ផ្លូវជាតិលេខ៧ថែទាំ មួយឆ្នាំ២ដងចាប់ពីក្បាលស្ពានសេកុង រហូតដល់ផ្លូវព្រំដែនដុងក្រឡកម្ពុជា-ឡាវ

ចែករំលែក៖

ខេត្តស្ទឹងត្រែង: ផ្លូវជាតិលេខ៧ចាប់ពីគល់ស្ពានសេកុង រហូត ដល់តំបន់ដុងក្រឡព្រំប្រទល់កម្ពុជា-ឡាវ បានរងការខូចខាតស្ទើរទាំងស្រុង ត្រូវជួសជុលនិងថែទាំដោយមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត ដើម្បីងាយស្រួលដល់បងប្អូនប្រជាពលរដ្ឋ ធ្វើដំណើរក៏ដូចដឹកកសិផលផ្សេងៗ មកទីរួមខេត្ត និងលក់នៅទីផ្សារផ្សេងៗ។
លោក សរ គឹមណាត ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តស្ទឹងត្រែង បានឲ្យដឹងនៅថ្ងៃចន្ទ ១២រោច ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២០ នេះថា ដោយមើលឃើញផ្លូវជាតិលេខ៧ក្នុងខេត្តស្ទឹងត្រែងយើងនេះ រងការខូចខាតស្ទើរទាំងស្រុង គឺចាប់ពីគល់ស្ពានសេកុង រហូតដល់ព្រំដែនកម្ពុជា-ឡាវ លំបាកក្នុងការធ្វើដំណើរបស់បងប្អូនប្រជាពលរដ្ឋ ក៏ដូចភ្ញៀវជាតិ និងអន្តរជាតិ ដែលធ្វើដំណើរទៅលេងប្រទេសឡាវ ដែលជាប្រទេសសម្ព័នមិត្ត ជិតខាង និងជាសមាជិកអាស៊ានផងនោះក្រសួងបានប្រគល់ឲ្យមន្ទីររបស់លោក ជាអ្នកមើលថែផ្លូវជាតិខាងលើនេះ។ ដូច្នេះមន្ទីរចាំបាច់ត្រូវតែធ្វើការថែទាំក្នុងមួយឆ្នាំ២ដង ដែលចំណាយដោយថវិការបស់ក្រសួង និងរង់ចាំម្ចាស់ដើមមកធ្វើឡើងវិញ ព្រោះផ្លូវនេះចិនគេជាអ្នកធ្វើ ។ចំណែកមន្ទីរបានត្រឹមតែជួសជុលថែទាំបណ្តោះអាសន្នតែប៉ុណ្ណោះ។

ប្រជាពលរដ្ឋរស់នៅតាមដងផ្លូវជាតិលេខ៧ បានលើកឡើងថាពួកគាត់មានការត្រេកអរណាស់ ដែលមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្ត ជាពិសេសលោកអភិបាលខេត្ត និងក្រសួងផងដែរ បានជួយជួសជុលនិងថែទាំផ្លូវមួយខ្សែនេះជាប្រចាំឡើងវិញដើម្បីងាយស្រួលដល់ពួកគាត់ធ្វើដំណើរនិងដឹកទំនិញឬកសិផលផ្សេងៗយកទៅលក់តាមទីផ្សារយ៉ាងស្រួល។
ទន្ទឹមគ្នានោះផងដែរ ពួកគាត់ក៏បានសំណូមពរដល់លោកអភិបាលនៃគណ:អភិបាលខេត្ត និងមន្ទីរ ក្រសួងសាធារណការ និងដឹកជញ្ជូន ជាពិសេសសម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា មេត្តាធ្វើការជួសជុលផ្លូវក្រាលកៅស៊ូមួយខ្សែនេះឲ្យល្អប្រសើរឡើងវិញ នាពេលឆាប់ៗនេះ ព្រោះផ្លូវមួយខ្សែនេះរងការខូចខាតជាច្រើនឆ្នាំមកហើយ ដោយសារការផ្ទុកទំនិញលើសទម្ងន់តាមរថយន្តពីសំណាក់ក្រុមឈ្មួញមិនគោរពច្បាប់ របស់ក្រសួងដែលបានកំណត់។ ជាពិសេសទៀតនោះលំបាកក្នុងការធ្វើដំណើរ ធូលី ដីហុយ ពេលដែលរថយន្តឬម៉ូតូបើកបរម្តងៗក្នុងល្បឿនលឿន ធ្វើឲ្យហើរចូលម្ហូបអាហារ និងប៉ះពាល់ដល់ផ្លូវដង្ហើមរបស់ពួកគាត់។ ចំណែកនៅរដូវប្រាំង និងវស្សាវិញទឹកដក់ ហូរច្រោះដាច់ផ្លូវក្លាយជាជង្ហុកធ្វើឲ្យរអិលឬសាចទឹកកខ្វក់ដាក់បងប្អូន ពេលរថយន្តបើកឆ្លងកាត់ម្តងៗ ៕
ដោយ÷ មាស សុផាត

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print