កណ្ដាល: ជនសង្ស័យម្នាក់ ខឹងគេជេរម្ដាយខ្លួនកាលពីមុនមក បានបង្កជាមានគំនុំគុំគួន ខណ:ស្រវឹងស្រាជោគជាំ ឃើញជនរងគ្រោះនៅឈរម្នាក់ឯង ក៏យកដុំឥដ្ឋវាយក្បាលជនរងគ្រោះ បណ្ដាលឲ្យរបួសដេរ៧ថ្នេរ។ ករណីនេះបានកើតឡើងនៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២០ វេលាម៉ោង១៨និង១០នាទី ចំនុចខាងមុខផ្ទះជនរងគ្រោះ ស្ថិតក្នុងភូមិទួលលាប ឃុំព្រៃពួច ស្រុកអង្គស្នួល ខេត្តកណ្តាល។
មន្ត្រីនគរបាលស្រុកអង្គស្នួលបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ ឃិន សម្ភស ភេទប្រុស អាយុ៣៤ឆ្នាំ
ជនជាតិខ្មែរ មុខរបរអ្នករត់ផាសស្អាប់(កង់បី)។ ចំណែកជនសង្ស័យឈ្មោះ កែវ សាមឌី ភេទប្រុស អាយុ៣៦ឆ្នាំជនជាតិខ្មែរ មុខរបរបើកបររថយន្ត។ ជនរងគ្រោះនិងជនសង្ស័យមានទីលំនៅភូមិទួលលាប ឃុំព្រៃពួច ស្រុកអង្គស្នួល ខេត្តកណ្តាល។
ប្រភពដដែលបន្តថា នៅមុនពេលកើតហេតុជនរងគ្រោះកំពុងឈរចាំប្រពន្ធនៅផ្លូវមុខផ្ទះខ្លួន ខណៈនោះ ស្រាប់តែជនសង្ស័យបានជិះម៉ូតូក្នុងសភាពស្រវឹងស្រាជោកជាំឈប់នៅផ្ទះ ហើយនិយាយដៀមដាមដាក់ជនរងគ្រោះ ប៉ុន្តែជនរងគ្រោះមិនតបត ហើយឈរមិនដឹងខ្លួន ភ្លាមនោះជនសង្ស័យ ក៏យកដុំឥដ្ឋមកវាយជនរងគ្រោះចំថ្ងាសខាងឆ្វេង បណ្តាលឲ្យបែកដេរចំនួន៧ថ្នេរ ។. បន្ទាប់ជនរងគ្រោះក៏បានរាយការណ៏ជូនសមត្ថកិច្ចនគរបាលប៉ុស្តិ៍ព្រៃពួច ធ្វើការចាប់ខ្លួនតែម្ដង។
តាមចម្លើយសារភាពរបស់ជនសង្ស័យបានសារភាពថា ខ្លួនខឹងជនរងគ្រោះ ព្រោះធ្លាប់ជេរម្តាយខ្លួនកាលពីមុន ទើបខ្លួនយកដុំឥដ្ឋវាយតែម្តងទៅ។ ចំពោះករណីនេះកម្លាំងជំនាញកំពុងបន្តចាត់ការតាមនីតិវិធី.៕