ភ្នំពេញ៖ អ្នកទៅស្ទួចត្រីប្រទះឃើញម៉ូតូម៉ាកហុងដាឌ្រីម សេរី២០១៧មួយគ្រឿង នៅក្នុងទឹកទន្លេក្បែរច្រាំងនៅខាងត្បូងស្ពានបេឡេ ហើយរាយការប្រាប់កងរាជអាវុធហត្ថខណ្ឌជ្រោយចង្វា ចុះទៅយកមករក្សាទុកដើម្បីស្រាវជ្រាវរកម្ចាស់ ។
ហេតុការណ៍នេះ បង្កមានការភ្ញាក់ផ្អើលឡើង កាលពីម៉ោង៩និង៣០នាទីព្រឹក ថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២០ នៅក្នុងភូមិដើមគរ សង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វា។
មន្រ្តីកងរាជអាវុធហត្ថខណ្ឌជ្រោយចង្វា បានឲ្យដឹងថា ម៉ូតូនេះម៉ាកហុងដាឌ្រីម សេរី២០១៧ ពាក់ស្លាកលេខភ្នំពេញ១GP.4947 ត្រូវគេដោះគ្រឿងអស់ ។
តាមសម្តីសមត្ថកិច្ចកងរាជអាវុធហត្ថខណ្ឌ បានបញ្ជាក់ថា ម៉ូតូខាងលើនេះ សង្ស័យថាត្រូវក្រុមចោរលួចយកពីកន្លែងណាមួយហើយដោយខ្លាចបែកការត្រូវក្រុមជននោះដោះយកគ្រឿងអស់ហើយ ទើបយកទៅទំលាក់ចោលក្នុងទឹកទន្លេតែម្តង ។
ក្រោយកើតហេតុ សមត្ថកិច្ចកងរាជអាវុធហត្ថខណ្ឌ ក៏បានអំពាវនាវដល់ម្ចាស់ម៉ូតូដែលបានបាត់ ដូចភិនភាគខាងលើ សូមមកទាក់ទងនៅមូលដ្ឋានកងរាជអាវុធហត្ថខណ្ឌជ្រោយចង្វា៕ដោយ៖ជ្រោយ ពេជ្រ