ផ្លូវជាតិលេខ៣ ភ្នំពេញ-ក្រុងកំពត (១៣៤,៨២៦គ.ម) កំពុងស្ថាបនាឡើងវិញបាន៧៤% ហើយ

ចែករំលែក៖

ខេត្តកំពត៖ លោកទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន អញ្ជើញដឹកនាំក្រុមការងារ ចុះពិនិត្យគុណភាពផ្លូវជាតិលេខ៣ ភ្នំពេញ-ក្រុងកំពត (១៣៤,៨២៦គ.ម) កំពុងស្ថាបនាឡើងវិញបាន៧៤% និង ពិនិត្យការដាក់ស្លាកសញ្ញាការដ្ឋានដើម្បីធានាសុវត្ថិភាពនៃការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋ ។

សូមបញ្ជាក់ថា៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ១៥រោច ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២០ លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានដឹកនាំគណៈ ប្រតិភូក្រសួងអញ្ជើញចុះពិនិត្យគុណភាពនៃការសាងសង់ពង្រីកកំណាត់ផ្លូវជាតិលេខ៣ពី សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ទៅ ក្រុងកំពត ដោយមានការចូលរួមពីមន្ត្រីជំនាញពាក់ព័ន្ធ តំណាងក្រុមហ៊ុនសាងសង់ តំណាងក្រុមហ៊ុន ត្រួតពិនិត្យបច្ចេកទេស និងភាគីពាក់ព័ន្ធផងដែរ។

មន្ត្រីក្រុមការងារបានអោយដឹងថា៖ ការចុះពិនិត្យនេះធ្វើឡើងក្នុងគោលបំណងពិនិត្យគុណភាពនៃការសាងសង់ថាតើស្របតាម បទដ្ឋានបច្ចេកទេសនិងសៀវភៅបន្ទុកដែលបានកំណត់ដែរឬយ៉ាងណា ដើម្បីធានាដល់ការប្រើប្រាស់​បានយូរអង្វែង តាមរយៈការប្រើប្រាស់ម៉ាស៊ីនខួងពិនិត្យមើលស្រទាប់គ្រឹះ និងការពិនិត្យមើលការបំពាក់ ភ្លើងស្តុប និងស្លាកសញ្ញាចរាចរណ៍ ដើម្បីធានាសុវត្ថិភាពនៃការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋ ផងដែរ។

ក្រសួងសាធារណការ និងដឹកជញ្ជូន សូមជម្រាបជូនថា៖ គម្រោងពង្រីកនិងលើកកម្រិតផ្លូវជាតិលេខ៣ ពីភ្នំពេញទៅក្រុងកំពត ដែលមានប្រវែង សរុប១៣៤,៨២៦ គីឡូម៉ែត្រនេះ ត្រូវបានចែកជាពីរដំណាក់កាល៖ ដំណាក់កាលទី១ពីចោមចៅ(ភ្នំពេញ) ទៅបែកគូសប្រវែង៦៩,៩០ គីឡូម៉ែត្រ ត្រូវពង្រីកទទឹងតួផ្លូវរហូតដល់ ២៤,៥ម៉ែត្រ ជាប្រភេទផ្លូវបេតុង កៅស៊ូ(AC) កម្រាស់៩សង់ទីម៉ែត្រ ចែកចេញជា៤គន្លង (២គន្លងទៅ២គន្លងមក)។ ដំណាក់កាលទី២ ពីបែកគូសទៅក្រុងកំពតប្រវែង៦៤,៩២៦គីឡូម៉ែត្រ ជាប្រភេទផ្លូវACកម្រាស់៧សង់ទីម៉ែត្រ ត្រូវពង្រីក ទទឹងតួផ្លូវរហូតដល់១២ ម៉ែត្រ ចែកជា២គន្លង។

គម្រោងនេះគ្រោងចំណាយថវិកាសរុបប្រមាណ ២១៩,៩១១ លានដុល្លារអាមេរិក ជាហិរញ្ញប្បទាន សម្បទានពីសាធារណរដ្ឋប្រជាមានិតចិន រួមនឹងថវិកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជា សាងសង់ដោយ ក្រុមហ៊ុនសាជីវកម្មស្ពាននិងថ្នល់ចិន (China Road and Bridge Corporation) ត្រួតពិនិត្យបច្ចេក ទេសដោយក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេសសំណង់ ក្វាងចូវ វ៉ានអាន (Guangzhou Wanan Construction Supervision Co., Ltd) ។

គម្រោងពង្រីកនិងលើកកម្រិតផ្លូវជាតិលេខ៣នេះមានរយៈពេល៤៨ខែ តាមគម្រោងត្រូវបញ្ចប់នៅឆ្នាំ ២០២២ ប៉ុន្តែដោយសារវឌ្ឍនភាពនៃការសាងសង់បានដំណើរការដោយភាពរលូន ការសាងសង់អាចនឹង ត្រូវបញ្ចប់មុនគម្រោងរយៈពេល៩ខែ ពោលគឺនៅចុងឆ្នាំ២០២១ខាងមុខនេះ ហើយគិតរហូតមកទល់ ពេលនេះ ការសាងសង់សម្រេចបាន៧៤%ហើយ។

នៅក្នុងដំណើរបេសកកម្មចុះពិនិត្យគុណភាពផ្លូវនេះ លោកទេសរដ្ឋមន្ត្រី បានអញ្ជើញពិនិត្យការ បំពាក់ស្លាកសញ្ញាសុវត្ថិភាពតាមការដ្ឋាននីមួយៗ គម្រោងសាងសង់ស្ពានរំលងនៅផ្សារត្រាំខ្នារថ្មី ទីតាំង ត្រូវបំពាក់ភ្លើងស្តុបនៅផ្សារត្រាំខ្នារ ផ្សារអង្គតាសោម ផ្សារឈូក និងទីតាំងដែលចាំបាច់ត្រូវបើករបាំងចែក ផ្លូវ ក្នុងគោលបំណងដើម្បីធានាសុវត្ថិភាពនៃការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋ កាត់បន្ថយគ្រោះថ្នាក់ ចរាចរណ៍ដែលជាកត្តាធ្វើឱ្យខាតបង់ថវិកាជាតិប្រមាណ៣៥០លានដុល្លារ/ឆ្នាំ និងមានអត្រាអ្នកស្លាប់ ប្រមាណ៥នាក់/ថ្ងៃ។

លើសពីនេះទៀត ទេសរដ្ឋមន្ត្រី ក៏បានណែនាំឲ្យក្រុមការងារបច្ចេកទេសខួង ស្រទាប់គ្រឹះទីមួយ ស្រទាប់គ្រឹះទីពីរ ខួងបេតុងកៅស៊ូ(AC)ស្រទាប់ទីមួយ ធ្វើតេស្តFWD និងពិនិត្យផ្លូវក្នុងក្រុងកំពត ដែល ប្ដូរពីផ្លូវACទៅផ្លូវបេតុងផងដែរ៕

...

កែសម្រួលពី៖ ក្រសួងសាធារណការ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print