប៉ូចែកចាយសេវាទូរគមនាគមន៍អនុវត្តឱ្យបានត្រឹមត្រូវ។
– ច្បាប់ស្តីពីទូរគមនាគមន៍ ដែលបានដាក់ឱ្យប្រើប្រាស់នៅចុងឆ្នាំ២០១៥ ដែលជាបទប្បញ្ញត្តិកំពូលក្នុងការតម្រូវឱ្យប្រតិបត្តិករទូរគមនាគមន៍អនុវត្ត និងសហការជាមួយរាជរដ្ឋាភិបាលក្នុងចាត់វិធានការផ្សេងៗដែលជាបទល្មើស។
– បង្គាប់ឱ្យប្រតិបត្តិករទូរគមនាគមន៍ សហការឱ្យបានល្អលើបញ្ហានេះ ជាមួយអាជ្ញាធរមានសមត្ថកិច្ច។
ទី២៖ យន្តការចាត់វិធានការ៖
គ្មានអ្វីពីសហការជាមួយអគ្គស្នងការនគរបាលជាតិ នៃក្រសួងមហាផ្ទៃ ក្នុងការចាត់វិធានការលើបញ្ហានេះ និង បញ្ជ្រៀបការយល់ដឹងពីសីលធម៌សង្គម និង ចំណេះដឹងខាងបច្ចេកទេសព័ត៌មានវិទ្យានិងទូរគមនាគមន៍ តាមរយៈបណ្តាញសារព័ត៌មាន បណ្តាញផ្សព្វផ្សាយដទៃទៀត និង ស្ថាប័នអប់រំពាក់ព័ន្ធ។

វិធានការមានប្រសិទ្ឋិភាពសំរាប់ការទប់ស្កាត់បញ្ហានេះ ទាមទារឲ្យមានស្ថាប័នជំនាញណាខ្លះចូលរួម ?
ទី១) ប្រជារាស្រ្តខ្លួនឯង ទី២) អាជ្ញាធរមានសមត្ថកិច្ចតាមមូលដ្ឋាន ទី៣) អគ្គស្នងការនគរបាលជាតិ នៃក្រសួងមហាផ្ទៃ ទី៣) អគ្គាធិការដ្ឋាននៃក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ទី៤) ប្រតិបត្តិករទូរគមនាគមន៍ ទី៥) ស្ថាប័នតុលាការ ទី៦) ត្រូវមានច្បាប់ និងបទប្បញ្ញត្តិឱ្យបានច្បាស់លាស់ ៕

...

ដោយ៖ ក្រសួងប្រៃសណីយ៍

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print