Breaking News ៖ បាតុកម្មហិង្សាកើតឡើង អាមេរិកត្រៀមកម្លាំងទាហានទប់ស្កាត់

ចែករំលែក៖

អាមេរិក៖ មន្ទីរបញ្ចកោណអាមេរិក បានស្នើដល់កម្លាំងទាហានត្រៀមលក្ខណះសម្រាប់ស្ថានភាពអាក្រក់បំផុត ដែលអាចកើតឡើង ខណៈបាតុកម្មបានកើតឡើងនៅគ្រប់ទិសទីក្នុងទឹកដីអាមេរិក ក្រោយជនជាតិស្បែកខ្មៅត្រូវប៉ូលិសអាមេរិកសង្កត់កដល់ស្លាប់។
កម្លាំងទាហានឈរជើងនៅទីតាំង Fort Braggភាគខាងជើង Carolina និងទីតាំង Fort Drum នៅញូវយ៉ក បានត្រៀមលក្ខណះរួចរាល់ សម្រាប់ទប់ស្កាត់ហេតុការណ៍ដ៏អាក្រក់កើតឡើង។សកម្មភាពខាងលើកើតឡើង ក្រោយ បាតុកម្ម បានផ្ទុះឡើងនៅគ្រប់ទិសទីក្នុងទឹកដី អាមេរិក ពាក់ព័ន្ធ ប៉ូលិសស្បែកស អាមេរិក សង្កត់ក ជនជាតិស្បែកខ្មៅរហូតដល់ស្លាប់នៅទីក្រុង Minneapolis។ នៅពេលនេះបាតុកម្មបានរាលដាលដល់ទីក្រុងញូវយ៉កហើយ។
ប៉ូលិសនៅទីក្រុង ញូវយ៉កក៏បានចាប់ខ្លួនបាតុករជាច្រើន នៅតំបន់Brooklyn កាលពីថ្ងៃទី ២៩ខែឧសភា ហើយកម្លាំងសន្តិសុខក៏បានបិទផ្លូវមួយចំនួនផងដែរ។ ក្រុមបាតុករ មានសកម្មភាពហិង្សា ដោយបានគប់ ដបទឹក ទៅលើកម្លាំងសន្តិសុខ។
នៅទីក្រុង Atlanta បាតុកម្មបង្កឲ្យមានភាពចលាចល ដោយបង្កឲ្យមានអគ្គិភ័យកើតឡើងនៅកណ្តាលទីក្រុង ជិត ទីស្នាក់ការព័ត៌មានCNN ។ រថយន្តជាច្រើនគ្រឿងត្រូវដុតបំផ្លាញ ក្នុងនោះមាន រថយន្តប៉ូលិសមួយគ្រឿងផងដែរ។ ក្រុមបាតុករបានវាយបំបែកកញ្ចក់ អគាររបស់ CNN និងហាងលក់ទំនិញនានា ក្នុងតំបន់ ។
នៅតំបន់ Minneapolis ដែលជាកន្លែងចាប់ផ្តើមនៃបាតុកម្ម មន្ត្រីក្នុងតំបន់បានសម្រេច ដាក់ទីក្រុងនេះក្នុងគ្រាអាសន្ន ចាប់ពីវេលាម៉ោង ២០ ដល់ម៉ោង៦ព្រឹកឈានចូលថ្ងៃទី៣០ ខែឧសភា ក្រោយពេលក្រុមបាតុករ ដុតបំផ្លាញស្នាក់ការប៉ូលិសក្នុងតំបន់។
លោក Paul Selman យុវជនស្បែកខ្មៅម្នាក់បានឲ្យដឹងថា«យើងត្រូវការសន្តិភាព ។ ឪពុកម្តាយ តាយាយ របស់យើង ពិតជាហត់នឿយខ្លាំងណាស់ ដែលត្រូវឃើញកូនចៅស្លាប់គ្រប់ពេលវេលា ។ ដូច្នេះ យើងចាំបាច់ត្រូវតែ ស្វែងរកអនាគតល្អជាងនេះ»។
ក្រៅពីនេះនៅរដ្ឋជាច្រើនទូទាំងអាមេរិក ក៏មានបាតុកម្មកើតឡើងដូចគ្នា ដោយក្រុមបាតុករបានស្រែកថា «គ្មានយុត្តិធម៌ គឺគ្មានសន្តិភាពនោះឡើយ »។ បាតុករខ្លះក៏បានលើកបដា ឲ្យបញ្ឈប់ការរើសអើងទៅលើក្រុមជនជាតិស្បែកខ្មៅ។
នៅទីក្រុងវ៉ាស៊ីនតោន ជិតសេតវិមានអាមេរិក ក៏បានបាតុកម្មកើតឡើងផងដែរ បង្ខំឲ្យកម្លាំងសន្តិសុខត្រូវបិទផ្លូវចូលទៅកាន់សេតវិមាន។ កម្លាំងសន្តិសុខ ក៏បានដាក់រនាំងការពារខ្លាចក្រុមបាតុករបង្កហិស្សា ៕

...

ដោយ៖ ធី រីណា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print