ខេត្ដកំពង់ធំ៖ ប្រជាពលរដ្ឋនិយាយថា រហូតមកទល់ពេលនេះល្បែងកន្ទុយលេខ នៅតែពង្វក់អាជីវករមួយចំនួននៅផ្សារ កំពង់ធំដោយមិនមានការថយចុះធ្វើឱ្យ ប្រជាពលរដ្ឋរិះគន់ថាជាការអសមត្ថភាព របស់អាជ្ញាធរក្រុងស្ទឹងសែនខេត្ដកំពង់ធំ ព្រោះតែការត្រូវរ៉ូវគ្នាជាប្រព័ន្ធជាមួយ សមត្ថកិច្ចបើកឱ្យមានបទល្មើសល្បែង កន្ទុយលេខនេះកើតឡើងយ៉ាងរលូនជារៀង រាល់ថ្ងៃ ។
គួរបញ្ជាក់ថា ផ្សារថ្មីកំពង់ធំស្ថិតនៅ សង្កាត់កំពង់ធំដែលមានចៅសង្កាត់និង នាយប៉ុស្ដិ៍នគរបាលរដ្ឋបាលកំពង់ធំនេះជាសមាជិកគណៈកម្មការរៀបចំសណ្ដាប់ធ្នាប់ និងសន្ដិសុខផ្សារនេះទៀតផង ប៉ុន្ដែផ្ទុយទៅ វិញល្បែងកន្ទុយលេខនៅតែបន្ដលេងនៅ នឹងមុខប៉ុស្ដិ៍តែម្ដង។
បើតាមប្រភពពីអាជីវករដែលមិន ញៀននឹងល្បែងកន្ទុយលេខបានប្រាប់អ្នក សារព័ត៌មានឱ្យដឹងថា ល្បែងកន្ទុយលេខ គឺគេលេងជារៀងរាល់ថ្ងៃជាពិសេសនៅ ផ្សារសេរីប៉ែកខាងក្រោយដោយមានអ្នក លេងតាំងពីអ្នកលក់កំប៉ិកកំប៉ុករហូតដល់អ្នកលក់ធំដុំ ។
អាជីវករខ្លះបានរិះគន់ថា សកម្មភាព ល្បែងកន្ទុយលេខនេះវាបង្ហាញចំពោះ សាធារណជនពីចំណុចខ្សោយរបស់សមត្ថ កិច្ចប្រចាំមូលដ្ឋានហើយល្បែងកន្ទុយលេខនេះមានការរីករាលដាលនិងបើកចំហ ជាងមុនបន្ទាប់ពីការបង្ក្រាបរួចម្ដងមក។
ប្រភពដដែលបានអះអាងថា មេកន្ទុយ លេខធំៗនៅផ្សារកំពង់ធំនេះបាននិយាយ ថា ក្រោយពីមានការបង្ក្រាបនោះគឺពួក គេបានត្រូវគ្នាជាមួយសមត្ថកិច្ចខ្លះនិង ស្ថាប័នពាក់ព័ន្ធអស់ហើយ។ ក្នុងនោះពួក គាត់សំណូមពរដល់លោកអភិបាលខេត្ដ កំពង់ធំបើមិនមានចំណាត់ការប្រកប ដោយតម្លាភាពនោះទេទង្វើលេងល្បែង កន្ទុយលេខនេះនឹងកាន់តែអាក្រក់ទៅនៅទី ប្រជុំជននិងជះឥទ្ធិពលប៉ះពាល់កាន់តែខ្លាំងទៅលើគោលនយោបាយភូមិ-ឃុំមាន សុវត្ថិភាពរបស់រាជរដ្ឋាភិបាល។
លោក វ៉ាន់ វិបុល នាយប៉ុស្ដិ៍នគរ បាលរដ្ឋបាលសង្កាត់កំពង់ធំធ្លាប់បានប្រាប់ អ្នកសារព័ត៌មានថា អ្នកលេងល្បែងនិងអ្នក កត់ល្បែងកន្ទុយលេខទាំងនោះគឺលោកបាន ហៅមកធ្វើកិច្ចសន្យាអប់រំបញ្ឈប់អស់ ហើយ ។ ចំណែកលោក ញ៉ែម ឈុនលី អធិការនគរបាលក្រុងស្ទឹងសែនបានប្រាប់អ្នកសារព័ត៌មានថា លោកមិនបានដឹងរឿង នេះទេហើយកន្លងមកនៅក្នុងផ្សារនេះគឺ មានការបង្ក្រាបអស់ហើយៗលោកបាន ប្រគល់ការងារទៅឱ្យខាងប៉ុស្ដិ៍ជាអ្នកឃ្លាំ មើលនិងចំណាត់ការបង្ក្រាបឬទប់ស្កាត់ បទល្មើសល្បែងកន្ទុយលេខនេះហេតុនេះ លោកនឹងបញ្ជាទៅប៉ុស្ដិ៍ឱ្យចុះស្រាវជ្រាវ ករណីល្បែងកន្ទុយលេខនេះជាបន្ទាន់។
លោក ជូ សំអាន ស្នងការនគរបាល ខេត្ដកំពង់ធំនគរវត្ដមិនអាចរកការពន្យល់ បញ្ហាល្បែងស៊ីសងនេះបានទេនៅពេលនេះ ដោយទូរស័ព្ទរបស់លោកទាក់ទងមិនបាន៕
ដោយ៖ ប៊ុន រិទ្ធី