ប្រវត្តិ៖ អ្នកតាបាពាលឬព្រះកន្លោង

ចែករំលែក៖

នៅជើងភ្នំបាពាល ក្នុងស្រុកស្វាយទង ខេត្តចូវដុក (មាត់ជ្រូក) ដែនកូសាំងស៊ីន មានអ្នកតាមួយសំខាន់ជាងគេ ហៅថាអ្នកតាបាពាល ព្រះកន្លោង

តាមធ្លាប់បានដឹងពីដើមរៀងមក អ្នកស្រុកជុំវិញភ្នំនេះ ធ្លាប់ធ្វើរណ្ដាប់សែនអ្នកតានៅក្នុងរវាងខែពិសាខ ជេស្ឋ អាសាឍ ស្រាពណ៍ មិនកំណត់ ប៉ុន្តែក្នុង ឆ្នាំគេធ្វើតែម្ដងទេ

រូបរាងអ្នកតានេះពុំមានទេ មានតែថ្មភ្នំ ដុំធំ ដែលបណ្ដាជនមួយចំនួនលើកមកដាក់សន្មតជារូបអ្នកតានៅរហូតមកដល់សព្វថ្ងៃនេះ តែដល់ខែដូចមានរៀបរាប់ខាងលើនេះហើយ បណ្ដាជនជិតខាង ប្រមូលរួបរួមលុយកាក់គ្នា ផ្សំនឹងប្រាក់រាជការផ្ដល់មកជួយខ្លះរាល់ឆ្នាំផង ដើម្បីទិញគោ ស្រា បាយ រៀបចំជម ពែ សង្ឃឹក ភ្លេងពិណពាទ្យ ភ្លេងខ្មែរប្រគំ ច្រៀងរាំតាមទំនៀម មានបញ្ជាន់រូបប្រុសម្នាក់អង្គុយទទូរកន្សែងក្រហម កាលបើអ្នកតាចូលហើយ រូបនេះធ្វើឫកពារដូចជាអ្នកខ្លាំងពូកែមានឥទ្ធិឫទ្ធី ទាយក៏ឆុត អ្នកស្រុកសួរការអ្វីនីមួយ អ្នកតានិយាយមិនឲ្យខ្ចោះជួនជាឆ្នាំណារាំងឫសគ្មានទឹកធ្វើស្រែ អ្នកស្រុកក៏បន់ស្រន់ធ្វើបុណ្យសុំភ្លៀងអ្នកតា ក៏បណ្ដាលឲ្យមានភ្លៀងធ្លាក់ក្នុងវេលានោះដូចបំណងមែន

អំពីប្រវត្តិ តាមពាក្យនិយាយតៗគ្នាមកថា: កាលពីដើម ភ្នំបាពាលគឺជាកោះតូចមួយនៅឡើយ ស្ដេចពាលមួយអង្គនិងឧបរាជម្នាក់ជាប្អូនបង្កើតសុទ្ធតែជាអ្នកមានឫទ្ធិចេស្ដា ខ្លាំងពូកែ មកនៅទីកោះនោះ ស្ដេចពាលជាបងធ្វើលំនៅ ក្នុងព្រៃដុបមួយ ឧបរាជជាប្អូននៅក្នុងដុបមួយផ្សេងពីគ្នា បានសេចក្ដីសុខសាន្តឥតមានមានសត្រូវណាហ៊ានបៀតបៀនឡើយ ឧបរាជជាប្អូន មានចិញ្ចឹមសត្វក្រពើមួយធំសម្បើម នៅក្នុងអន្លង់បារ៉ាច ខេត្តឡុងស្វៀង ដែនកូសាំងស៊ីន ដើម្បីជាយានជំនិះជើងទឹក ដោយបានល្បីថា នៅពាមអន្លង់បារ៉ាចមានក្រពើមួយកាចសាហាវណាស់ កល់ទូក គោខាំមនុស្សអស់ជាច្រើន ស្ដេចពាលយល់ឃើញការមិនស្រួលនឹងទុកក្រពើនេះ ទើបគិតថា បើសិនជាទុកឲ្យនៅយូរទៅ វានឹងបំផ្លាញជីវិតមនុស្សជាច្រើនទៀតពុំលែងឡើយ ដូច្នេះគួរតែសម្លាប់វាចោល

