ខេត្តរតនគិរី៖ គំនរឈើប្រណិតប្រភេទឈើសុក្រំ កកោះ និងគគីរឡាំងក្លុំ មានមុខកាត់និងប្រវែងចម្រុះដែលឈ្មួញកំបាំងមុខធ្វើសកម្មភាពប្រមូលជាគំនររាប់រយកំណាត់លាក់ទុកក្នុងគុម្ពោធព្រៃដែលជាតំបន់ស្មុគស្មាញថែមទៀតផង ត្រូវបានកម្លាំងជំនាញរដ្ឋបាលព្រៃឈើស្រុកបកែវចុះបង្ក្រាបនិងរឹបអូសយកមករក្សាទុកដើម្បីចាត់ការទៅតាមនិតិវិធីច្បាប់ព្រៃឈើ ។
បើតាមការឲ្យដឹងពីលោក ឡេង យុគ នាយផ្នែករដ្ឋបាលព្រៃឈើបកែវ អណ្តងមាស និងអូរយ៉ាដាវដែលដឹកនាំកម្លាំងចុះល្បាតតាមបណ្តោយត្រើយម្ខាងនៃទន្លេសេសាន្តក្នុងភូមិសាស្ត្រឃុំតាឡាវ ស្រុកអណ្តូងមាស ខេត្តរតនគិរី បញ្ជាក់ថា កម្លាំងសមត្ថកិច្ចបានប្រទះឃើញគំនរឈើប្រណិតរាប់រយកំណាត់ សុទ្ធសឹងជាប្រភេទឈើ សុក្រំ កកោះ និងគគីរ ឡាំងជ្រុង ។
ការចុះស្រាវជ្រាវ និងបង្ក្រាបបទល្មើសព្រៃឈើខាងលើនេះធ្វើឡើងនៅព្រឹកថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៦។ លោកបន្តទៀតថា តាមការវាស់វែងឈើប្រណិតដែលត្រូវដកហូត បានមានចំនួន១៨១ដុំ ស្មើនឹង៩០ម៉ែត្រគូប (មុខកាត់នឹងប្រវែងចម្រុះ) ។
បច្ចុប្បន្ន ឈើទាំងអស់នេះលោកបានដឹកជញ្ជូនមកផ្ញើទុកនឹងក្រុមហ៊ុនដីសម្បទានសេដ្ឋកិច្ច ហ័ងអាញ់ អូរយ៉ាដាវដោយសារការដឹកជញ្ជូនមានការស្មុគស្មាញនឹងលំបាកឆ្លងទឹកទន្លេសេសាន្ត ៕
ដោយ៖ អ៊ុច សាវុទ្ធ