មន្ត្រីជាន់ខ្ពស់​ចិន៖ ព្រមាន​កោះ​តៃវ៉ាន់ មធ្យោបាយ​ហិង្សា ជា​ជម្រើស​ចុងក្រោយ

ចែករំលែក៖

ប្រទេសចិន៖ ​នាយ​ឧ​ត្ត​ម​សេនីយ៍ Li Zuocheng ប្រធាន​សេនាធិការដ្ឋាន​គណៈកម្មកា​រ​យោធា​មជ្ឈិម បាន​ព្រមាន​កោះ​តៃវ៉ាន់​ជាថ្មីចំៗ​ថាប្រសិនបើ​លទ្ធភាព​ដែល​ការបង្រួបបង្រួម​ដោយ​សន្តិភាព​បាត់បង់ កងទ័ព​ប្រជាជន រួមជាមួយ​ប្រទេស​ទាំងមូល នឹង​ចាត់វិធានការ​ចាំបាច់​ទាំងអស់​ដើម្បី​កម្ទេច​ផែនការ ឬ​សកម្មភាព​ផ្ដាច់ខ្លួន​ណាមួយ ​។ ដោយការ​ទុក​លទ្ធភាព​ប្រើ​កម្លាំងយោធា​ដើម្បី​សង្គ្រប់​តៃវ៉ាន់​នេះ មិនមែនជា​រឿង​ថ្មី​ឡើយ​។ ប៉ុន្តែ​តៃវ៉ាន់​ហាក់​ធ្វើ​ឲ្យ​ប៉េកាំង​កាន់តែ​អស់​ការអត់ធ្មត់​ឡើងៗ ជាមួយនឹង​ការ​ទោរទន់​ទៅរក​ការផ្ដាច់​ខ្លួន ពិសេស​ក្រោម​ការដឹកនាំ​របស់​ប្រធានាធិបតី Tsai Ing-wen ដែល​ឈានដល់​អាណត្តិ​ទី​ពីរ​។ នេះ​បើតាម​ការផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន Reuters ។​

មន្ត្រីជាន់ខ្ពស់​ចិន​ទាំង​ស៊ីវិល ទាំង​យោធា «​យើង​មិនបាន​សន្យា​មិន​ប្រើ​កម្លាំង​ទ័ព​ឡើយ ហើយ​រក្សា​សិទ្ធិ​ប្រើ​ជម្រើស​ទាំងអស់​ដើម្បី​រក្សា​ស្ថិរភាព និង​គ្រប់គ្រង​ស្ថានការណ៍​នៅ​ច្រក​សមុទ្រ​តៃវ៉ាន់​។​» នេះ​ជាការ​បញ្ជាក់​របស់លោក Li ដែលជា​មន្ត្រី​យោធា​ម្នាក់​ក្នុងចំណោម​មេទ័ព​ចិន​ដែលមាន​បទពិសោធ​ធ្វើសង្គ្រាម​។ លោក Li ជា​មេទ័ព​ដែល​ធ្វើសង្គ្រាម​ព្រំដែន​ជាមួយ​វៀតណាម​នៅ​ឆ្នាំ​១៩៧៩ ។ នេះ​ក៏​ជា​រឿង​កម្រ​មាន​ដែល​មេទ័ព​ចិន​កំពុងកាន់​តំណែង និយាយ​ពី​ការប្រើ​កម្លាំងបាយ​បែបនេះ​។​

​សូមជម្រាជថា នៅ​ថ្ងៃទី​២៩ ខែឧសភា ចិន​បានធ្វើ​ពិធី​រំឭក​ខួប​ទី​១៥​ឆ្នាំ​ការបង្កើត​ច្បាប់​ប្រឆាំង​ការផ្ដាច់​ខ្លួន ដែល​បង្កើត​ដើម្បី​បើកផ្លូវ​ដល់​ការប្រើប្រាស់​កម្លាំងយោធា​ក្នុងការ​វាយ​ដណ្ដើម​កោះ​តៃវ៉ាន់​មក​គ្រប់គ្រង​វិញ ប្រសិនបើ​មាន​សញ្ញា​បង្ហាញថា តៃវ៉ាន់​ផ្ដាច់ខ្លួន ឬ​ប្រុង​ធ្វើបែបនេះ​។ ឆ្លៀតឱកាស​នេះ ឧ​ត្ត​ម​សេនីយ៍​ជាន់ខ្ពស់​ចិន និង​ប្រធានសភា​ប្រជាជន​ចិន ក៏​ផ្ញើ​សារ​ព្រមាន​តៃវ៉ាន់​ជាថ្មីទៀត​ពី​ជំហរ​ម៉ឺងម៉ាត់​របស់​ប៉េកាំង​ក្នុង​ការប្រើ​កម្លាំងបាយ​។

​ក្នុង​កម្មវិធី​ដដែល លោក Li Zhansu ប្រធានសភា​ប្រជាជន​ចិន ក៏បាន​រំឭក​តៃវ៉ាន់​ដែរ​ថា មធ្យោបាយ​ហិង្សា ជា​ជម្រើស​ចុងក្រោយ​។ ប៉ុន្តែ​លោក Li ដែលជា​មន្ត្រី​លំដាប់​ទី​បី​ក្នុង​ជួរ​ថ្នាក់ដឹកនាំ​ចិន លើកឡើងថា បើ​ឱកាស​អនុវត្ត​មធ្យោបាយ​សន្តិភាព​នៅមាន​តែ​បន្តិច​នោះ ចិន​នឹង​ព្យាយាម​រាប់រយ​ដង​ដើម្បី​សម្រេច​ឲ្យ​បាន ហើយ​ឆ្លៀត​បន្ថែមថា ផ្លូវ​ទៅកាន់​ឯករាជ្យ​តៃវ៉ាន់ ជា​ផ្លូវ​ទាល់​។​

​យ៉ាងណាមិញ លទ្ធភាព​ដែល​សង្គ្រាម​នៅ​ច្រក​តៃវ៉ាន់​អាច​ផ្ទុះឡើង​នោះ នឹង​មិនអាច​កើតឡើង​ឆាប់ៗ​ឡើយ​។ ទោះ​មិន​ពេញចិត្ត​រដ្ឋាភិបាល​តៃវ៉ាន់​របស់​ប្រធានាធិបតី Tsai Ing-wen ក្ដី ចិន​ក៏ត្រូវ​គិតគូរ​ពី​ផលប៉ះពាល់​លើ​គ្រប់​វិស័យ និង​មុខមាត់​របស់ខ្លួន​ក្នុងនាម​ជា​មហាអំណាច​មួយ​ដែរ​។ ម្យ៉ាងទៀត តៃវ៉ាន់ ក៏មាន​ខ្នងបង្អែក​ដ៏​ធំ​មួយ​ដែរ គឺ​អាមេរិក ដែលមាន​ចំណង​ផ្លូវច្បាប់​ក្នុងការ​ផ្ដល់ជំនួយ​ឲ្យ​តៃវ៉ាន់​ដើម្បី​ការពារ​ខ្លួន​៕ដោយ៖ស តារា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print