ភ្នំពេញ៖ ណាហ្គាវើលដ៍បេះដូងសប្បុរសដែលជាផ្នែកទំនួលខុសត្រូវការងារសង្គមរបស់ក្រុមហ៊ុនណាហ្គាវើលដ៍កាលពីពេលថ្មីនេះ បានធ្វើការឧបត្ថម្ភដ៏សំខាន់មួយបន្ថែមទៀតសំដៅឆ្ពោះទៅរកការប្រឆាំងមេរោគកូវដី–១៩ ដោយផ្តល់នូវម៉ាស់មុខ ១០.០០០ បន្ទះ ជែលលាងដៃ១.០០០ ដប និងទឹកអាល់កុលលាងដៃ ១៨០ លីត្រដល់អគ្គស្នងការដ្ឋាននគរបាលជាតិ។
នាយកគ្រប់គ្រងណាហ្គាវើលដ៍ លោក Pern Chen បានឲ្យដឹងថា “ក្នុងនាមជាក្រុមហ៊ុនដែលមានទំនួលខុសត្រូវមួយ ណាហ្គាវើលដ៍បានចូលរួមឧបត្ថម្ភសម្ភារការពារទាំងនេះដល់នគរបាលជាតិ។ សម្ភារទាំងនេះ នឹងត្រូវប្រើប្រាស់ដោយមន្ត្រីរបស់ពួកគេ និងសហគមន៍ដែលមានតម្រូវការជាចាំបាច់បំផុត។ យើងត្រូវធ្វើការជាមួយគ្នា និងធានាថា ប្រជាពលរដ្ឋគ្រប់រូបទទួលបានការការពារ ហើយយើងអាចបង្កើតឲ្យមានការផ្លាស់ប្តូរមួយពោលគឺរក្សាសហគមន៍របស់យើងឲ្យមានសុវត្ថិភាព”។
លោកឧត្តមសេនីយ៍ទោ ជា សណ្តាប់ បានទទួលសម្ភារការពារទាំងនេះតំណាងឯកឧត្តម ឧត្តមសេនីយ៍ឯក ឡោ សុឡេង អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការហិរញ្ញកិច្ច និងភស្តុភារ។ លោកថា “យើងសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះទឹកចិត្តសប្បុរសរបស់ក្រុមហ៊ុនណាហ្គាវើលដ៍។ ជំងឺរាតត្បាតសកលនេះ បានប៉ះពាល់ដល់គ្រប់វិស័យនៅក្នុងសង្គម ហើយយើងស្វាគមន៍ការឧបត្ថម្ភទាំងអស់ពីវិស័យឯកជនដើម្បីការពារសហគមន៍ដែលយើងបម្រើ និងការពារ”។
នៅក្នុងពិធីប្រគល់នោះ លោក Pern Chen ក៏បានចែករំលែកព្រឹត្តិបត្រព័ត៌មានការងារសង្គមប្រចាំត្រីមាសដែលបង្ហាញអំពីសកម្មភាពសង្គមថ្មីៗ និងសកម្មភាពក្នុងកំឡុងពេលជំងឺរាតត្បាតនេះដល់លោកឧត្តមសេនីយ៍ទោ និងក្រុមការងារផងដែរ។
គួរបញ្ជាក់ផងដែរថា បន្ថែមទៅលើការឧបត្ថម្ភសម្ភារការពារមេរោគកូវីដ–១៩ ដល់អគ្គស្នងការដ្ឋាននគរបាលជាតិ ណាហ្គាវើលដ៍បេះដូងសប្បុរសក៏បានឧបត្ថម្ភដល់ក្រសួងអប់រំ យុវជន និងកីឡា និងសាលារាជធានីភ្នំពេញផងដែរកាលពីចុងខែមេសានេះដែលសរុបក្រុមការងារសង្គមរបស់ណាហ្គាវើលដ៍បានឧបត្ថម្ភនូវម៉ាស់មុខ ៣០.០០០ បន្ទះ ជែលលាងដៃ ៣.០០០ ដប និងទឹកអាល់កុលលាងដៃ ៥៤០ លីត្រ ៕ដោយ៖ស តារា
នាយកគ្រប់គ្រងណាហ្គាវើលដ៍ លោក Pern Chen ប្រគល់សម្ភារការពារមេរោគកូវីដ-១៩ ដល់អគ្គស្នងការដ្ឋាននគរបាលជាតិ