ឆ្លងចរន្តអគ្គិសនីឆេះរោងសិប្បកម្ម បណ្ដាលឲ្យមនុស្សម្នាក់ស្លាប់និងរបួសធ្ងន់ម្នាក់

ចែករំលែក៖

ខេត្តកណ្ដាល៖ មនុស្សម្នាក់ស្លាប់យ៉ាងអាណោចអាធ័ម និងម្នាក់ទៀតរងរបួសធ្ងន់ ដោយសារឆ្លងចរន្តអគ្គិសនី បណ្ដាលឲ្យរោងសិប្បកម្មមួយកន្លែងនៅស្រុកស្អាងឆេះខូចខាតទាំងស្រុង។

ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង២១ និង៣០នាទី ថ្ងៃទី២៨ ខែឧសភា​ឆ្នាំ២០២០នៅចំណុចផ្ទះរបស់ឈ្មោះ គ្រុឌ តៃ ភេទប្រុស អាយុ៧០ឆ្នាំជនជាតិខ្មែរ ស្ថិតក្នុងភូមិទួលក្រាំង ឃុំក្រាំងយ៉ូវ ស្រុកស្អាង ខេត្តកណ្ដាល។

មន្ត្រីនគរបាលស្រុកស្អាងបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ ស្រ៊ុន បូរិន ភេទប្រុសអាយុ២៨ឆ្នាំ(ស្លាប់) ជនជាតិខ្មែរ មានមុខរបរកម្មកររោងចក្រ(កត់ឡូនិងយាមរោងចក្រ) និងម្នាក់ទៀតឈ្មោះ អឿន សុខហៀង ភេទស្រី អាយុ២៤ឆ្នាំ(រងរបួសធ្ងន់) ជនជាតិខ្មែរ មានមុខរបរកម្មការិនីរោងចក្រ(ប្រធានផ្នែកដេរត្រូវជាប្រពន្ធជនរងគ្រោះ)  អ្នកទាំងពីរមានទីលំនៅក្នុងភូមិទួលសាលា ឃុំស្អាងភ្នំ ស្រុកស្អាង ខេត្តកណ្ដាល។ ចំណែកទ្រព្យសម្បត្តិខូចខាតមាន ផ្ទះចំនួន១ខ្នង​ សង់ពីឈើប្រក់ក្បឿងមានទំហំបណ្ដោយ៩ម៉ែត្រ  ទទឹង៧ម៉ែត្រដោយតសំយាបចំហៀងខាងជើងនិងខាងមុខផ្ទះ សរុបទំហំបណ្ដោយ៣០ម៉ែត្រ ទទឹង១៥ម៉ែត្រ ធ្វើជារោងសិប្បកម្មជួលឱ្យសិប្បកម្មដេរខោអាវរោងចក្រ ដោយសម្ភារមាននៅក្នុងនោះខូចខាតអស់ទាំងស្រុង​ ។ 

ប្រភពដដែលបន្តថា នៅថ្ងៃខែឆ្នាំវេលាម៉ោងកើតហេតុខាងលើ មានករណីអគ្គិភ័យឆេះផ្ទះនិងរោងសិប្បកម្មនៅចំណុចកើតហេតុខាងលើ ។ បន្ទាប់ពីទទួលបានព័ត៌មានខាងលើភ្លាម កម្លាំងការិយាល័យពន្លត់អគ្គិភ័យនៃស្នងការដ្ឋាននគរបាលខេត្តកណ្ដាល សហការជាមួយកម្លាំងអន្តរាគមន៍ស្រុកស្អាង,កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលក្រាំងយ៉ូវ,​ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលស្អាងភ្នំ.​ ប៉ុស្តិ៍នគរបាលរដ្ឋបាលព្រែកគយនិងប្រជាការពារជាច្រើនរូបបាននាំគ្នាធ្វើអន្តរាគមន៍សង្រ្គោះ និងពន្លត់ឱ្យរលត់ជាស្ថាពរទាំងស្រុងនៅវេលាម៉ោង២៣ និង៥០នាទី ដោយប្រើប្រាស់រថយន្ដពន្លត់អគ្គិភ័យចំនួន០៣គ្រឿង ប្រើទឹកអស់ចំនួន២១ម៉ែត្រគូបនិងដឹកជនរងគ្រោះទាំង២នាក់ទៅសង្រ្គោះបន្ទាន់ តែទោះជាយ៉ាងណា ជនរងគ្រោះម្នាក់ជាប្តីត្រូវបានស្លាប់បាត់បង់ជីវិត រីឯប្រពន្ធរបួសធ្ងន់កំពុងសង្រ្គោះបន្ទាន់។ 

 ក្រោយកើតហេតុ តាមការសន្និដ្ឋានរបស់សមត្ថកិច្ចបានឲ្យដឹងថា៖ អគ្គិភ័យខាងលើកើតឡើងដោយសារឆ្លងចរន្តអគ្គិសនី(ទុស្សេខ្សែភ្លើង)៕ដោយ៖ស្អាង ជ័យ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print