វិបត្តិកូវីដ១៩ អាមេរិកមិនទាន់អាចគ្រប់គ្រងបានផង ក៏មានមហាបាតុកម្ម ក្លាយជាអំពើហិង្សា កើតឡើងនៅលើទឹកដីអាមេរិក ចំពេលកំពុងរាលដាលកូវីដ១៩ កាន់តែខ្លាំង។ នៅពេលនេះមានបាតុកម្មកើតឡើងនៅទីក្រុងជាង ២០ ក្នុងទឹកដីអាមេរិក ប្រឆាំងនិងការរើសអើងជាតិសាសន៍។ អាចនិយាយបានថាសង្គមអាមេរិក ស្ថិតនៅក្នុងដំណាក់កាលអាក្រក់បំផុត មិនធ្លាប់មាន។
វិវាទនៅខាងក្នុងមិនគ្រប់គ្រាន់ ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានបង្កឲ្យមានវិវាទកាន់តែខ្លាំងថែមទៀតពីខាងក្រៅ ដោយប្រទេសជាច្រើន ថ្កោលទោសយ៉ាងខ្លាំងដល់ប្រធានាធិបតីដូណាល់ ត្រាំ ប្រកាសឈប់ជំនួយដល់អង្គការសុខភាពពិភពលោក និងដកអាមេរិកចេញពីអង្គការនេះ។
ពាក់ព័ន្ធនិងបាតុកម្មនៅលើទឹកដីអាមេរិក នៅពេលនេះ មានមនុស្ស ៧នាក់រងការបាញ់ប្រហារ នៅតំបន់ Louisville រដ្ឋKentucky ពេលកំពុងមានភាពចលាចល។ក្នុងចំណោមអ្នកត្រូវគ្រាប់កាំភ្លើងមានម្នាក់ស្ថិតក្នុងសភាពគ្រោះថ្នាក់។ នៅពេលនេះគេមិនទាន់ដឹងថាកាំភ្លើងបាញ់ចេញពីទីណានោះឡើយ។ ភាគីប៉ូលិសបានបញ្ជាក់ថា ប៉ូលិសទប់ស្កាត់បាតុកម្មទាំងអស់មិនមានអ្នកណាផ្ទុះអាវុធនោះឡើយ ។
សារព័ត៌មាន CNN បានផ្សាយថា មកទល់ពេលនេះ កម្លាំងសន្តិសុខទីក្រុង Houston រដ្ឋតិចសាស អាមេរិកបានចាប់ខ្លួនបាតុករជាង ២០០នាក់ដែលបង្កអំពើហិង្សា។ តាមការលើកឡើងរបស់កម្លាំងប៉ូលិស បាតុករដែលបានចាប់ខ្លួននឹងត្រូវចោទប្រកាន់ទោស ពីបទបំផ្លាញសន្តិសុខសណ្តាប់ធ្នាប់ក្នុងសង្គម។ ប៉ូលិស៤នាក់ រងរបួស ក្នុងពេល ប៉ះទង្គិចជាមួយក្រុមបាតុករ។ ក្រៅពីនេះរថយន្តប៉ូលិស ៨គឿង រងការបំផ្លាញពីក្រុងបាតុករ ផងដែរ។
នៅទីក្រុងMinneapolis ក៏បានបាតុករ៥០នាក់ត្រូវបានចាប់ខ្លួនផងដែរ ។ ក្នុងរយៈពេល៣ថ្ងៃផ្ទុះបាតុកម្ម ហាងលក់ទំនិញ ផ្សារទំនើបដល់ទៅ១៧០កន្លែងរងការបំផ្លាញ បាតុករចូលយកឥវ៉ាន់ក្នុងផ្សារ ទាំងយប់។
បាតុកម្មនៅតែបន្តកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ មិនដឹងថាពេលណានឹងបញ្ចប់នោះឡើយ។នៅពេលនេះ អាមេរិកបានត្រៀមកម្លាំងទាហាន ដើម្បីទប់ទល់និងស្ថានភាពហិង្សា បង្កឡើងដោយក្រុមបាតុករ ។ ក្រុមអ្នកជំនាញបានលើកឡើងថា បាតុកម្មបែបអាចធ្វើឲ្យអ្នកឆ្លងកូវីដ១៩ នៅអាមេរិក កាន់តែកើនឡើងខ្ពស់ ថែមទៀត ខណៈវ៉ាក់សាំងការពារនៅមិនទាន់ផលិតបាននៅឡើយទេ។
មួយវិញទៀតអាមេរិកដកខ្លួនចេញពីអង្គការWHO ប៉ះពាល់យ៉ាងខ្លាំង ដល់សកម្មភាពផលិតថ្នាំព្យាបាលកូវីដ១៩។ សហគមន៍អន្តរជាតិបានថ្កោលទោសយ៉ាងខ្លាំង ដល់សកម្មភាពរបស់ប្រធានាធិបតីអាមេរិក ក្នុងពេលដែល WHO កំពុងខិតខំជួយមនុស្ស ប្រឆាំងការឆ្លងកូវីដ១៩៕