អាមេរិក៖ បាតុកម្មនៅអាមេរិក ក្លាយជាហិង្សារាលដាល់ដល់ទីក្រុងជាច្រើន។ មកទល់ពេលនេះមានទីក្រុងជាង៤០ ក្នុងនោះមានទីក្រុងវ៉ាស៊ីនតោន បានចេញបញ្ជាអនុវត្តច្បាប់អាសន្ន ដើម្បីគ្រប់គ្រងស្ថានភាព ក៏តឹងតែង។
ក្រោយការស្លាប់របស់ George Floyd ដោយស្នាដៃប៉ូលិសអាមេរិក បានជំរុញឲ្យមានបាតុកម្មទ្រង់ទ្រាយធំកើតឡើង ទូទាំងអាមេរិក ហើយក្លាយទៅជាអំពើហិង្សា។នៅពេលនេះកម្លាំងសន្តិសុខជាង ៥ពាន់នាក់ ដាក់ដាក់ពង្រាយការពារទីក្រុងវ៉ាស៊ីនតោន និង រដ្ឋចំនួន ១៧ផ្សេងទៀតនៅអាមេរិក។ ជាមួយគ្នានេះមានទីក្រុង ជាង៤០ត្រូវបានប្រកាសអាសន្ន។ ចាប់តាំងពីថ្ងៃទី២៨ ខែឧសភា មកទល់ពេលនេះ ប៉ូលិសបានចាប់ខ្លួនបាតុករ២៥០០នាក់ ។
កន្លងមក ក្រុមបាតុករបានបានឡោមព័ទ្ធសេតវិមាន ធ្វើឲ្យប្រធានាធិបតី ដូណាល់ ត្រាំ ត្រូវភៀសខ្លួនទៅកាន់រូងក្រោមដី ដើម្បីមានសុវត្ថិភាព ។
សារព័ត៌មានCNN បានផ្សាយថា ៖ ប្រធានាធិបតីដូណាល់ ត្រាំ បានជម្លៀសចូលទៅកាន់រូងក្រោមដីក្នុងរយៈពេលខ្លី ក្រោយបាតុករឡោមព័ទ្ធ សេតវិមាន។ ប្រធានាធិបតីដូណាល់ ត្រាំបានស្នាក់នៅរូងក្រោមដី រយៈពេល ១ម៉ោង ប៉ុន្តែគេមិនបានដឹងថា ៖ ភរិយារបស់លោក Melania Trump និងកូនប្រុសបានបញ្ជូនទៅកាន់រូងក្រោយដីដែរឬទេ។
នៅពេលនេះចលនាបាតុកម្មរបស់ក្រុមជនជាតិស្បែកខ្មៅ ដែលមានឈ្មោះថា«ខ្ញុំមិនអាចដកដង្ហើមបាន» បានរាលដាលដល់ប្រទេសអង់គ្លេសហើយ ។
កាលពីថ្ងៃទី៣១ ខែឧសភា ទីក្រុងឡុងដុង ប៉ូលិសបានចាប់ខ្លួនមនុស្ស២៣នាក់ ចូលរួមធ្វើបាតុកម្ម ប្រឆាំងសកម្មភាពប្រើហិង្សា លើជនជាតិស្បែកខ្មៅឈ្មោះ George Floyd នៅអាមេរិក។ សារព័ត៌មាន Daily Mail បានផ្សាយថា មានបាតុករ២៣នាក់ ត្រូវបានចាប់ខ្លួន ដោយបានបំពានច្បាប់ហាមប្រាម ក្នុងនោះមានទាំងគម្លាតសង្គម ទប់ស្កាត់ការឆ្លងកូវីដ១៩។
ប៉ូលិសទីក្រុងឡុងដុង បានឲ្យដឹងថា ៖ បាតុករដែលបានចាប់ខ្លួនត្រូវបានឃុំខ្លួនជាបណ្តោះអាសន្ន ចំណែកក្រុមបាតុករត្រូវបានបំបែក ។ កាលពីថ្ងៃទី៣១ ខែឧសភា ចាប់ពីវេលាម៉ោង ៨ព្រឹក ក្រុមជនជាតិស្បែកខ្មៅនៅអង់គ្លេស បានបង្ហាញពីការសាមគ្គី ជាមួយក្រុមជនជាតិស្បែកខ្មៅនៅអាមរិក ប្រឆាំងការរើសអើងជាតិសាសន៍។
បាតុកម្ម នៅអាមេរិកក៏ដូចជានៅមុខស្ថានទូតអាមេរិកនៅអង់គ្លេស ដោយបានលើកស្លាកបដាធំៗដោយមានអក្សរថា«ខ្ញុំមិនអាចដកដង្ហើមបាន» នោះជាពាក្យដែលលោក George Floyd និយាយទៅកាន់ប៉ូលិស ក្នុងពេលប៉ូលិសសង្កត់កជាប់ ធ្វើឲ្យគាត់មិនអាចដកដង្ហើមបាន៕
ដោយ៖ ធី រីណា