ភ្នំពេញ៖ សពបុរសម្នាក់ មិនស្គាល់អត្តសញ្ញាណ ត្រូវបានប្រជាពលរដ្ឋប្រទះឃើញ អណ្ដែតក្នុងទឹកទន្លេសាប ដោយមានសភាពហើមស្អុយរលួយ បង្កការភ្ញាក់ផ្អើលនៅវេលាម៉ោង៧ព្រឹក ថ្ងៃទី ១៨ ខែឧសភា ឆ្នាំ២០២០ នៅតាមបណ្ដោយផ្លូវជាតិលេខ ៥ ក្នុងភូមិឃ្លាំងសាំងសង្កាត់ឫស្សីកែវខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ មានប្រជានេសាទម្នាក់ បានចេញទូកទៅនេសាទដូចធម្មតា លុះធ្វើដំណើរទៅដល់ត្រង់ចំណុចជិតស្ពានម៉ាឡេក៏ប្រទះឃើញមានសពបុរសម្នាក់មិនស្គាល់អត្តសញ្ញាណមានអាយុប្រហែលជា ៣០ ឆ្នាំពាក់អាវយឺតខោខូវប៊យពណ៌ខ្មៅជើងវែង អណ្ដែតនៅក្នុងទឹកទន្លេមានសភាពហើមស្អុយរលួយទៅហើយ ។ ភ្លាមនោះរូបគាត់បានទំនាក់ទំនងទៅសមត្ថកិច្ចដើម្បីចុះដល់ចំណុចទីតាំងកន្លែងកើតហេតុ និងអូសយកសពបុរសខាងលើ មកដាក់នៅកៀនច្រាំង ដើម្បីងាយស្រួលស្រង់ឡើងមកខាងលើគោក និងធ្វើកោសល្យវិច័យ។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋាន បានទំនាក់ទំនងទៅខាងក្រុមគ្រូពេទ្យជំនាញកុសលវិច្ច័យរបស់ស្នងការរាជធានីភ្នំពេញ ដើម្បីត្រួតពិនិត្យទៅលើសព រួចក្រុមគ្រូពេទ្យបានសន្និដ្ឋានជាជំហានដំបូងថាបុរសខាងលើគឺស្លាប់ដោយសារលង់ទឹក ។ ចំណែកសពបានយកទៅតម្កល់ទុកនៅក្នុងវត្តរងចាំសមត្ថកិច្ចស្រាវជ្រាវរកសាច់ញាតិមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី ៕ដោយ៖និន សុភ័ស្ត