សម្តេច ស ខេង គាំទ្រ និងកោតសរសើររដ្ឋមន្រ្តីក្រសួងយុត្តិធម៌ សម្រាប់យុទ្ធនាការដោះស្រាយបញ្ហាកកស្ទះសំណុំរឿងតាមសាលាដំបូងរាជធានី-ខេត្ត

ចែករំលែក៖

ភ្នំពេញ៖ នៅព្រឹកថ្ងៃពុធ ៦កើត ខែជេស្ឋ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២០នេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សបានអញ្ជើញជាអធិបតី ពិធីផ្សព្វផ្សាយរបាយការណ៍ជាតិ ស្ដីពីការងារប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សឆ្នាំ២០១៩ និងទិសដៅការងារឆ្នាំ២០២០ របស់គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស នៅទីស្ដីក្រសួងមហាផ្ទៃ ។

ជាកិច្ចចាប់ផ្ដើម លោកស្រី ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្ត្រៃយ៍ នៃគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស បានគូសបញ្ជាក់អំពីស្ថានភាពប្រឈមនៃអំពើជួញដូរមនុស្សនាពេលចុងក្រោយនេះ ដែលកើតឡើងដោយសារការនាំពលរដ្ឋឆ្លងដែនដោយខុសច្បាប់ ពិសេសឆ្លងដែនពីកម្ពុជាចូលទៅកាន់ប្រទេសថៃនៅក្នុងពេលប្រទេសថៃបានរឹតបន្តឹងទាំងផ្ទៃក្នុងប្រទេស និងតាមបន្ទាត់ព្រំដែន ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ ដែលទាមទារឱ្យភាគីពាក់ព័ន្ធយកចិត្តទុកដាក់ដោះស្រាយបញ្ហាប្រឈមថ្មីនេះជាចាំបាច់ ។

លោកស្រីរដ្ឋលេខាធិការក៏បានមានប្រសាសន៍បញ្ជាក់ជូនសម្ដេច និងអង្គពិធីអំពីលទ្ធផលការងារប្រយទ្ធប្រឆាំងនឹងអំពើជួញដូរមនុស្ស ពាក់ព័ន្ធនឹងការងារច្បាប់ គោលនយោបាយ លិខិតបទដ្ឋានគតិយុត្តិ និងការលើកកម្ពស់កិច្ចសហប្រតិបត្តិការ ការបង្ការទប់ស្កាត់ ប្រព័ន្ធយុត្តិធម៌ព្រហ្មទណ្ឌឆ្លើយតបទៅនឹងអំពើជួញដូរមនុស្ស កិច្ចការពារជនរងគ្រោះ និងការផ្ដល់សេវាគាំទ្រ ការលើកកម្ពស់សមត្ថភាពគាំទ្រ ទាំងនៅក្នុងកម្រិតផ្ទៃប្រទេស និងក្រៅប្រទេស។

លោកស្រី បន្តថាកាលពីឆ្នាំ២០១៩ អគ្គស្នងការដ្ឋាននគរបាលជាតិ កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងស្នងការដ្ឋាននគរបាលរាជធានីខេត្តបានតាមដាន ស្រាវជ្រាវ បង្ក្រាបអំពើជួញដូរមនុស្ស និងអំពើធ្វើអាជីវកម្មផ្លូវភេទសរុបចំនួន១៦៩លើ១៣៤ករណី កើន៣៥ករណី ស្មើនឹង២៦,១១ភាគរយ ឃាត់ខ្លួនជនសង្ស័យបាន២២៩លើ២២៤នាក់ ធៀបនឹងឆ្នាំ២០១៨ និងបានសង្គ្រោះជនរងគ្រោះចំនួន៤៥៦នាក់លើ២៣០នាក់ ព្រមទាំងបានផ្ដន្ទាទោសជនល្មើសបានជាច្រើនកររណីទៀត។

បន្ទាប់មក សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញថ្លែងសុន្ទរកថា និងមានមតិណែនាំទៅកាន់អង្គពិធី ដោយជាកិច្ចចាប់ផ្ដើម សម្ដេចបានថ្លែងអបអរសាទរចំពោះលទ្ធផលនៃការប្រយទ្ធប្រឆាំងការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩ ពិសេសការព្យាបាលអ្នកជំងឺឱ្យបានជាសះស្បើយ និងគ្មានអ្នកស្លាប់ ដែលការងារនេះត្រូវបានសម្ដេចសង្កត់ធ្ងន់ថាជាលទ្ធផលកើតចេញពីកិច្ចខិតខំប្រឹងប្រែងរួមគ្នារវាងរាជរដ្ឋាភិបាល ប្រជាពលរដ្ឋ និងដៃគូពាក់ព័ន្ធទាំងជាតិ និងអន្តរជាតិ ពិសេសអង្គការសុខភាពពិភពលោក។

