កាលពីថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៦ ក្រុមអាល់កៃដា (AQIM) បានបង្ហាញអត្តសញ្ញាណសកម្មប្រយុទ្ធរបស់ខ្លួន៣នាក់ ជាអ្នកទទួលខុសត្រូវនៅក្នុងការវាយប្រហារក្នុងរដ្ឋធានី Ouagadougou ប្រទេស Burkina Fasoកាលពីចុងសប្តាហ៍មុន បណ្តាលឲ្យមនុស្ស២៩នាក់បាត់បង់ជីវិត ។
ខ្មាន់កាំភ្លើងរបស់ក្រុមអិស្លាមជ្រុលនិយមបានឡោមព័ទ្ធ និងសម្រុកវាយប្រហារទៅលើភោជនីយដ្ឋាន Cappuccinoនិងសណ្ឋាគារ Splendidកាលពីយប់ថ្ងៃសុក្រ សប្តាហ៍មុន ស្វែងរកជនស្បែកស រួចបាញ់សម្លាប់។ ក្នុងចំណោមជនរងគ្រោះដែលបាត់បង់ជីវិតទាំង២៩នាក់ រួមមានជនជាតិBurkina ៨នាក់, កាណាដា៦នាក់, អ៊ុយក្រែន៣នាក់ និងជនជាតិបារាំង២នាក់ផងដែរ ។
ក្រុមស៊ើបការណ៍សម្ងាត់ (SITE) បានបញ្ជាក់ថា ក្រុមភេរវកម្ម(AQIM) បានចេញសេចក្តីប្រកាសព័ត៌មានមួយ ដោយបានបញ្ជាក់ថា សកម្មប្រយុទ្ធរបស់ខ្លួន៣នាក់ ដែលមានឈ្មោះ al-Battar al-Ansari, Abu Muhammad al-Buqali al-Ansari និងឈ្មោះ Ahmed al-Fulani al-Ansari ជាអ្នកទទួលខុសត្រូវក្នុងការវាយប្រហារខាងលើនេះ ។
នៅតាមដងផ្លូវនានាក្នុងទីក្រុង Ouagadougou កាលពីថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៦ មានសភាពស្ងាត់ជ្រងំខុសប្លែកពីធម្មតា ដោយសារតែការភ័យខ្លាចអំពីការវាយប្រហារពីក្រុមជីហាដនិយមជ្រុលនោះ ដែលកំពុងញាំញីសន្តិសុខយ៉ាងខ្លាំងនោះ ។ ក្រុម AQIM បានប្រកាសទទួលស្គាល់ផងដែរ ការវាយប្រហារស្រដៀងគ្នានេះទៅលើសណ្ឋាគារ Radisson Blu នៅក្នុងទីក្រុង Bamakoប្រទេសម៉ាលី កាលពីខែវិច្ឆិកា ឆ្នាំ២០១៥ បណ្តាលឲ្យមនុស្ស២០នាក់បាត់បង់ជីវិតផងដែរ ។
រដ្ឋាភិបាល BurkinaFaso ទើបតែបង្កើតរដ្ឋាភិបាលថ្មី ប៉ុន្មានថ្ងៃមុននេះប៉ុណ្ណោះ បន្ទាប់ពីជាប់គាំងជាយូរឆ្នាំ និងហែកហួរដោយអំពើអស្ថិរភាពនោះ ។ រដ្ឋាភិបាលនេះបានប្រកាសកាន់ទុក្ខទូទាំងប្រទេសរយៈពេល៣ថ្ងៃចំពោះអំពើវាយប្រហារភេរវកម្មខាងលើនេះ ។
សញ្ញាព្រួយបារម្ភអំពីក្រុមឧទ្ទាមអិស្លាមជ្រុលនិយមផ្សេងក៏បានកើតឡើងនៅក្នុងប្រទេស Burkina Faso តំបន់ជិតព្រំដែន ប្រទេសម៉ាលីនោះផងដែរ ។ វេជ្ជបណ្ឌិតអូស្ត្រាលីម្នាក់ រួមជាមួយភរិយារបស់គាត់ផងដែរ ត្រូវខ្មាន់កាំភ្លើងមិនស្គាល់អត្តសញ្ញាណចាប់ជំរិត ស្ថិតនៅភាគខាងជើងរបស់ប្រទេស ។
មនុស្សរាប់ពាន់នាក់បានចូលរួមក្នុងយុទ្ធនាការតាមប្រព័ន្ធទំនាក់ទំនងសង្គមហ្វេសប៊ុកដើម្បីទាមទារឲ្យមានការដោះលែងជនដែលត្រូវចាប់ជំរិតខាងលើនេះ ។
មេដឹកនាំរបស់ Burkina និងម៉ាលី បានយល់ព្រមធ្វើកិច្ចសហប្រតិបត្តិការជិតស្និទ្ធគ្នាបន្ថែមទៀតក្នុងប្រតិបត្តិការប្រយុទ្ធប្រឆាំងទៅលើក្រុមភេរវកម្មជីហាដនិយម ដោយក្នុងនោះប្រទេសទាំងពីរបានសន្យាចែករំលែកព័ត៌មានចារកម្ម និងរួមគ្នាដើរល្បាតការពារសន្តិសុខផងដែរ ។
ប្រធានាធិបតីប្រទេស Benin លោក Thomas Boni Yayi បានអញ្ជើដល់ប្រទេស Burkina ដើម្បីចូលរួមរំលែកទុក្ខជាមួយប្រធានាធិបតី Roch Marc Kabore និងបានថ្លែងថា អាហ្វ្រិកភាគខាងលិច នឹងបើកកិច្ចប្រជុំបន្ទាន់មួយដើម្បីពិភាក្សាទៅលើបញ្ហានេះ ៕
ប្រែសម្រួល៖ ថាច់ យ៉ាត