ខេត្តបន្ទាយមានជ័យ៖ មនុស្ស៤នាក់រងរបួសធ្ងន់និងស្រាល ដោយសារតែរថយន្ត២គ្រឿងបុកគ្នាបណ្តាលមកពីរថយន្ត១គ្រឿងបែកកង់រេចង្កូតទៅបុករថយន្ត១គ្រឿងទៀតកាលពីវេលាម៉ោង២រសៀល ថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២០ នៅលើផ្លូវជាតិលេខ៦ត្រង់ចំណុចភូមិតាប៉ុន ឃុំទឹកជោរ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ។
នគរបាលស្រុកព្រះនេត្រព្រះ ប្រាប់ថានៅមុនពេលកើតហេតុមានរថយន្តមួយគ្រឿងម៉ាកមីតស៊ុយប៊ីសុីពណ៌ស ពាក់ស្លាកលេខបាត់ដំបង2A-2376 អ្នកបើកបរឈ្មោះឈុន បឿក ភេទប្រុស អាយុ២៤ឆ្នាំ រស់នៅភូមិភ្នំលៀបខាងកើត ឃុំភ្នំលៀប ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ បើកពីកើតទៅលិច ពេលបើកមកដល់ចំណុចកើតស្រាប់តែរថយន្តបែកកង់មុខខាងស្តាំក៏រេចង្កូត ទទឹងទ្រូងផ្លូវស្របពេលនោះមានរថយន្តមួយគ្រឿងទៀតម៉ាកម៉ាស់ស្ដា ពណ៌ស ពាក់ស្លាកលេខភ្នំពេញ2BB-9108 អ្នកបើកបរឈ្មោះ គឹម ហោ ភេទប្រុស អាយុ៣០ឆ្នាំ នៅភូមិឈើទាល ឃុំផ្ដៅជុំ ស្រុកជើងព្រៃ ខេត្តកំពង់ចាម ក្នុងរថយន្តមានអ្នករួមដំណើរចំនួនពីរនាក់មានឈ្មោះ ទួន ពិទូ ភេទប្រុស អាយុ
៣២ឆ្នាំ នៅភូមិព្រៃទទឹង ឃុំជ្រៃវៀន ស្រុកព្រៃឈរ ខេត្តកំពង់ចាម, ឈ្មោះហាយ គឹមហ័ង ភេទប្រុស អាយុ ១៩ ឆ្នាំនៅភូមិថ្មី ឃុំសន្ទុក ស្រុកជើងព្រៃ ខេត្តកំពង់ចាម បើកក្នុងទិសដៅផ្ទុយគ្នាមកដល់ចំណុចកើតហេតុក៏បុកជាមួយរថយន្តបែកកង់ចំកាប៊ីនផ្នែកខាងស្ដាំបណ្ដាលឲ្យមានមនុស្ស របួសធ្ងន់ ស្រាល ៤នាក់ហើយអ្នករបួសទាំង៤នាក់ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យបង្អែកស្រុកព្រះនេត្រព្រះ និងបញ្ជូនបន្តទៅមន្ទីរពេទ្យខេត្ត មិត្តភាពកម្ពុជា-ជប៉ុន ស្រុកមង្គលបុរី។
ចំពោះវត្ថុតាងរថយន្តខូចធ្ងន់ទាំង២គ្រឿង ត្រូវបាននគរបាលចរាចរណ៍ស្រុក នាំយកទៅរក្សាទុកនៅអធិការដ្ឋានស្រុកព្រះនេត្រព្រះដើម្បីដោះស្រាយតាមផ្លូវច្បាប់៕
ដោយ៖ វណ្ណា