យ៉ាងណាក៏ដោយ សម្ដេចនៅតែបន្តទទូចឱ្យប្រជាពលរដ្ឋ និងភាគីពាក់ព័ន្ធបន្តចូលរួមអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវវិធានការការពារទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ១៩ជាបន្តទៀតជាមួយរាជរដ្ឋាភិបាល ដោយមិនត្រូវមើលស្រាលសភាពការណ៍ និងបាត់ការប្រុងប្រយ័ត្ននោះទេ ដ្បិតសម្ដេចសង្កេតឃើញថាមួយរយៈពេលមកនេះ ប្រជាពលរដ្ឋហាក់ដូចជាបន្ធូរដៃខ្លះចំពោះការប្រុងប្រយ័ត្ន និងថាដរាបណាថ្នាំព្យាបាល និងវ៉ាក់សាំងប្រឆាំងមេរោគកូវីដ១៩មិនទាន់រកឃើញទេ យើងមិនអាចធ្វេសប្រហែសបានឡើយ។

ពាក់ព័ន្ធនឹងការងារប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស សម្ដេចក្រឡាហោមឧបនាយករដ្ឋមន្ត្រី បានថ្លែងកោតសរសើរថ្នាក់ដឹកនាំ និងមន្រ្តីពាក់ព័ន្ធ ព្រមទាំងដៃគូជាតិ និងអន្តរជាតិទាំងអស់ ដែលបានខិតខំបំពេញភារកិច្ចប្រកបដោយការទទួលខុសត្រូវ និងទទួលបានលទ្ធផលជាបន្តបន្ទាប់ ទោះបីមានការប្រឈមនឹងបញ្ហាថ្មីៗក៏ដោយ។ សម្ដេចបានមានប្រសាសន៍ថាបញ្ហាថ្មីៗចុងក្រោយនេះ គឺការប្រឈមមុខនឹងបញ្ហាជីវភាពរបស់ពលរដ្ឋ ពិសេសមុខសញ្ញាងាយរងគ្រោះក្នុងអំពើជួញដូរមនុស្ស និងក្រុមប្រជាពលរដ្ឋជាពលករដែលប៉ុនប៉ងលួចឆ្លងដែនចូលទៅប្រទេសថៃ។

ជាថ្មីម្ដងទៀត សម្ដេចបានស្នើសមត្ថកិច្ចតាមព្រំដែនទាំងអស់ ពិសេសរដ្ឋបាលដែនដី កម្លាំងកងយោធពលខេមរភូមិន្ទ កងកម្លាំងនគរបាលជាតិ និងមន្រ្តីសមត្ថកិច្ចពាក់ព័ន្ធផ្សេងទៀត រួមសហការគ្នាទប់ស្កាត់ពលរដ្ឋលួចឆ្លងដែនចូលប្រទេសថៃ និងចាប់មេខ្យល់យកមកផ្តន្ទាទោស។ សម្ដេចក្រឡាហោម ក៏បានបន្តជំរុញលើកទឹកចិត្តឱ្យបង្កើនការផ្សព្វផ្សាយអំពីហានីភ័យសម្រាប់ពលករនៅក្រៅប្រទេស ដោយត្រូវសហការជាមួយស្ថានទូតនៅប្រទេសមានពលករទៅធ្វើការនូវលទ្ធភាពផ្សេងៗដែលអាចនាំឱ្យងាយរងគ្រោះដោយអំពោះកេងប្រវញ្ញ និងការជួញដូរក្រោមរូបភាពផ្សេងៗ។

សម្ដេចឧបនាយករដ្ឋមន្ត្រីក៏បានកត់សំគាល់អំពីលទ្ធផលនៃការបង្ក្រាបអំពើជួញដូរមនុស្ស និងនីតិវិធីតុលាការពាក់ព័ន្ធនឹងការងារនេះដែរ ដោយសម្ដេចបានឆ្លៀតយកឱកាសនេះ បង្ហាញការគាំទ្រជាថ្មីទៀតចំពោះយុទ្ធនាការដោះស្រាយការកកស្ទះសំណុំរឿងដែលបាន និងកំពុងដឹកនាំដោយរដ្ឋមន្ត្រីថ្មីនៃក្រសួងយុត្តិធម៌។សម្ដេចបានចាត់ទុកយុទ្ធនាការនេះថាជាការឈានទៅដោះស្រាយភាពអសកម្មមួយចំនួន ដូចជាភាពចង្អៀតណែនក្នុងពន្ធនាគារ ដែលនាំឱ្យខាតបង់ថវិកាជាតិផង នាំឱ្យប៉ះពាល់ដល់សិទ្ធិអ្នកជាប់ឃុំផង និងនាំឱ្យមានការរិះគន់ពីអង្គការ និងសហគមន៍អន្តរជាតិផង។
ពាក់ព័ន្ធនឹងយុទ្ធនាការដែលអាចឈានទៅដោះលែងអ្នកជាប់ឃុំមួយចំនួន ដូចជាជនដែលអនុវត្តទោសបានជិតរួលរាល់ ឬមានទោសក្នុងកម្រិតស្រាលជាដើមនោះ សម្ដេចក្រឡាហោមបានមានប្រសាសន៍ថារាជរដ្ឋាភិបាលបានគិតគូរជាមុនហើយអំពីលទ្ធភាពនៃការគ្រប់គ្រង និងតាមដានអ្នកទាំងនោះ ពោលគឺប្រសិនបើពួកគេបន្តប្រព្រឹត្តល្មើសបន្ទាប់ពីមានសេរីភាព នោះការទទួលខុសត្រូវផ្លូវច្បាប់នឹងកាន់តែមានទំងន់ធ្ងន់ជាងមុន។

