ស្នងការប៉ូលិសប្រទេសម៉ាឡេស៊ី កាលពីថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៦ បានព្រមានចាត់វិធានការប្រឆាំងចំពោះជនទាំងឡាយណាដែលផ្សព្វផ្សាយព័ត៌មានចរចាមអារ៉ាមពាក់ព័ន្ធដែលថា អាចនឹងមានការវាយប្រហារភេរវកម្មនៅក្នុងជុំវិញរដ្ឋធានីនោះ ។
លោក Khalid ស្នងការប៉ូលិសម៉ាឡេស៊ីបានថ្លែងថា នេះជាសារព្រមានទៅដល់អ្នកទាំងឡាយណាដែលផ្សព្វផ្សាយព័ត៌មានមិនច្បាស់លាស់ឲ្យចងចាំទុកថា នេះមិនមែនជារឿងលេងសើចនោះឡើយ យើងនឹងត្រួតពិនិត្យមើលព័ត៌មាននៅលើបណ្តាញទំនាក់ទំនងសង្គមទាំងអស់ ហើយយើងនឹងចាត់វិធានការឲ្យបានសមស្រប ។
ការព្រមានរបស់ស្នងការប៉ូលិសម៉ាឡេស៊ីខាងលើនេះ បានកើតឡើងបន្ទាប់ពីរដ្ឋមន្ត្រីបូរណភាពដែនដី និងសហព័ន្ធ Tengku Adnan Tengku Mansor បានគូសបញ្ជាក់អំពីទីកន្លែងដែលទំនងជាគោលដៅកើតមានឡើងនូវការវាយប្រហារភេរវកម្ម ។ ក្នុងនោះមានតំបន់រមណីយដ្ឋានទេសចរណ៍ដ៏ល្បីល្បាញតំបន់ Bukit Bintang នៅផ្សារទំនើបក្នុងទីក្រុងគូឡាឡាំពួរ ក៏ដូចតំបន់ជាយក្រុង Bangsar ផងដែរ ។
ការថ្លែងដោយគ្មានមូលដ្ឋានច្បាស់លាស់ខាងលើនេះហើយបានធ្វើឲ្យប៉ូលិសមានការលំបាកជាខ្លាំង ក៏ដូចជាបង្កឲ្យមានកង្វល់ដល់ប្រជាពលរដ្ឋសាធារណជនផងដែរ ។ លោកស្នងការប៉ូលិស Khalid បានថ្លែងថា សន្តិសុខនៅពេលបច្ចុប្បន្ននេះគឺស្ថិតក្រោមការគ្រប់គ្រងបានទាំងស្រុង ។ ប៉ូលិសជាច្រើននាក់ត្រូវដាក់ពង្រាយត្រួតពិនិត្យសន្តិសុខមិនឲ្យមានការខ្វះចន្លោះឡើយ ។
លោក Khalid បានបញ្ជាក់ថា កងម្លាំងសន្តិសុខជាតិនឹងមានថវិកាបន្ថែមទៀតសម្រាប់ប្រយុទ្ធប្រឆាំងជាមួយក្រុមភេរវកម្ម ។ សមត្ថកិច្ចត្រៀមកម្លាំងរួចជាស្រេចនៅក្នុងការចាត់វិធានទប់ទល់ចំពោះសកម្មភាពភេរវកម្មណាមួយដែលកើតឡើងនោះ ៕
ប្រែសម្រួល៖ ថាច់ យ៉ាត