នឹកដល់ក្រពើអន្លង់បារ៉ាច ស្ដេចពាលអាណិតដល់រាស្ត្រ ថ្ងៃមួយក៏កាឡាខ្លួនជាលោកនេន អង្គ និមន្តសំដៅទៅអន្លងបារ៉ាចប្រាថ្នានឹងប្រយុទ្ធសម្លាប់ក្រពើរបស់ឧបរាជជាប្អូនឲ្យផុតជីវិត លុះដើរបានបន្តិចក៏ជួបនឹងតាយាយកំពុងអុំទូកតូចមួយ សាមណេរក៏សួរថាតាយាយអញ្ជើញទៅណាមកណា?” តាយាយឆ្លើយថា: “ទៅបារ៉ាចសាមណេរដូច្នេះ ក៏សុំតាយាយដោយសារទូកនោះទៅ ទៅដល់ពាមបារ៉ាចសាមណេរឃើញអន្លង់មួយយ៉ាងធំ ក៏គិតឧបាយប្រាប់តាយាយនោះថា:អាត្មាចុះស្រង់ទឹកត្រង់នេះបន្តិចសិន ចូរតាយាយអូសទូកឡើងលើគោក រង់ចាំអាត្មាផងថាតែប៉ុណ្ណោះសាមណេរចុះទៅទឹក កាឡាខ្លួនជាក្រពើមួយធំ រោទ៍ខ្ទារខ្ទ័រ ហែលយ៉ាងប្រញាប់ទៅរកក្រពើបារ៉ាចបានជួបភ្លាម ក៏តាំងប្រយុទ្ធគ្នាយ៉ាងគគ្រឹកគគ្រេង កើតជារលកទឹកធំ លិចទូកក្ដារអ្នកដំណើររតាត់រតាយអស់ ក្រពើទាំងពីរប្រយុទ្ធគ្នា តាំងពីព្រឹករហូតដល់ថ្ងៃរសៀល ក្រពើបារ៉ាចចាញ់ក៏រត់ដោះដៃ ស្ដេចពាលក៏ត្រឡប់មកកោះវិញ ក្រពើបារ៉ាច ដោយត្រូវរបួសធ្ងន់ ព្រមទាំងខឹងចិត្តនឹងប្រយុទ្ធមិនឈ្នះគេផង ខំវារឡើងលើគោក ហើយដេកស្លាប់នៅក្រោមដើមឈើមួយធំ មានម្លប់សាខា នៅក្បែរមាត់ច្រាំងអន្លង់បារ៉ាចនោះទៅ ឧបរាជបានដំណឹងថា ក្រពើជាសេនាខ្លួនត្រូវស្ដេចពាលជាព្រះរៀមសម្លាប់ដូច្នេះហើយ ក៏ប្រញាប់ប្រកាសអស់បណ្ដារាស្ត្រ មកជួយកាត់យកតែក្បាល ហើយសង់ខ្ទមមួយនៅទីនោះធ្វើបុណ្យ យកក្បាលក្រពើដាក់ក្នុងខ្ទម តម្កល់ទុកជាតំណាង ឲ្យបណ្ដាជនមើលដរាបមក លុះយូរអង្វែងក្រោយមក ក្បាលក្រពើក៏ពុករលួយអស់ទៅ បណ្ដាជនក៏យកឈើមកឆ្លាក់ធ្វើឲ្យដូចជាក្បាលក្រពើមុន យកទៅតម្កល់ដូចដើមទុករហូតមកដល់សព្វថ្ងៃនេះ

ស្ដេចនិងឧបរាជ នៅជាសុខសប្បាយលើកោះនោះ ឥតមានទាស់ទែងគំនុំប្រកាន់ខឹងនឹងគ្នាដោយប្រការអ្វីសោះឡើយ លុះត្រាតែកោះតូចនោះដុះដាលខ្ពស់បានទៅជាភ្នំ លុះស្ដេចពាលចាស់ជរា ដឹងខ្លួនថាមុខជាមិនបានរស់យឺនយូរទៅទៀត ក៏ហៅមហាឧបរាជប្អូនមកប្រាប់ថា: យើងមានឫទ្ធិចេស្ដាខ្លាំងពូកែនៅលើភ្នំនេះ បើឥតអំពីបងទៅចូរប្អូននិងអករ៍យាយ ព្រមទាំងបណ្ដាជនគិតធ្វើអ្វីមួយជាកេរ្តិ៍ទុកឲ្យអ្នកក្រោយគេបានស្គាល់ឈ្មោះយើងផង កុំបីខានឡើយ

អំណឹះអំពីស្ដេចពាលទៅ ឧបរាជជាប្អូនគ្រប់គ្រងរក្សាទីនោះ ហើយយកដុំថ្មមួយដុំ មកសន្មតទុកថាជាតំណាងស្ដេច ប្រាប់បណ្ដាជនឲ្យជួយធ្វើជាសាក្សីទៅថ្ងៃក្រោយ ស្ដេចពាលស្លាប់ ទៅកើតជាអ្នកតាភ្នំនៅរក្សាដុំថ្ម ដែលឧបរាជជាប្អូននិងបណ្ដាជន សន្មតទុកជាតំណាងរហូតមកដល់សព្វថ្ងៃនេះ ឧបរាជជាប្អូន ក្រោយពីនោះក៏ស្លាប់ទៅទៀត ហើយទៅកើតជាអ្នកតាស្រុកបារ៉ាច នៅថែរក្សាក្បាលក្រពើរហូតមក ចប់

កែសម្រួលនិងស្រាវជ្រាវពីសៀវភៅរឿងព្រេងខ្មែរដោយ៖ចៅតាជេត

(សូមរង់ចាំអានរឿងព្រេងនិងទំនៀមខ្មែរ នៅថ្ងៃស្អែកទៀត)

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print