ភ្នំពេញ៖ យុវជនម្នាក់ត្រូវបានកម្លាំងនគរបាលប៉ុស្តិ៍ច្បារអំពៅទី២ចាប់ខ្លួនពាក់ព័ន្ធបទឧក្រិដ្ឋ ដែលជនសង្ស័យបានប្រព្រឹត្តិកាលពីឆ្នាំ២០០៨កន្លងទៅ ហើយត្រូវសមត្ថកិច្ចចាប់ខ្លួនបាននៅពេលនេះ ។
ករណីចាប់មុខសញ្ញាពាក់ព័ន្ធបទឧក្រិដ្ឋនេះបានធ្វើឡើងនៅវេលាម៉ោង ១០ព្រឹកថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៦ នៅផ្លូវលេខ៣៦៩ ក្រុមទី១៤ ភូមិដើមចាន់ សង្កាត់ច្បារអំពៅទី២ ខណ្ឌច្បារអំពៅ ។
ជនសង្ស័យមានឈ្មោះង្វៀង យ៉ាំងចាំង ភេទប្រុស អាយុ២៦ឆ្នាំ មានទីលំនៅផ្ទះជួល ក្រុមទី១៤ ផ្លួវ៣៦៩ ភូមិដើមចាន់ សង្កាត់ច្បារអំពៅទី២ ខណ្ឌច្បារអំពៅ ។
ជនសង្ស័យត្រូវសមត្ថកិច្ចធ្វើទៅតាមដីការបង្គាប់អោយចាប់ខ្លួនលេខ១៦៦០ ចុះថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០០៩ ចេញដោយលោកតែ សំអាង ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ ចោទប្រកាន់ជនសង្ស័យពីបទ” មនុស្សឃាតដោយចេតនា” ប្រព្រឹត្តិទៅនៅភូមិដើមចាន់ សង្កាត់ច្បារអំពៅទី២ ខណ្ឌមានជ័យ កាលពីថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០០៨ ។ ជនត្រូវចោទជាប់ពីបទឧក្រិដ្ឋ គឺបទមនុស្សឃាតដោយចេតនា កាលពីឆ្នាំ២០០៨ ។
នគរបាលប៉ុស្តិ៍បានអោយដឹងថា កាលពីឆ្នាំ២០០៨កន្លងទៅជនសង្ស័យបានធ្វើសកម្មភាពវាយទៅលើជនរងគ្រោះ ក្រោយមកបានរត់គេចខ្លួនចេញពីមូលដ្ឋាន ហើយសំណុំរឿង ឧក្រិដ្ឋនេះត្រូវបានសមត្ថកិច្ចជំនាញចាត់ការតាមផ្លូវច្បាប់ដើម្បីរកយុត្តិធម៍អោយជនរងគ្រោះ ទីបំផុតជនដែលប្រព្រឹត្តិបទល្មើសមិនអាចគេចផុតពីសំណាញ់ច្បាប់បានឡើយ ។ បើគិតពីពេលវេលាដែលជនសង្ស័យគេចខ្លួនមានរយៈពេល៩ឆ្នាំហើយ តែបទល្មើសឧក្រិដ្ឋមិនទាន់ហួសអាយុកាលនោះទេ ។
ក្រោយចាប់ខ្លួនជនត្រូវចោទសមត្ថកិច្ចបញ្ជូនទៅកាន់អធិការដ្ឋាននគរបាលខណ្ឌដើម្បីបំពេញនីតិវិធីបញ្ជូនទៅតុលាការ ៕
...
ដោយ៖ សណ្តោស