ភ្នំពេញ៖ បុរសម្នាក់ស្រវឹងបើករថយន្ដកាមរីឆ្លាមជ្រុលបុករនាំងដែកពុះចែកទ្រូងផ្លូវពេញទំហឹងបណ្ដាលអោយបាក់ចំនួនពីរផ្ទាំងហើយរថយន្ដបានព្យាយាមបើករត់គេចបានប្រហែល១០០ម៉ែត្រក៏ដាច់កាឡេកង់ខាងមុខបន្តដំណើរទៅមុខលែងរួចត្រូវកម្លាំងនគរបាលឃាត់ទុក។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង២២ និង២៥នាទីយប់ថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៦ តាមបណ្ដោយមហាវិថីព្រះមុន្នីវង្សនៅចំណុចខាងមុខវត្តកោះ ស្ថិតក្នុងសង្កាត់បឹងរាំង ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
ប្រភពព័ត៌មានពីសាក្សីនៅកន្លែងកើតហេតុបានអោយដឹងថា នៅមុនពេលកើតហេតុគេបានឃើញមានរថយន្ដមួយគ្រឿងម៉ាកកាមរីឆ្លាម ពណ៍ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ2P-3552 បើកបរដោយបុរសម្នាក់ស្ថិតក្នុងស្ថានភាពស្រវឹងជោកជាំ ធ្វើដំណើរតាមបណ្ដោយមហាវិថីព្រះមុន្នីវង្ស ទិសដៅពីត្បូងទៅជើងលុះមកដល់ចំណុចកើតហេតុក៏ជ្រុលទៅបុករនាំងដែកពុះចែកទ្រូងផ្លូវបណ្ដាលអោយបាក់ដួលអស់ចំនួនពីរផ្ទាំងរងការខូចខាត។
ប្រភពដដែលបានបន្តថា ក្រោយពីកើតហេតុរថយន្ដបានព្យាយាមបើករត់គេចខ្លួនបានប្រហែល១០០ម៉ែត្រក៏ដាច់កាឡេខាងមុខផ្នែកខាងឆ្វេងបន្តដំណើរទៅមុខលែងរួចតែម្ដងទើបត្រូវបានកម្លាំនគរបាលមូលដ្ឋានឃាត់ជាប់។
ក្រោយកើតហេតុកម្លាំងមូលដ្ឋានបានចុះដល់កន្លែងកើតហេតុនិងបានសហការណ៍ជាមួួយកម្លាំងនគរបាល ជំនាញចុះមកធ្វើការវាស់វែងស្ទួចយករថយន្ដបង្កយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍រាជធានីភ្នំពេញ ដើម្បីរងចាំដោះស្រាយនៅពេលក្រោយ។
សមត្ថកិច្ចបានអោយដឹងថា ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើគឺបង្កឡើងដោយសារបុរសជាអ្នកបើករថយន្ត ប្រើប្រាស់គ្រឿងស្រវឹងក្នុងពេលកំពុងបើកបរ មិនគោរពច្បាប់និងខ្វះការប្រុងប្រយ័ត្នទើបបង្កអោយមានគ្រោះថ្នាក់យ៉ាងដូច្នេះ៕


...
ដោយ៖ ព្រែកជ័យ