សម្ដេចបានថ្លែងទទួលស្គាល់ថាអាចនឹងមានការរិះគន់បន្តទៀតចំពោះការងារនេះ ប៉ុន្តែសម្ដេចបានថ្លែងលើកទឹកចិត្តឱ្យក្រសួងយត្តិធម៌ និងអាជ្ញាធរសមត្ថកិច្ចពាក់ព័ន្ធខិតខំបំពេញភារកិច្ចឱ្យបានល្អ ត្បិតថាកាលពីពន្ធនាគារចង្អៀតណែនយើងបានរងការរិះគន់រួចមកហើយ ហើយពេលមានការអនុវត្តនីតិវិធីដោះលែងអ្នកទោសខ្លះនេះ យើងក៏នឹងអាចទទួលរងការរិះគន់ទៀតដែលនេះគឺជារឿងធម្មតានៃសង្គមប្រជាធិបតេយ្យ ពោលគឺអ្វីដែលសំខាន់យើងត្រូវធ្វើទៅតាមច្បាប់ឱ្យបានត្រឹមត្រូវ។

ឆ្លៀតនៅក្នុងឱកាសនេះដែរ សម្ដេចក្រឡាហោម ស ខេង បានមានប្រសាសន៍អំពីដំណើរការនៃការរឹតបន្តឹងការអនុវត្តច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក ដោយសម្ដេចបានសង្កត់ធ្ងន់ថាចាប់តាំងពីថ្ងៃទី១ខែឧសភារហូតមកដល់ថ្ងៃនេះ មានអ្នករិះគន់ប្រមាណមិនដល់១ភាគរយទេដែលបានយល់ខុសចំពោះកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល និងនគរបាលចរាចរណ៍។ សម្ដេចបានបញ្ជាក់ជាថ្មីទៀតថាប្រសិនបើពលរដ្ឋអ្នកដំណើរមិនប្រព្រឹត្តខុសអ្វីពេលកំពុងបើកបរ គឺគ្មានសមត្ថកិច្ចណាឃាត់សួរនាំរកឯកសារនោះទេ។

សម្ដេចបានបង្ហាញភាពរីករាយចំពោះអត្រាធ្លាក់ចុះនៃគ្រោះថ្នាក់ចរាចរណ៍ គិតត្រឹមរយៈពេល២៦ថ្ងៃកន្លងមក បើធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០១៩ និងធៀបនឹងខែមេសាឆ្នាំ២០២០។ ធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០១៩ គឺគ្រោះថ្នាក់បានថយចុះ១១២លើក ស្មើនឹង៣៨ភាគរយ, អ្នកស្លាប់បានថយចុះ៣៤នាក់ ស្មើនឹង២៦ភាគរយ,អ្នករបួសថយចុះ១៦៥នាក់ ស្មើនឹង៣១ភាគរយ ហើយបើធៀបនឹងរយៈពេលដូចគ្នាកាលពីខែមេសាកន្លងទៅ មានអ្នកស្លាប់ថយចុះ៧នាក់ រងរបួសបានថយចុះរហូតដល់៨២នាក់។

ផ្អែកលើលទ្ធផនេះ សម្ដេចក្រឡាហោមបានសង្កត់ធ្ងន់ថាវិធានការនេះនឹងមិនត្រូវដកថយជាដាច់ខាត គឺសមត្ថកិច្ចត្រូវបន្តធ្វើ និងប្រកបដោយការយកចិត្តទុកដាក់ក្នុងការគោរពសីលធម៌វិជ្ជាជីវៈ មានភាពទន់ភ្លន់ តែម៉ឺងម៉ាត់ ដើម្បីបានការគាំទ្រ និងការចូលរួមពីប្រជាពលរដ្ឋ។

សម្ដេចបានមានប្រសាសន៍ថាពេលនេះការគោរពច្បាប់ចរាចរណ៍នៅកម្ពុជាបានដើរដល់របត់ថ្មីមួយហើយ ហើយនេះគឺជាកិត្តិយសរបស់ជាតិ និងជាការការពារអាយុជីវិត និងសេចក្ដីសុខរបស់ប្រជាពលរដ្ឋ ដែលយើងត្រូវតែបន្តបេសកកម្មនេះដោយគ្មានការដកថយ៕

...

ដោយ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print