កម្លាំងកងរាជអាវុធហត្ថខេត្តសៀមរាបបង្រ្កាបរថយន្ដដឹកប្រេងបង្កប់ឈើធ្នង់ចំនួន២១២ដុុំ

ចែករំលែក៖

ខេត្តសៀមរាប ៖ កម្លាំងកងរាជអាវុធហត្ថខេត្តសៀមរាបដឹកនាំការបង្ក្រាបដោយលោក វរសេនីយ៍ឯក សេង វុទ្ធី មេមេបញ្ជាការរងកងរាជអាវុធហត្ថខេត្តសៀមរាប បានឃាត់រថយន្ដដឹកប្រេងមួយគ្រឿងដែលបន្លំដឹកឈើប្រណីត(ធ្នង់)ហើយពេលឃាត់រថយន្ដនោះអ្នកបើកបរបានរត់គេចខ្លួនបាត់។ ប្រតិបត្តិការនេះបានធ្វើឡើងកាលពីវេលាម៉ោង ១៦និង៣០នាទី ថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២០ នៅចំណុចភូមិ ធ្លកអណ្តូង សង្កាត់ស្លក្រាម ក្រុងសៀមរាប ហើយរហូតមកដល់ថ្ងៃទី២៤ខែឧសភា ឆ្នាំ២០២០នេះ ទើបមន្រ្ដីជំនាញបានរុះរើនិងវះកាត់ដែកស៊ីទែនចេញដើម្បីរាប់ចំនួនឈើឱ្យពិតប្រាកដ។
តាមប្រភពរឹះគន់ពីប្រជាពលរដ្ឋបានឲ្យដឹងថា ដោយសារតែតម្លៃប្រេងសាំងចុះថោកទើបគេលែងដឹកសាំងហើយប្ដូររបរមកដឹកឈើម្តង តែសំណាងមិនល្អ ទើបបែកការណ៍មកជាប់អន្ទាក់សមត្ថកិច្ចកងរាជអាវុធហត្ថខេត្តសៀមរាប។
សមត្ថកិច្ចបានឱ្យដឹងថា រថយន្តដែលឃាត់បាន ម៉ាក FUSO សណ្តោងស៊ីទែន ពាក់ស្លាកលេខភ្នំពេញ ៣C-២៨៥៩ ពណ៌ស ឆ្នូតក្រហមខៀវ ដែលគេសង្ស័យ ថាដឹកជញ្ជួនផលអនុផលព្រៃឈើគ្មានលិខិតអនុញ្ញាត បានចេញពីខេត្តបន្ទាយមានជ័យ ចូលមកខេត្តសៀមរាប ។ក្រោយពីឃាត់រថយន្តអ្នកបើកបរបានគេចខ្លួនបាត់បន្សល់ទុករថយន្តចោល។ក្រោយមកកម្លាំងសមត្ថកិច្ចបានធ្វើការត្រួតពិនិត្យហើយរកឃើញប្រភេទឈើដុំមួយចំនួនតែមិនទាន់បានដឹងពីបរិមាណឈើខាងលើនេះនៅឡើយទេត្រូវបានប្រគល់ឱ្យរដ្ឋបាលព្រៃឈើបន្ទាយស្រីរក្សាទុកដើម្បីត្រួតពិនិត្យនិងធ្វើការវាស់វែងជាក់ស្តែង។
លោកឧត្តមសេនីយ៍ត្រី ប៉ោ វណ្ណនិត មេបញ្ចាការកងរាជអាវុធហត្ថខេត្តសៀមរាប បានឆ្លើយតបតាមបណ្ដាញទូរស័ព្ទនៅព្រឹកថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២០នេះថា ក្រោយឃាត់រថយន្ដដឹកប្រេង១គ្រឿងរួចធ្វើការឆែកឆេរ ឃើញមានវត្ថុតាងឈើប្រណិីតធ្នង់មកក៏ប្រគល់ឱ្យមន្រ្ដីជំនាញយកទៅរក្សាទុកនៅផ្នែករដ្នបាលព្រៃឈើ បន្ទាយស្រី ដើម្បីធ្វើការវាស់វែងចំនួនឈើ និងចាត់ការតាមនិីតិវិធីច្បាប់។
លោក ម៉ុង ប៊ុនលីម នាយខណ្ឌរដ្នបាលព្រៃឈើខេត្តសៀមរាប បានឱ្យដឹងតាមទូរស័ព្ទនៅព្រឹកថ្ងៃទី២៤ ខែ ឧសភា ឆ្នាំ២០២០ថា ពេលនេះកម្លាំងមន្រ្ដីជំនាញកំពុងតែធ្វើការរុះរើ រាប់ចំនួនឃើញមានប្រភេទឈើធ្នង់ចំនួន២១២ដុំស្មើនឹង៩,២៧១ម៉ែត្រគូប ៕


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print