មានការភ្ញាក់ផ្អើលពីអ្នកសិល្បៈ និងមហាជនក្រោយពីតារាសម្តែងស្រស់សោភា ម៉ៅ គីមធីតា បញ្ចេញរូបថតមានផ្ទៃពោះមួយសន្លឹក ។ រូបថតនេះត្រូវបានអ្នកលេងបណ្តាញសង្គមបន្តចែករំលែក និងលើកឡើងថា តារាសម្តែងស្រីរូបនេះទំនងជាមានផ្ទៃពោះជាមួយសង្សារបណ្តូលចិត្ត តារាចម្រៀង លោក គូម៉ា។
ស្និទ្ធស្នាលនិងទទួលស្គាល់ដឹងលឺពីឪពុកម្តាយទាំងសងខាង តារាចម្រៀង គូម៉ា និងតារាសម្តែង ម៉ៅ គីមធីតា បានស្រលាញ់គ្នាផ្អែមល្ហែមជាច្រើនឆ្នាំមកហើយ ប៉ុន្តែមិនដែលលេចចេញដំណឹងនៃការកំណត់ចូលរោងការនៅឡើយ។ ក្រោយបាត់មុខពីសិល្បៈមួយរយៈ ថ្មីៗនេះនាងលេចមុខជាថ្មីជាមួយរូបថតក្នុងសភាពជាស្ត្រីដែលមានផ្ទៃពោះដែលធ្វើឲ្យគេនឹងឆ្ងល់ជាខ្លាំង។ កាន់តែសង្ស័យនឹងរឿងមានផ្ទៃពោះជាមួយសង្សារបណ្តូលចិត្តគឺក្រោយនាងភ្ជាប់ដោយសំណេរថា ” សុំទោសផងអ្នកដែលលួច Crush អូនទាំងអស់គ្នាពេលនេះអូនពោះធំ ជិតគ្រប់ខែសម្រាលហើយ។ ម៉ាក់ទន្ទឹងរង់ចាំមើលមុខកូនរាល់ថ្ងៃ មិនយូរទេម៉ាក់បានជួបមុខកូនហើយ”។ មានការជជីកសួរជាច្រើនពីអ្នករួមសិល្បៈ និងអ្នកគាំទ្រពួកគេ ប៉ុន្តែនៅមិនទាន់ដឹងចម្លើយ។ ទាំងពួកគេទាំងពីរនៅមិនទាន់អាចទំនាក់ទំនងរកការបញ្ជាក់ណាមួយបាននៅឡើយ។ ប្រសិនបើនាងមានផ្ទៃពោះមែន នាងក៏នឹងក្លាយជាសិល្បករបន្ទាប់ពីតារាចម្រៀង ពេជ្រ សូលីកា ដែលទើបនឹងសម្រាលកូនមុនរៀបការកាលពីពេលថ្មីៗនេះ។ នាងក៏ប្រឈមទៅនឹងពាក្យរិះគន់ខ្លះពីទស្សនិកជន ថាបានរំលងប្រពៃណី មុនពេលរួមរស់ជាមួយគ្នា ។ យ៉ាងណាគេក៏លើកឡើងស្ថិតក្នុងភាពបន្ទិលដែរថា រូបថតនោះក៏អាចស្ថិតក្នុងការសម្តែងក្នុងភាពយន្ត ឬបទចម្រៀងណាមួយក៏ថាបាន៕
ដោយ វឌ្ឍនា