ភ្នំពេញ៖ នៅវិមានសន្តិភាព នៅព្រឹកថ្ងៃពុធ៦ កើត ខែពិសាខឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២០នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានទទួលជួបពិភាក្សាការងារជាមួយលោក Ermenegildo ” Kupa ” ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋប្រជាធិបតេយ្យទីម័រខាងកើត។
ក្នុងជំនួបនោះ លោក Kupa បានគោរពពាំនាំនូវពាក្យផ្ដាំផ្ញើសួរសុខទុក្ខទុកពីលោកនាយករដ្ឋមន្ត្រីប្រធានាធិបតីប្រទេសទីម័រខាងកើតជូនចំពោះសម្ដេចតេជោ។ លោកបានមានប្រសាសន៍ថា លោកមកបំពេញបេសកកម្មការងារនៅក្នុងប្រទេសកម្ពុជានាពេលនេះ គឺជាពេលវេលាដ៏ពិបាកមួយនៃជំងឺកូវីដ១៩ ដែលពិភពលោកកំពុងជួបប្រទះ ទោះជាយ៉ាងណាក៏ដោយលោក ពុំមានការភិតភ័យ ដែរ ផ្ទុយទៅវិញឃើញថាវិធានការរបស់សម្ដេចតេជោបានគ្រប់គ្រងស្ថានភាពបានយ៉ាងល្អប្រសើរ ក្នុងន័យនេះ លោកសូមគោរពថ្លែងនូវការសាទរចំពោះប្រជាជន និងរដ្ឋាភិបាលកម្ពុជាផងដែរ ដែលបានទប់ស្កាត់ការរាតត្បាតមេរោគកូវីត១៩ បានយ៉ាងជោគជ័យ។
លោកបានជម្រាបជូនសម្ដេចតេជោផងដែរថានិស្សិតរបស់ទីម័រឡែស ក៏ដូចជាមន្ត្រីស្ថានទូតទាំងអស់គឺទទួលបាននូវសុវត្ថិភាពល្អ។ លើសពីនេះទៅទៀតលោកក៏បានគោរពជម្រាបជូនសម្ដេចតេជោ ថា នៅក្នុងបេសកកម្មកាទូតរបស់លោកមកកម្ពុជានៅពេលនេះ ឯកឧត្តមនឹងពិនិត្យមើលឡើងវិញរាល់អនុស្សារណៈទាំងឡាយដែលបានចុះរួមគ្នាកន្លងមក និងធ្វើយ៉ាងណាជំរុញការដាក់ដំណើរការអនុសារណៈទាំងអស់នោះ អោយទទួលបានជោគជ័យ។ លោក នឹងបន្តធ្វើការជាមួយក្រសួងកសិកម្ម ដើម្បីរៀបចំការនាំអង្ករចេញទៅប្រទេសទីម័រឡែស និងធ្វើការជាមួយក្រសួងរ៉ែ និងថាមពល រួមនឹងក្រសួងដទៃទៀតដើម្បីជំរុញកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរឲ្យមានវិសាលភាពកាន់តែធំឡើង។
ជាការឆ្លើយតប សម្ដេចតេជោ ហ៊ុន សែន បានសម្ដែងនូវការអបអរសាទរ ចំពោះលោកដែលត្រូវបានតែងតាំងជាឯកអគ្គរដ្ឋទូតទីម័រឡែស ប្រចាំនៅកម្ពុជា។ សម្តេចក៏បានអរគុណចំពោះការផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់នាយករដ្ឋមន្ត្រីនិងប្រធានាធិបតីទីម័រឡែស ចំពោះសម្ដេចតេជោ។
