ភ្នំពេញ៖ ក្តីកង្វល់របស់ប្រជាពលរដ្ឋ នៅតំបន់ដែលតែងតែទទួលនូវការលិចដោយជំនន់ទឹកភ្លៀងរយៈពេលខ្លី និងស្ទះលូ នៅតំបន់បឹងព្រលឹតស្ថិតក្នុងភូមិអូរអណ្តូងទី១ សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ ត្រូវបានលោកចេង មុនីរ៉ា អភិបាលខណ្ឌដឹកនាំក្រុមការងារនិងរថយន្តបូមលូរចុះទៅអន្តរាគមន៍កើបកាយកាកសំណល់ផ្សេងៗចេញពីក្នុងលូរ ដើម្បីកុំឲ្យស្ទះចរន្តទឹកហូរព្រោះរដូវភ្លៀងធ្លាក់ជិតចូលមកដល់ ។
វិធានការបង្ការជាមុនការពារជំនន់ទឹកភ្លៀងនេះ បានធ្វើឡើងនៅ ព្រឹកថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២០ នៅតាមដឺហ្គែរលូរទាំងអស់ក្នុង តំបន់បឹងព្រលឹតស្ថិតក្នុងភូមិអូរអណ្តូងទី១ សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ ដោយអោយកម្លាំងកម្មករកើបកាយកាកសំណល់ផ្សេងៗចេញពីក្នុងលូរទាំងអស់ដើម្បីកុំអោយស្ទះចរន្តទឹកហូរ ។
ក្នុងវិធានការនេះដែរលោកចេង មុនីរ៉ា បានណែនាំឲ្យលោកមេភូមិ និងលោកចៅសង្កាត់ ធ្វើសេចក្តីរាយការណ៍ស្តីពីមានការកកស្ទះលូបង្ហូរទឹក តាមបណ្តាភូមិនានា ដើម្បីចាតវិធានការដឹកនាំកម្លាំងចុះស្តាភ្លាមៗ ព្រោះជារដូវវស្សាមកដល់ហើយ ។ ដូច្នេះបើមិនរូតរះចុះស្តានោះទេ គឺនិងមានផលលំបាកពេលភ្លៀងធ្លាក់មកយ៉ាងជង្ហុគដែលបង្កឲ្យលិចលង់ផ្ទះសម្បែងប្រជាពលរដ្ឋ។ ចំពោទីតាំងតំបន់បឹងព្រលឹតនេះគឺត្រូវដាក់កម្លាំងចុះស្តាសំរាមឲ្យទាល់តែលែងស្ទះដោយមានរថយន្តបូមលូចំនួន២គ្រឿងមកជួយបូមរហូតទាល់តែលែងស្ទះគ្រប់មុខលូទាំងអស់ ។
ជាមួយគ្នានេះដែរលោកអភិបាលខណ្ឌបាន សំណូមពរដល់បងប្អូនប្រជាពលរដ្ឋដែលមានដឺហ្គែរលូរនៅមុខផ្ទះឬក្បែរផ្ទះ សូមកុំយកសំរាមនិងកាកសំណល់រឹងផ្សេងៗ ដាក់មុខលូដែលនាំឲ្យចូលទៅក្នុងលូរបង្កកកស្ទះចរន្តទឹកហូរក្លាយជាជំនន់រយៈពេលខ្លីលិចផ្លូវលិចផ្ទះរំខាន់ដល់ការធ្វើដំណើរនិងការប្រកបមុខរបររកទទួលប្រចាំថ្ងៃ ។
ដោយឡែកប្រជាពលរដ្ឋមានការសប្បាយចិត្ត ខណៈដែលលោកអភិបាលខណ្ឌ បានដឹកនាំកម្លាំងចុះកាយកើបកាកសំណល់ផ្សេងៗ ចេញពីក្នុងលូរនិងយករថយន្តបូមលូដែលស្ទះតាមផ្ទះនីមួយៗ ដើម្បីបង្ការជាមុនការពារជំនន់ទឹកភ្លៀងដែលអាចកើតឡើងនៅរដូវវស្សាខាងមុខ ៕ដោយ៖ សណ្តោស