កណ្ដាល៖ អភិបាលខេត្តកណ្ដាល លោក គង់ សោភ័ណ្ឌ ជំរុញអោយអាជ្ញាធរក្រុង ស្រុក និងមន្ទីរពាក់ព័ន្ធ ត្រូវធ្វើការយកចិត្តទុកដាក់ទ្វេដង ក្នុងការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ នៅក្នុងភូមិសាស្ត្រខេត្តកណ្តាល។
លោកអភិបាលខេត្ត ជំរុញបែបនេះក្នុងកិច្ចប្រជុំ ការកំណត់នីតិវិធីអត្តសញ្ញាណកម្មគ្រួសារក្រីក្រតាមការស្នើសុំក្នុងអំឡុងពេលប្រយុទ្ធនិងជំងឺកូវីដ-១៩ កាលពីព្រឹកថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២០ នៅសាលាខេត្តកណ្ដាល។
លោកអភិបាលខេត្ត បន្តថា បើទោះបីជានៅទូទាំងប្រទេសកម្ពុជារបស់យើងមិនមានអ្នកផ្ទុកជំងឺកូវីដ-១៩ក្ដី តែនៅក្នុងពិភលោកមិនទានមានការថមថយ ការឆ្លងរីករាលនៃជំងឺកូវីដ-១៩ឡើយ ជាងនេះទៀត មានប្រទេសមួយចំនួនជិតខាងរបស់យើង នៅតែបន្តឆ្លងការរីករាលដាលនៅឡើយ ដូច្នេះអាជ្ញាធរក្រុង ស្រុក និងមន្ទីរពាក់ព័ន្ធ ត្រូវបន្តធ្វើការផ្សព្វផ្សាយ អប់រំ ដល់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានជាប្រចាំ ក្នុងការធ្វើអនាម័យជាប្រចាំ ដោយលាងសំអាត់ដៃអោយបានញឹកញាប់ ជាមួយសាប៊ូ ឬអាលកុល ចេញក្រៅត្រូវពាក់ម៉ាស់ រក្សាគំលាត ដោយអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល ហើយអាជ្ញាធរត្រូវធ្វើជាគម្រូរល្អដល់ប្រជាពលរដ្ឋ។
ពិសេសអភិបាលក្រុង ស្រុក ត្រូវធ្វើការផ្សព្វផ្សាយដល់ គ្រប់ក្លឹបកម្សាន្ត ខារ៉ាអូខេ ក្នុងភូមិសាស្ត្ររបស់ខ្លួន មិនអនុញ្ញាតបើក ឬមានការជួបជុំឡើយ។
ជាងនេះទៅទៀត អាជ្ញាធរក្រុង ស្រុក និងមន្ទីរអ្នកពាន់ព័ន្ធ ត្រូវយកចិត្តទុកដាក់ពិនិត្យ និងផ្ដល់អន្តរាគមន៍ជាបន្ទាន់ ដល់ប្រជាពលរដ្ឋក្រីក្រទាំងអស់ ដែលរងផលប៉ះពាល់បាត់បងចំណូល ធ្លាក់ខ្លួនក្រ ដោយសារជំងឺកូវីដ-១៩។ ហើយមន្ទីរផែនការខេត្ត ត្រូវធ្វើបច្ចុប្បន្នភាពទិន្នន័យគ្រួសារក្រីក្រ អោយបានច្បាស់លាស់ និងបានទាន់ពេលវេលា ជៀសវាងអោយបាននូវការខ្វះចន្លោះណាមួយឡើយ។
ដើម្បីអោយការធ្វើបច្ចប្បុន្នភាពគ្រួសារក្រីក្រទទួបានជោគជ័យ ឯកឧត្ដមអភិបាលខេត្ត បានស្នើអោយ មន្ទីរផែនការខេត្ត អង្គភាពពាក់ព័ន្ធ អាជ្ញាធរក្រុង ស្រុក ត្រូវត្រៀមមន្ត្រីដែលមានសមត្ថភាព និងលះបង់ពេលវេលា និងទទួលខុសត្រូវតាមគោលដៅ ដើម្បីដោះស្រាយបញ្ហានានាដែលកើតមានឡើង និងត្រូវអនុវត្តអោយបានតាមនីតិវិធីកំណត់អត្តសញ្ញាណគ្រួសារក្រីក្រ របស់ក្រសួងផែនការ។ ឆ ដា