ភ្នំពេញ៖ ទោះបីជាព្រះអាទិត្យកំពុងបញ្ចេញរស្មី និងដីក្តៅហួតហែងយ៉ាងណាក៏ដោយ ក៏ក្រុមបៃតងមកពីក្រុមហ៊ុនណាហ្គាវើលនៅតែបន្តការដាំដើមឈើនៅក្នុងបរិវេណសាលាជាយរាជធានីភ្នំពេញ។ នៅថ្ងៃទី ១៦ ខែ មករាឆ្នាំ ២០១៦ ណាហ្គាវើលបេះដូងសប្បុរស ដឹកនាំដោយលោក James Ma នាយកផ្នែកទំនាក់ទំនងបុគ្គលិក និងការងារសង្គមណាហ្គាវើល ថ្មីៗនេះបាននាំយកដើមឈើទៅដាំនៅក្នុងបរិវេណសាលាវិទ្យាល័យ ហ៊ុនសែនព្រែកកំពឺសស្ថិតក្នុងសង្កាត់ព្រែកកំពឺស ខណ្ឌដង្កោ រាជធានីភ្នំពេញ។
លោក James Ma បានមានប្រសាសន៍ថា “ណាហ្គាវើលបេះដូងសប្បុរសតែងតែយកចិត្តទុកដាក់អំពីបញ្ហាបរិស្ថាន។ យើងបានផ្តួចផ្តើមបង្កើតកម្មវិធីបរិស្ថានដើម្បីអប់រំ និងបង្កើតការយល់ដឹងក្នុងចំណោមយុវជនវ័យក្មេងកម្ពុជាស្តីពីសារសំខាន់នៃការការពារបរិស្ថានរបស់យើង។ នាពេលបច្ចុប្បន្ននេះ អាកាសធាតុបានផ្លាស់ប្តូរ ហើយវាមានការជះឥទ្ធិពលយ៉ាងខ្លាំងមកលើការរស់នៅរបស់មនុស្សទូទាំងពិភពលោក។ យើងគ្រប់គ្នាមានតួនាទីយ៉ាងសំខាន់មួយក្នុងការការពារបរិស្ថានរបស់យើង។ យើងដាំដើមឈើថ្ងៃនេះ ជាការខិតខំប្រឹងប្រែងរបស់យើងក្នុងការកាត់បន្ថយបញ្ហាការបម្រែបម្រួលអាកាសធាតុ។ ដើមឈើក៏ជួយផ្តល់ម្លប់ផងដែរសម្រាប់សិស្សានុសិស្សនៅពេលថ្ងៃក្តៅ ហើយវាជួយធ្វើឲ្យមានសោភ័ណ្ឌភាពក្នុងបរិវេណសាលាទៀតផង។ តាមរយៈកម្មវិធីបរិស្ថានរបស់យើង យើងបានដាំដើមឈើជាង ១,៤០០ដើម នៅតាមបណ្តាខេត្តមួយចំនួន និងរាជធានីភ្នំពេញផងដែរ។ យើងរំពឹងថានឹងដាំបន្ថែមទៀតនៅឆ្នាំនេះ”។
លោក សំ ប៊ុណ្ណា នាយកវិទ្យាល័យ ហ៊ុនសែនព្រែកកំពឺស បានមានប្រសាសន៍ថា “ណាហ្គាវើលគឺជាក្រុមហ៊ុនដំបូងគេដែលផ្តល់ដើមឈើដើម្បីដាំក្នុងសាលារបស់យើង។ នេះគឺជាលើកទីបួនហើយដែលយើងបានទទួលការយកចិត្តទុកដាក់ និងការលើកទឹកចិត្តពីណាហ្គាវើលបេះដូងសប្បុរស។ ណាហ្គាវើលបេះដូងសប្បុរសមិនត្រឹមតែបានផ្តល់ដើមឈើដើម្បីដាំក្នុងសាលារបស់យើងប៉ុណ្ណោះនោះទេ ប៉ុន្តែថែមទាំងបានផ្តួចផ្តើមបង្កើតកម្មវិធីប្រឡងសរសេរអត្ថបទសម្រាប់សិស្សានុសិស្សរបស់យើងទៀតផង។ លើសពីនេះទៀត ណាហ្គាវើលបេះដូងសប្បុរសបានផ្តល់សៀវភៅសម្រាប់បណ្ណាល័យដែលផ្តល់ផលប្រយោជន៍ដល់លោកគ្រូអ្នកគ្រូ និងសិស្សានុសិស្សរបស់យើងផងដែរ។ គ្មានក្រុមហ៊ុនណាបានធ្វើដូចនេះពីមុនមកទេ។ យើងសុំសន្យាថានឹងយកចិត្តទុកដាក់ថែរក្សាដើមឈើដែលបានដាំ ដូច្នេះវានឹងផ្តល់បរិយាកាសដ៏ល្អប្រសើរមួយសម្រាប់សិស្សានុសិស្ស។ សកម្មភាពដាំដើមឈើរបស់ណាហ្គាវើល បានបណ្តុះគំនិតសិស្សានុសិស្សឲ្យចេះស្រឡាញ់បរិស្ថាន ឲ្យចេះទទួលស្គាល់ពីតំលៃដើមឈើ និងឲ្យចេះជួយកែលម្អបរិវេណសាលារបស់ពួកគេ។ យើងសូមថ្លែងអំណរគុណដល់ណាហ្គាវើលសម្រាប់កិច្ចខិតខំប្រឹងប្រែងអស់ពីកំលាំងកាយកំលាំងចិត្តរបស់ពួកគេ ដើម្បីធ្វើឲ្យសាលារបស់យើងប្រែក្លាយជាពណ៌បៃតង និងមានធម្មជាតិស្រស់បំព្រង។
កញ្ញា គង់ ស្រីនា ជាបុគ្គលិកឆ្នើមប្រចាំខែ កុម្ភះ ឆ្នាំ ២០១៥ ដែលបានចូលរួមក្នុងកម្មវិធីនេះបាននិយាយថា “ខ្ញុំសប្បាយរីករាយណាស់ដែលឃើញសិស្សានុសិស្សទាំងនេះចេះស្រឡាញ់ និងយកចិត្តទុកដាក់អំពីបរិស្ថាន។ ថ្ងៃនេះ គឺជាឱកាសដ៏ល្អមួយសម្រាប់ពួកយើងដើម្បីជួយសង្គ្រោះភពផែនដីរបស់យើងដោយការដាំដើមឈើ។ នេះគឺជាលើកទីមួយហើយសម្រាប់រូបខ្ញុំដែលបានចូលរួម និងដាំដើមឈើនៅក្នុងសាលានេះ។ យើងសប្បាយរីករាយដើម្បីចូលរួមក្នុងសកម្មភាពរបស់ក្រុមយើង ហើយវាធ្វើឲ្យមានការចូលរួមចំណែកទៅដល់សហគមន៍”។
ធី សុជាតា ជាសិស្សថ្នាក់ទី៩ បាននិយាយថា “ខ្ញុំរំភើបណាស់ដែលណាហ្គាវើលបានមកដាំដើមឈើនៅសាលារបស់យើង។ ពួកគេធ្វើឲ្យសាលារបស់យើងប្រែក្លាយជាពណ៌បៃតង និងមានភាពស្រស់ស្អាត។ មិត្តភក្តិរបស់ខ្ញុំ និងរូបខ្ញុំផ្ទាល់នឹងថែទាំដើមឈើទាំងនេះដោយស្រោចទឹកជាប្រចាំថ្ងៃ។ យើងសូមអរគុណដល់ណាហ្គាវើល យើងស្រឡាញ់ណាហ្គាវើល”៕
ដោយ៖ ស ដារ៉ា