ភ្នំពេញ៖ ជនសង្ស័យម្នាក់ក្នុងចំណោមបក្ខពួក៤នាក់ ត្រូវបានកំលាំងប៉ូលិសខណ្ឌជ្រោយចង្វាឃាត់ បន្ទាប់រូបគេ និងបក្ខពួកគេបានលួចមេគោវះយកសាច់ទៅទុកក្នុងបន្ទាប់ជួល ហើយត្រូវម្ខាស់តាមទាន់ប្តឹងសមត្ថកិច្ចអោយចាប់ខ្លួនបានម្នាក់ និង៤នាក់ទៀតរត់គេចខ្លួនបាត់ស្រមោល ។
ហេតុការណ៍ឃាត់ខ្លួននេះបានធ្វើឡើងកាលពីវេលាម៉ោង១រំលងអាធ្រាត្រ ឈានចូលថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៦ ស្ថិតនៅតាមផ្លូវទន្លេសាបចំណុចមាត់ច្រាំងទន្លេ ត្រង់ចំណុចមុខវត្តប្រជុំសាគរ ក្រុមទី១០ ភូមិ០១ សង្កាត់-ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ ។
សមត្ថកិច្ចនគរបាលខណ្ឌជ្រោយចង្វាបានឲ្យដឹងថា ជនរងគ្រោះម្ចាស់គោមានឈ្មោះ សុវណ្ណ ការីម ភេទប្រុស អាយុ២០ ឆ្នាំ មុខរបរកាប់គោលក់ មានទីលំនៅភូមិសង្កាត់ កើតហេតុខាងលើ ។
ចំណែកជនសង្ស័យដែលត្រូវឃាត់ខ្លូននោះមានឈ្មោះហាក់ អាលី ភេទប្រុស អាយុ២៩ឆ្នាំ មុខរបររត់ម៉ូតូឌុប មានទីលំនៅផ្ទះជួល សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ រីឯបក្ខពួកគេ៤នាក់ទៀត ដែលរត់គេចខ្លួននោះ ១ឈ្មោះ ម៉ិច ភេទប្រុស អាយុប្រហែល៣០ឆ្នាំ មុខរបរមិនពិតប្រាកដ ២.ឈ្មោះ លឹម ភេទប្រុស អាយុជាង២០ឆ្នាំ មុខរបរមិនពិតប្រាកដ ៣.ឈ្មោះ សេន ភេទប្រុស អ្នកទាំង៣នាក់ស្នាក់នៅក្នុងភូមិ សង្កាត់ កើតហេតុខាងលើ និងបក្ខពួកម្នាក់ទៀត មិនត្រូបានស្គាល់ឈ្មោះនោះឡើយ ។
តាមប្រភពព័ត៌មានពីសមត្ថកិច្ចបានអោយដឹងថា នៅពេលកើហេតុ ជនរងគ្រោះបានដឹកមេគោយកទៅចងអោយស៊ីស្មៅ នៅចំណុចខាងលើតាំងពីថ្ងៃ លុះល្ងាច រូបគាត់បានទៅដឹកមេគោយកមកផ្ទះវិញ ក៏ប៉ុន្តែដោយសារមេគោនោះឈឺជើងខាងក្រោយដើរអត់រួច ទើបម្ចាស់គោសំរេចចងមេគោនៅនិគុម្ពត្រែងចោលនៅទីនោះ។ ចំណែកឯម្ចាស់គោបានត្រឡប់មកសំរាកនៅផ្ទះវិញ លុះដល់ម៉ោង៣និង០០នាទីទៀបភ្លឺ ម្ចាស់គោបានទៅដឹកគោយកមកកាប់យកសាច់លក់ ស្រាប់តែបាត់មេ គោពីកន្លែង ក៏មានការឆោឡោ ហើយម្ចាស់គោក៏មានការសង្ស័យបានជិះមករកមើលក្បែរៗនោះ ក៏ប្រទះឃើញបំណែកឆ្អឹងគោ ស្បែក និងក្បាលមេគោខ្លួន រួចក៏បានដើររកបន្តមកដល់ម្តុំគល់ស្ពានជ្រោយចង្វា ក៏ប្រទះឃើញសាច់គោ និងគ្រោងឆ្អឹងខ្លះទុកនៅក្នុងផ្ទះរបស់ជនសង្ស័យ ឈ្មោះ ម៉ិច រួចមកប្តឹងសមត្ថកិច្ចនគរបាលប៉ុស្តិ៍ជ្រោយចង្វាចុះអន្តរាគមន៍ឃាត់បានជនសង្ស័យម្នាក់ឈ្មោះហាក់ អាលី ហើយឆែកខ្លួនឃើញមានកាំបិតបុ័ងតោ១ និងជំពាមកៅស៊ូ១ គ្រាប់ថ្ម២គ្រាប់ រួចក៏នាំខ្លួនជនសង្ស័យមកកាន់អធិការដ្ឋាននគរបាលខណ្ឌជ្រោយចង្វាដើម្បីសួរនាំ ឈានទៅចាប់បក្ខពួកដែលរត់គេចខ្លួន និងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញចាត់ការបន្តតាមនីតិវិធី ៕
ដោយ៖ ជ្រោយពេជ្រ