ប្រទេសជាសម្ព័ន្ធមិត្តដ៏សំខាន់របស់អាមេរិក គឺបារាំង អាល្លឺម៉ង់ និង អង់គ្លេស នៅថ្ងៃទី ៣០ ខែឧសភា បានថ្កោលទោសយ៉ាងខ្លាំង ដល់អាមេរិកដែលបានបញ្ជាប់ ការលើកលែងទណ្ឌកម្ម ដល់បណ្តាប្រទេសចុះកិច្ចព្រមព្រៀងបរមាណូជាមួយអុីរ៉ង់ កាលពីឆ្នាំ២០១៥។
នៅក្នុងសេចក្តីប្រកាសរួម ប្រទេសទាំង៣ បានបង្ហាញការសោកស្តាយយ៉ាងខ្លាំង ពីការសម្រេចរបស់អាមេរិក ។ កិច្ចព្រមព្រៀង បរមាណូទទួលបានការគាំទ្រពីអង្គការសហប្រជាជាតិ ដើម្បីធានាដល់ គោលដៅ មិនរីកសាយភាយអាវុធបរមាណូ ក៏ដូចជាការធានាដល់សហគមន៍អន្តរជាតិ ពីតម្លាភាព និងសន្តិភាពក្នុងកម្មវិធីបរមាណូរបស់អុីរ៉ង់។
ចំណែកអុីរ៉ង់វិញ ក៏បានចេញសេចក្តីប្រកាស ថ្កោលទោសអាមេរិកយ៉ាងខ្លាំងដែលបាន បញ្ចប់ការលើកលែងទណ្ឌកម្មដល់ប្រទេសដែលនៅបន្តកិច្ចព្រមព្រៀងបរមាណូជាមួយអុីរ៉ង់។ ក្រុមអ្នកឯកទេសបានលើកឡើងថា សកម្មភាពរបស់អាមេរិកកំពុងតែជំរុញកិច្ចព្រមព្រៀងជាប្រវត្តិសាស្ត្ររវាងអុីរ៉ង់ និងប្រទេស៥+១ ត្រូវរលាយបាត់។
សូមបញ្ជាក់ថា ក្នុងចំណោមប្រទេសដែលបានចុះកិច្ចព្រមព្រៀងបរមាណូជាមួយអ៊ីរ៉ង់កាលពីឆ្នាំ ២០១៥ រួមមាន អាមេរិក ចិន រុស្ស៊ី បារាំងអង់គ្លេស និង អាល្លឺម៉ង់ ជាមួយអុីរ៉ង់ ។ ប៉ុន្តែ ប្រធានាធិបតីអាមេរិក ដូណាល់ត្រាំ បានដកអាមេរិក ចេញពីកិច្ចព្រមព្រៀងនេះ ។ ចំណែកប្រទេសផ្សេងទៀត ពិសេសគឺតំបន់អឺរ៉ុប នៅតែរក្សាកិច្ចព្រមព្រៀងនោះដដែល៕