អន្តរជាតិ៖ ដើម្បីពិភាក្សាអំពីប្រទេសលីប៊ី និងសកម្មភាពរបស់បេសកកម្មគាំទ្ររបស់អង្គការសហប្រជាជាតិនៅលីប៊ី (UNSMIL) ខណៈដែលមានការរាតត្បាតពីជំងឺកូវីដ–១៩ ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ (UNSC) បានបើកកិច្ចប្រជុំតាមរយៈប្រព័ន្ធអ៉ីនធើណេត កាលពីពេលថ្មីៗនេះ ។
ក្នុងកិច្ចប្រជុំនោះដែរ លោក Dang Dinh Quy ឯកអគ្គរដ្ឋទូតវៀតណាម តំណាងអចិន្ត្រៃយ៍របស់វៀតណាមប្រចាំនៅអង្គការសហប្រជាជាតិបានថ្លែងមតិអំពាវនាវឱ្យ គ្រប់ភាគីពាក់ព័ន្ធទាំងអស់នៅក្នុងប្រទេសលីប៊ីចូលរួមសង្កេតការណ៍បទឈប់បាញ់មនុស្សធម៌ ចំពេលដែលមានការរាតត្បាតជំងឺកូវីដ–១៩ គោរពច្បាប់មនុស្សធម៌អន្តរជាតិ និងធានាឱ្យមានភាពការទទួលបានជំនួយមនុស្សធម៌ពេញលេញ។
លោកបានបញ្ជាក់សារជាថ្មីនូវការគាំទ្ររបស់លោក ចំពោះដំណោះស្រាយនយោបាយគ្រប់ជ្រុងជ្រោយដែលណែនាំ និងដឹកនាំដោយប្រទេសលីប៊ី ជំរុញឱ្យភាគីដែលពាក់ព័ន្ធទាំងអស់វិលត្រឡប់មកពិភាក្សាគ្នាវិញអំពីកិច្ចការនយោបាយ សេដ្ឋកិច្ច និងយោធា ដោយអនុលោមតាមសេចក្តីសម្រេចលេខ ២៥១០ របស់ UNSC ដែលគាំទ្រសេចក្តីសន្និដ្ឋាននៃសន្និសីទអន្តរជាតិស្តីពីលីប៊ី ដែលបានប្រារព្ធធ្វើឡើងនៅទីក្រុងប៊ែរឡាំង និងទទួលយកសេចក្តីព្រាងនៃកិច្ចព្រមព្រៀងឈប់បាញ់ដែលផ្តួចផ្តើមដោយ UNSMIL កាលពីខែកុម្ភៈ។
លោក Quy ក៏បានលើកឡើងផងដែរ អំពីភាពចាំបាច់ក្នុងការតែងតាំងអ្នកតំណាងពិសេសនៅលីប៊ី ដើម្បីជំនួសលោក Ghassan Salamé ដែលបានលាឈប់ពីតំណែងកាលពីដើមខែមីនា ដោយសារហេតុផលសុខភាព។
អ្នកចូលរួមផ្សេងទៀតបានជំរុញឱ្យភាគីនានានៅក្នុងប្រទេសលីប៊ីវិលត្រឡប់មករកកិច្ចចរចាសន្តិភាពឡើងវិញ ហើយបានអំពាវនាវឱ្យបញ្ឈប់ការអន្តរាគមន៍ពីខាងក្រៅ និងការឃ្លាំមើលពេញលេញនៃការហាមឃាត់អាវុធរបស់អង្គការសហប្រជាជាតិ ។
សូមជម្រាបថា តំណាងប្រទេសលីប៊ី បានថ្កោលទោសការវាយប្រហាររបស់កងកម្លាំងប្រឆាំង ដែលផ្តោតទៅលើជនស៊ីវិល និងស្ថាប័នស៊ីវិលហើយបានជំរុញឱ្យ UNSC ចាត់វិធានការរួមគ្នាបន្ថែមទៀតដោយសារតែស្ថានភាពកាន់តែអាក្រក់ទៅនៅក្នុងប្រទេសនៅអាហ្វ្រិកខាងជើងមួយនេះ៕ដោយ៖ស តារា