សម្ដេចតេជោបានមានប្រសាសន៍អរគុណចំពោះការវាយតម្លៃរបស់ទីម័រឡែសពាក់ព័ន្ធទៅនឹងជំងឺកូវីដ១៩នៅកម្ពុជា។ ហើយកន្លងមកនេះកម្ពុជាក៏បានឆ្លងជំងឺកូវីដ១៩ ចំនួន១២២នាក់ ហើយ១២២ នាក់នេះក៏បានជាសះស្បើយផងដែរ។ តែជំងឺនេះមិនទាន់ចប់នៅឡើយ យើងត្រូវតែមានការប្រុងប្រយ័ត្នជាបន្តទៀតព្រោះជំងឺនេះ។ សម្ដេចតេជោក៏បានមានប្រសាសន៍ផងដែរតាមរយៈបទពិសោធន៍កន្លងមកនេះ គឺការទប់ស្កាត់ជំងឺកូវីដ១៩ គឺមិនសំអាងទៅលើវិទ្យាសាស្ត្រ ខ្ពស់នោះទេ គឺសំអាងទៅលើសមត្ថភាពនៃការគ្រប់គ្រងការរាតត្បាតនៃជំងឺនេះ។
ឆ្លៀតក្នុងឱកាសនេះសម្ដេចតេជោក៏បានសម្ដែងនូវអំណរអរគុណប្រទេសទីម័រឡែស ដែលបានគ្រប់គ្រងស្ថានភាពពិសេសជំងឺកូវីដ១៩បាន ដែលមានការឆ្លងរាតត្បាតតិចបំផុតហើយអ្នកជំងឺទាំងអស់ក៏បានជាសះស្បើយផងដែរ។
សម្ដេចតេជោក៏បានសម្ដែងនូវអំណរគុណប្រទេសទីម័រឡែស ដែលបានផ្ដល់នូវម៉ាសជូនដល់ប្រទេសកម្ពុជាជាការចូលរួមចំណែកទប់ស្កាត់ការរាតត្បាតនៃជំងឺកូវីដ១៩។ ហើយពាក់ព័ន្ធទៅនឹងការនាំអង្ករទៅប្រទេសទីម័រឡែស សម្តេចតេជោបានផ្ដល់អនុសាសន៍ថា គប្បីណាបញ្ជូនក្រុមហ៊ុនរបស់ទីម័រឡែស ដើម្បីអោយមានស្ថានទីតាំងនៅកម្ពុជាយើងដើម្បីរៀបចំឲ្យមានឃ្លាំង រោងចក្រ មានកន្លែងសម្ងួត ដូចជាមានបណ្ដាញទិញដើម្បីធ្វើយ៉ាងណាប្រមូលទិញឱ្យបានគ្រប់គ្រាន់ដើម្បីធ្វើការនាំចេញទៅប្រទេសទីម័រឡែស។ លើសពីនេះទៅទៀត សម្ដេចតេជោក៏បានផ្ដល់អនុសាសន៍អោយធ្វើយ៉ាងណារួមសហការគ្នាដើម្បីចែករំលែកនូវបទពិសោធន៍គ្នាទៅវិញទៅមក អ្វីដែលកម្ពុជាមាននិងអ្វីដែលទីម័ឡែសមាន។ ហើយ ឯកឧត្តម Kupa ក៏បានគោរពសូមការណែនាំអនុសាសន៍ផ្សេងៗពីសម្ដេចតេជោ។ សម្តេចតេជោក៏បានជម្រាបជូន លោក អំពីមូលហេតុ០៤យ៉ាងដែលកម្ពុជាសម្រេចចូលជាសមាជិកអាស៊ាន និងបានចែករំលែកបទពិសោធន៍ពីកម្ពុជាមាន ពាក់ព័ន្ធទៅនឹងដំណើរការជាមួយនឹងសមាជិកអាស៊ានហើយសម្ដេចក៏បានជូនពរដល់ឯកឧត្តម Kupaឲ្យទទួលបានជោគជ័យនៅក្នុងដំណើរបំពេញបេសកកម្មការងារនៅក្នុងប្រទេសកម្ពុជានេះ៕
ដោយ៖ សុខ ខេមរា